
ពលរដ្ឋមីយ៉ាន់ម៉ាចេញមកតវ៉ានឹងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ។ រូបថត AFP
សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ កន្លងទៅ បានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ាចំនួន ១០ នាក់ និងក្រុមហ៊ុនចំនួន ២ ដែលពាក់ព័ន្ធនឹងរបបយោធា បណ្ដាលឱ្យមានរដ្ឋប្រហារ និងការបង្ហូរឈាមទៅលើក្រុមបាតុករនៅក្នុងប្រទេសនេះ។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានឱ្យដឹងថា អង្គភាពទាំង ២ រួមមានក្រុមហ៊ុន Myanmar Economic Holdings Public Company Limited (MEHL) និង Myanmar Economic Corporation Limited (MEC) ដែលជាក្រុមហ៊ុនគ្រប់គ្រង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ហើយក៏រកប្រាក់ចំណូលឱ្យក្រុមនេះផងដែរ។
ដោយឡែកសម្រាប់បុគ្គលទាំង ១០ នាក់នោះនឹងត្រូវរាយនាមនៅក្នុងសេចក្ដីប្រកាសផ្លូវការរបស់សហភាពអឺរ៉ុប ដែលនឹងចូលជាធរមានចាប់ពីពេលផ្សាយចេញនេះតទៅ។ មកដល់ពេលបច្ចុប្បន្នមានបុគ្គលប្រមាណ ៣៥ នាក់ហើយ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានចូលក្នុងបញ្ជីទណ្ឌកម្មរបស់ប្លុកសហភាពអឺរ៉ុបនេះ ដែលនឹងត្រូវហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ ជាដើម៕