កាលពី​ថ្ងៃអង្គារ ទី ២៥ ​ខែឧសភា​ កន្លង​ទៅ សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា​ មនុស្ស​ពេញវ័យ​ជាងពាក់កណ្តាល​នៃប្រជាជន​សរុប​បាន​ចាក់វ៉ាក់សាំង​កូវីដ​ប្រហែល ៦ ​សប្តាហ៍មុន​គោលដៅ​ដែលបាន​កំណត់។

ទីប្រឹក្សា​ជាន់ខ្ពស់​របស់សេតវិមាន​លោក​ Andy Slavitt​ បាន​និយាយថា៖ «ឥឡូវនេះ​នៅសល់ ១ សប្តាហ៍ទៀត ជា​​សប្តាហ៍​ចុងក្រោយ​នៃ​ខែឧសភា ហើយ​មកដល់​ពេលនេះ​មាន​ប្រជាជន​ពាក់កណ្តាល​នៃ​មនុស្ស​ពេញវ័យ​សរុបបាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩»។

លោក Rochelle Walensky ​នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារជំងឺ​ឆ្លង​អាមេរិក (CDC) ​បាន​និយាយថា៖ «ខ្ញុំនៅតែ​មានការ​ប្រុងប្រយ័ត្ន​ ប៉ុន្តែសង្ឃឹមថា​ ករណីឆ្លង​នឹងនៅតែ​បន្តធ្លាក់​ចុះ»។

លោក​បាននិយាយ​បន្ថែមថា​ ប្រជាជនដែល​មិនទាន់បាន​​ចាក់វ៉ាក់សាំង​គួរ​ នៅតែ​អនុវត្ត​តាមការ​ណែនាំស្តី​ពី​ការរក្សាគម្លាត ​និង​ពាក់ម៉ាស់​។​ មនុស្ស​ដែលមាន​អាយុចាប់ពី ១២ ឆ្នាំ អាច​ចាក់វ៉ាក់សាំង​កូវីដ​ប្រភេទ Pfizer-BioNTech។

គួរបញ្ជាក់​ផងដែរថា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden បានកំណត់​ខែកក្កដា​ ជាគោលដៅ​ដែលមនុស្ស​​ពេញវ័យ​ប្រមាណ​ជាពាក់​កណ្តាល​នៃចំនួន​សរុបនៅ​សហរដ្ឋអាមេរិក​ទទួលបាន​ការ​ចាក់វ៉ាក់សាំង​ការពារ​កូវីដ ​១៩៕