កាល​ពី​ថ្ងៃ​ពុធ ទី ១៧ កុម្ភៈ ​សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​អ្នក​សរសេរ​កម្មវិធី​កុំព្យួទ័រ​កូរ៉េខាងជើង​ចំនួន ៣ នាក់ ​ទាក់ទង​នឹង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត។ ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត ​គឺ​មាន​គោល​បំណង​លួច​យក​ប្រាក់​ជាង ១,៣ ពាន់​លាន​ដុល្លារ ​ជា​ហិរញ្ញវត្ថុ​អេឡិចត្រូនិច​ពី​ធនាគារ និង​គោលដៅ​ផ្សេង​ទៀត។

ការ​ចោទ​ប្រកាន់​នេះ គឺ​ជា​ការ​ចោទ​បន្ថែម​ទៅ​លើ​បទ​ចោទ​ប្រកាន់​មុនៗ​របស់​បុរស​ទាំង ៣ នាក់​នេះ ​ដែល​បាន​លួច​ប្លន់​រូបិយប័ណ្ណ​អេឡិចត្រូនិក​នៅ​ប្រទេស​ស្លូវេនី និង​ឥណ្ឌូនេស៊ី។ ក្រុម​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ផង​ដែរ​ថា ​មាន​គោល​បំណង​វាយ​លុក​ចូល​ទៅ​ក្នុង​ប្រព័ន្ធ AMC Theatres និង​ក្រុមហ៊ុន​ភាពយន្ត​អង់គ្លេស Mammoth Screen។

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​កំណត់​គោលដៅ​លើ​ធនាគារ និង​ក្រុមហ៊ុន​រូបិយប័ណ្ណ​អេឡិចត្រូនិក​នៅ​អាមេរិក បង់ក្លាដែស អង់គ្លេស ម៉ិកស៊ិក ប៉ាគីស្ថាន និង​វៀតណាម៕