
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Apple, Facebook និង Amazon ។ AFP
កាលពីថ្ងៃអង្គារសហភាពអឺរ៉ុបបានចេញសេចក្តីព្រាងច្បាប់ថ្មី ដើម្បីទប់ទល់នឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google Amazon និង Facebook ដែលសុទ្ធជាក្រុមហ៊ុនបច្ចេកវិទ្យាមានអំណាចខ្លាំងជាងគេ ក្នុងការទប់ស្កាត់សុវត្ថិភាព និងសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសក្នុងតំបន់។
សេចក្តីព្រាងច្បាប់នេះមានឈ្មោះថា ច្បាប់ស្ដីពីការទទួលខុសត្រូវលើសេវាកម្មឌីជីថល (DSA) និងទីផ្សារឌីជីថល (DMA) បានគូសបញ្ជាក់ពីបទប្បញ្ញត្តិយ៉ាងជាក់លាក់ និងកម្រិតអំណាចរបស់ក្រុមហ៊ុនអ៊ីនធឺណិតពិភពលោកក្នុងទីផ្សារអឺរ៉ុប។ ក្រុមហ៊ុនទាំងនោះរួមមាន Google Apple Amazon Facebook និងក្រុមហ៊ុនដទៃទៀត ដែលអាចប្រឈមនឹងការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ប្រសិនបើបំពានច្បាប់។
អ្នកស្រី Margrethe Vestager ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកបញ្ហាការប្រកួតប្រជែង និងជាប្រធានផ្នែកឌីជីថលសហភាពអឺរ៉ុបបានធ្វើបទបង្ហាញពីសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីមាតិកាមួយចំនួននៃច្បាប់ថ្មីនេះត្រូវបានបែកធ្លាយលើប្រព័ន្ធផ្សព្វផ្សាយមុន ១ ថ្ងៃ។
អ្នកស្រីបាននិយាយថា សេចក្តីព្រាងច្បាប់សម្រាប់ប្លុកអឺរ៉ុបនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ពោលគឺធ្វើយ៉ាងណាឱ្យ «មានសណ្តាប់ធ្នាប់ល្អ» និងធ្វើឱ្យប្រសើរឡើងនូវ «ការគ្រប់គ្រងសុវត្ថិភាពលើអ៊ីនធឺណិត» ក្នុងទីផ្សារអនឡាញនេះ។ ច្បាប់ស្ដីពីសេវាកម្មឌីជីថល និងទីផ្សារឌីជីថលនឹងបង្កើតសេវាកម្មដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុតក្នុងការការពារសេរីភាពនៃការបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត។
សហភាពអឺរ៉ុបបានឱ្យដឹងថា អ្នកដែលប្រព្រឹត្តខុសនឹងច្បាប់នេះនឹងត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ១០% នៃចំណូលរបស់ពួកគេ (បើសិន ក្នុងករណីក្រុមហ៊ុន Google អាចស្មើនឹង ១៦ ពាន់លានដុល្លារក្នុងករណីធ្ងន់ធ្ងរបំផុត ឬអាចនឹងប្រឈមការក្ស័យធនផងដែរ។
សហភាពអឺរ៉ុបក៏បានស្នើឱ្យមានការពិន័យក្រុមហ៊ុនទាំងនេះដល់ ៦% នៃប្រាក់ចំណូល ឬហាមឃាត់មិនឱ្យក្រុមហ៊ុនទាំងនេះចូលក្នុងទីផ្សារអឺរ៉ុបទៀតផងក្នុងករណីមានការរំលោភបំពានច្បាប់ធ្ងន់ធ្ងរម្តងហើយម្តងទៀត ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ពលរដ្ឋអឺរ៉ុប។
ច្បាប់ស្ដីពីសេវាកម្មឌីជីថល និងទីផ្សារឌីជីថលបានកំណត់លក្ខខណ្ឌតឹងរ៉ឹងជាច្រើនលក្ខខណ្ឌសម្រាប់ការធ្វើជំនួញនៅក្នុងប្រទេសចំនួន ២៧ របស់សហភាពអឺរ៉ុប ខណៈដែលអាជ្ញាធរអឺរ៉ុបមានគោលបំណង ទប់ស្កាត់ការរីករាលដាលនៃការផ្សាយព័ត៌មានមិនពិត និងការវាយប្រហារតាមរយៈពាក្យសម្ដីលើអ៊ីនធឺណិត និងការកាន់កាប់ទីផ្សារផ្ដាច់មុខក្នុងទីផ្សារអឺរ៉ុបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងអស់នេះផងដែរ។
មនុស្សជំនិតរបស់គណៈកម្មការសហភាពអឺរ៉ុបបាននិយាយថា ក្រុមហ៊ុនចំនួន ១០ កំពុងត្រូវបានគេកំណត់ជាគោលដៅក្នុងការអនុវត្តច្បាប់ នេះ និងកំពុងតែប្រកួតប្រជែងខ្លាំងក្លាក្នុងទីផ្សារអឺរ៉ុប ដែលច្បាប់នេះនឹងមាននូវបទប្បញ្ញត្តិជាក់លាក់ ដើម្បីកំណត់អំណាចរបស់ពួកគេក្នុងការកាន់កាប់ទីផ្សារទាំងនេះ។
ក្រុមហ៊ុនដែលអាចត្រូវគេរឹតបន្តឹងបទប្បញ្ញត្តិ រួមមាន ក្រុមហ៊ុនអាមេរិកដូចជាក្រុមហ៊ុន Facebook ក្រុមហ៊ុន Google ក្រុមហ៊ុន Amazon ក្រុមហ៊ុន Apple ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន SnapChat និងក្រុមហ៊ុនធំៗរបស់ចិនដូចជាក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Bytedance ព្រមទាំងក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុន Booking.com របស់ប្រទេស Netherlands ផងដែរ។
សំណើសេចក្ដីព្រាងច្បាប់នេះនឹងត្រូវឆ្លងកាត់ដំណើរការផ្តល់សច្ចាប័នវែងឆ្ងាយ និងស្មុគស្មាញទៀតដោយមានរដ្ឋចំនួន ២៧ របស់សហភាពអឺរ៉ុប សភាអឺរ៉ុប ព្រមទាំងការចរចារវាងក្រុមហ៊ុន សមាគមពាណិជ្ជកម្មមុននឹងមានការអនុម័តច្បាប់ចុងក្រោយជាផ្លូវការ។
យ៉ាងណាមិញចំពោះច្បាប់សេវាកម្មឌីជីថលគឺជាមធ្យោបាយមួយដើម្បីផ្តល់ឱកាសកាន់តែច្រើនជាងមុនសម្រាប់ឱ្យគណៈកម្មាធិការអឺរ៉ុបស្វែងរកវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមណាដែលបានអនុញ្ញាតឱ្យមាតិកាខុសច្បាប់តាមអ៊ីនធឺណិតដូចជា ការឃោសនាជ្រុលនិយម ការវាយប្រហារតាមរយៈពាក្យសម្ដីព័ត៌មានមិនពិត និងរូបភាពអាសអាភាសរបស់កុមារផងដែរ។
តាមរយៈច្បាប់ទីផ្សារឌីជីថលសហភាពអឺរ៉ុបកំពុងព្យាយាមផ្តល់អំណាចថ្មីដល់ទីក្រុងប្រ៊ុចសែល ដើម្បីអនុវត្តច្បាប់នៃការប្រកួតប្រជែងឱ្យបានលឿន និងជំរុញឱ្យមានតម្លាភាពកាន់តែខ្លាំងនៅក្នុងក្បួនដោះស្រាយ និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន។ ច្បាប់នេះត្រូវបានរចនាឡើងដើម្បីធ្វើបច្ចុប្បន្នភាពច្បាប់ដែលមានស្រាប់តាំងពីឆ្នាំ ២០០៤ តាំងពីពេលដែលក្រុមហ៊ុនអ៊ីនធឺណិតធំៗជាច្រើនសព្វថ្ងៃមិនទាន់មានវត្តមាននៅឡើយ។
អ្នកស្រី Karen Bhatia ប្រធានកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Google បាននិយាយថា៖ «យើងនឹងសិក្សាដោយយកចិត្តទុកដាក់នូវសំណើរបស់គណៈកម្មការអឺរ៉ុបក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខ។ ទោះយ៉ាងណាក្ដីយើងមានការព្រួយបារម្ភថា ពួកគេហាក់ដូចជាផ្តោតសំខាន់ទៅលើក្រុមហ៊ុនមួយក្តាប់តូចប៉ុណ្ណោះ»។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook បាននិយាយថា បទប្បញ្ញត្តិដែលបានស្នើឡើង «កំពុងនៅផ្លូវត្រូវហើយក្នុងការជួយថែរក្សាអត្ថប្រយោជន៍របស់អ៊ីនធឺណិត» និងបានទទូចថា ក្រុមហ៊ុនកំពុងទន្ទឹងរង់ចាំ «ការចូលរួមជាមួយសមាជិកសភាសហភាពអឺរ៉ុបនាពេលឆាប់ៗ»។
ក្រុមហ៊ុននេះក៏បាននិយាយសំដៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ដោយទទូចថា ខ្លួនចង់ឱ្យច្បាប់ជួយកំណត់ព្រំដែនសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ផង ដើម្បីធ្វើយ៉ាងណាកុំឱ្យក្រុមហ៊ុននេះធ្វើអ្វីប៉ះពាល់ដល់សិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់។
ក្រុមសកម្មជន Avaaz បាននិយាយថា ច្បាប់នេះបង្ហាញពី «សកម្មភាពក្លាហាន និងស្វាហាប់» ប៉ុន្តែបានស្នើឱ្យទីក្រុងប្រ៊ុចសែលអនុវត្តច្បាប់នេះឱ្យបានពេញលេញ និងប្រាកដប្រជាបំផុត។
ប្រធានផ្នែកច្បាប់លោក SarahA ndrew បាននិយាយថា៖ «នេះ គឺជាក្របខ័ណ្ឌដ៏រឹងមាំមួយហើយសហគមន៍អឺរ៉ុបមានគុណតម្លៃខ្ពស់ និងប្រជាធិបតេយ្យក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាដែលបង្កឡើង វេទិកាបណ្ដាញសង្គមនានាដើម្បីគ្រប់គ្រងកំណត់ការឈានដល់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការពារសេរីភាពបញ្ចេញមតិរបស់អ្នកប្រើប្រាស់»។
សមាជិកសភាអឺរ៉ុបលោក David Cormand ដែលជាសមាជិកគណៈកម្មាធិការទីផ្សារបាននិយាយថា ច្បាប់នេះគឺជា «ជំហានឆ្ពោះទៅរកទិសដៅត្រឹមត្រូវ» ប៉ុន្តែខ្វះមហិច្ឆតាក្នុង «ការទទួលបានអំណាចលើសេវាកម្មឌីជីថលរបស់ខ្លួនបន្ដិច»៕