ក្រុង​យ៉ាំងហ្គោន៖ កាល​ពី​ថ្ងៃ​ចន្ទ​ សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ ធ្វើ​តាម​​​​របាយការណ៍​មួយ​​របស់​គណៈកម្មាធិការ​អន្តរជាតិ​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ ដែល​​បាន​​ឃើញ​​អំពើ​​​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​កាល​ពី​ឆ្នាំ ​២០១៧​ កន្លង​ទៅ​។​

សហភាព​​អឺរ៉ុប​ដែល​មាន​​សមាជិក​ ​២៨ ប្រទេស​​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ​«​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​ ស្រប​ទៅ​តាម​ស្តង់ដា​អន្តរជាតិ​» ​​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ ដែល​បាន​រាយការណ៍​​ដោយ​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា​៖ «វិធានការ​គួរ​ឲ្យ​ជឿជាក់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យុត្តិធម៌ ​ដល់​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​នេះ​ ជា​ពិសេស​ដោយ​កងកម្លាំង​សន្តិសុខ​របស់​មីយ៉ាន់ម៉ា​»​។​

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា​៖ «យើង​សូម​ស្វាគមន៍​ចំពោះ​អនុសាសន៍​ ជុំវិញ​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ នៅ​ក្នុង​កងកម្លាំង​ការពារ​ជាតិ​មីយ៉ាន់ម៉ា​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឡើង​វិញ ​នៅ​ក្នុង​ប្រទេស​នេះ​»​។​

គណៈកម្មការ​នោះ​ បាន​ដឹកនាំ​ដោយ​អ្នក​ការ​ទូត​ជាន់​ខ្ពស់​ហ្វីលីពីន​ គឺ​លោក​ រូ​សារីអូ​ ម៉ាណាឡូ​ បាន​ថ្លែង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​មាន​កម្រាស់ ​៤៦១ ​ទំព័រ ​ថា​ អំពើ​​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន​ប្រព្រឹត្ត​នៅ​ក្នុង​យុទ្ធនាការ​យោធា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​កងកម្លាំង​ការពារ​រូហ៊ីងយ៉ា​អារ៉ាកាន​ (ARSA) នៅ​រវាង​ថ្ងៃទី ​២៥ ​ខែ​សីហា ​និង​ថ្ងៃទី ​៥ ​ខែ ​កញ្ញា ​ឆ្នាំ ​២០១៧​។​

គណៈកម្មការ​បាន​ថ្លែង​ថា​ យុទ្ធនាការ​សម្លាប់​អង្គាល ​៣ ​លើក​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​បង្ក្រាប​ទៅ​លើ​កម្លាំង ​ARSA៕ Myanmar Times/SK