ប្រធានាធិ​បតី​អាមេរិកលោក ​Joe Biden ​បាន​ប្រកាស​ពី​គ្រោះ​មហន្តរាយ​នៅ​តំបន់​ជាច្រើន​នៃរដ្ឋ Texas។ រដ្ឋ Texas បានរង​គ្រោះ​ដោយព្យុះ​រដូវ​រងា​ធ្ងន់ធ្ងរ​ ដែលបាន​ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​គ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ ខណៈ​សីតុណ្ហភាព​កាន់តែ​ត្រជាក់​ខ្លាំង។

រដ្ឋបាល​លោក ​Biden ​បាន​ប្រកាស​ភាព​អាសន្ន​រួច​ហើយ​ក្នុងរដ្ឋ​ Texas​ រួមជា​មួយរដ្ឋ ​Oklahoma ​និង​ Louisiana។

នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​សេតវិមាន​លោក Biden ​បាន​និយាយថា​ លោកបាន​បញ្ជា​ឱ្យ​ផ្តល់​ជំនួយ​ទៅ​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នេះ​។

សេចក្តី​ថ្លែងការណ៍​បាន​សរសេរ​ថា​ ជំនួយ​ទាំងនោះ​មាន​ដូចជា​ជម្រក​បណ្តោះ​អាសន្ន​ការ​ជួសជុល​ផ្ទះ ប្រាក់​កម្ចី​មួយ​ចំនួន​ចំពោះ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ដែលមិន​មាន​ធានា​រ៉ាប់រង​និង​កម្មវិធី​ផ្សេងទៀត​ ដើម្បី​ជួយ​បុគ្គល​ និង​ម្ចាស់​អាជីវកម្ម​ដែល​ប៉ះពាល់​ដោយ​សារ​គ្រោះ​ធម្ម​ជាតិនេះ៕