១ ឆ្នាំបន្ទាប់ពីករណីដំបូងនៃវីរុសកូរ៉ូណាត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិក ប្រទេសនេះបានឈានដល់ករណីឆ្លងចំនួន ២៥ លាននាក់ហើយ។
ទិន្នន័យពីមជ្ឈមណ្ឌលធនធានវីរុសកូរ៉ូណារបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា សហរដ្ឋអាមេរិកបានឆ្លងកាត់តួលេខដ៏សោកសៅនេះត្រឹមព្រឹកថ្ងៃអាទិត្យ ទី ២៤ មករា។ ប៉ុន្តែតួលេខជាក់ស្ដែងអាចខ្ពស់ជាងនេះ ដោយសារមនុស្សជាច្រើនបានឆ្លង ប៉ុន្តែមិនដែលត្រូវបានធ្វើតេស្ត ដូច្នេះមិនត្រូវបានរាប់បញ្ចូល។
មកដល់ពេលនេះសហរដ្ឋអាមេរិកមានករណីច្រើនជាងទ្វេដងនៃករណីឆ្លងនៅឥណ្ឌាដែលជាប្រទេសជាប់លំដាប់ថ្នាក់ឆ្លងទី២ ក្នុងពិភពលោក។ មនុស្សជិត ៤២០ ០០០ នាក់នៅសហរដ្ឋអាមេរិកបានស្លាប់ ដោយសារវីរុសនេះ។ ចំនួននោះ គឺស្ទើរតែទ្វេដងនៃប្រទេសប្រេស៊ីល ដែលមានចំនួនអ្នកស្លាប់ចំនួន ២២០ ០០០ នាក់៕