កាលពីថ្ងៃសុក្រ ទី ១២ មីនា សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន ក្នុងកិច្ចប្រជុំកំពូល «Quad» បានប្ដេជ្ញាចែកចាយវ៉ាក់សាំងកូវីដ ១៩ ចំនួនរហូតដល់ ១ ពាន់លានដូសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកត្រឹមចុងឆ្នាំ ២០២២ ដែលការប្រកាសនេះត្រូវគេយល់ឃើញថា ជាការឆ្លើយតបនឹង «ការទូតវ៉ាក់សាំង» របស់ចិន។
ក្នុងសេចក្ដីថ្លែងការណ៍រួមមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នាយករដ្ឋមន្ត្រីជប៉ុនលោក YoshihideSuga នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធលើការចែកចាយវ៉ាក់សាំងកូវីដ ១៩ បញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខ។
ក្រុមប្រទេសទាំង ៤ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ជាមួយនឹងការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនចំពោះសុខភាព និងសុវត្ថិភាពរបស់ប្រជាជនយើង យើងក៏ទទួលស្គាល់ផងដែរថា គ្មាននរណាម្នាក់អាចមានសុវត្ថិភាពបានដរាបណាជំងឺរាតត្បាតនៅតែបន្តរីករាលដាល។ ដូច្នេះយើងនឹងសហការពង្រឹងការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។
ប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Jake Sullivan បាននិយាយថា៖ «Quad បានប្ដេជ្ញាចិត្តក្នុងការចែកចាយវ៉ាក់សាំងរហូតទៅដល់ ១ ពាន់លានដូសដល់អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងលើសពីនេះ ត្រឹមចុងឆ្នាំ ២០២២»។
រដ្ឋបាល Biden បាននិយាយថា Quad បានដាក់ចេញនូវយន្តការហិរញ្ញប្បទានមួយ ដើម្បីបង្កើនផលិតកម្មវ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌា។
សហរដ្ឋអាមេរិកតាមរយៈក្រុមហ៊ុនហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួន ជាមួយរដ្ឋាភិបាលជប៉ុន និងអូស្ត្រាលី នឹងផ្ដល់ហិរញ្ញប្បទានដើម្បីគាំទ្រក្រុមហ៊ុនឱសថឥណ្ឌា Biological E Ltd ក្នុងការពង្រីកសមត្ថភាពផលិតវ៉ាក់សាំង ដែលរួមមានវ៉ាក់សាំង Johnson & Johnson និង Novavax របស់អាមេរិកយ៉ាងហោចណាស់ ១ ពាន់លានដូសត្រឹមចុងឆ្នាំ ២០២២។
សេតវិមានបាននិយាយថា សមាជិក Quad នឹងធានាថាសមត្ថភាពការផលិត ដែលត្រូវបានពង្រីក គឺដើម្បីផលប្រយោជន៍ជាសកលតាមរយៈការផ្គត់ផ្គង់ជូនកម្មវិធីពហុភាគីដូចជាកម្មវិធី COVAX របស់ WHO ជាដើម។
COVAX គឺជាយន្តការសកលសម្រាប់ចែកចាយវ៉ាក់សាំងកូវីដ ១៩ ចំនួន ២ ពាន់លានដូសទៅ ៩៤ ប្រទេស ដែលមានប្រាក់ចំណូលទាប ឬកណ្ដាលត្រឹមចុងឆ្នាំនេះ ដោយកម្មវិធីនេះប្រើប្រាស់វ៉ាក់សាំងដែលរបស់ AstraZeneca /សាកលវិទ្យាល័យ Oxford ផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា។
សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីបានសន្យាផ្ដល់ថវិកាយ៉ាងហោចណាស់ចំនួន ៦០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការចែកចាយវ៉ាក់សាំងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយរួមទាំងសន្យាធ្វើការជាមួយ WHO ផងដែរ។
លោក Biden បានរងសម្ពាធក្នុងការឆ្លើយតបចំពោះ «ការទូតវ៉ាក់សាំង» របស់ទីក្រុងប៉េកាំងនៅពេលដែលលោកព្យាយាមចាក់វ៉ាក់សាំងការពារប្រជាជនអាមេរិកទាំងអស់ជាមុនសិន។ ប្រធានាធិបតីចិន លោក Xi Jingping បាននិយាយកាលពីខែឧសភា ឆ្នាំមុនថា វ៉ាក់សាំងរបស់ចិននឹងក្លាយជា «ផលិតផលសាធារណៈសកល»។
សារព័ត៌មាន AP បានរាយការណ៍ថា តាំងពីពេលនោះមក ប្រទេសចិន បានសន្យាផ្ដល់វ៉ាក់សាំងជាង ៥០០ លានដូសទៅប្រទេសចំនួន ៤៥។ អ្នកវិភាគមួយចំនួនគិតថា ការផ្ដល់វ៉ាក់សាំងទាំងនេះ គឺជាមធ្យោបាយមួយសម្រាប់ចិន ពង្រីកឥទ្ធិពលរបស់ពួកគេ។
«Quad» ឬកិច្ចសន្ទនាសន្តិសុខចតុភាគី គឺជាវេទិកាយុទ្ធសាស្ត្រក្រៅផ្លូវការរបស់ប្រទេសទាំង ៤ សម្រាប់ប្រទេសទាំង ៤ ដែលត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៧។ តាមរយៈវេទិកានេះប្រទេសទាំង ៤ បានបើកកិច្ចប្រជុំកំពូលជារឿយៗ និងធ្វើការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក។
បើទោះបីមិនមែនជាសម្ព័ន្ធមិត្តយោធាផ្លូវការដូចអង្គការណាតូ (NATO) «Quad» ត្រូវគេមើលឃើញថា អាចប្រឈមនឹងឥទ្ធិពល និងមហិច្ឆតាកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ «Quad» ត្រូវបានអ្នកវិភាគមួយចំនួនដាក់ងារថា «Asian NATO» ឬអង្គការណាតូអាស៊ី ដោយលើកឡើងថា Quad អាចនឹងរក្សាតុល្យភាពជាមួយចិនបាន ហើយមានសក្ដានុពលក្នុងការឡោមព័ទ្ធប្រទេសចិន បើសិនវេទិកាយុទ្ធសាស្ត្រ ក្លាយនេះជាសម្ព័ន្ធភាពយោធាផ្លូវការមួយ។
ប្រទេសទាំង ៤ មានទំនាក់ទំនងយ៉ាងច្របូកច្របល់ជាមួយចិន ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យមានការពង្រឹងចំណាប់អារម្មណ៍របស់ពួកគេនៅក្នុង «Quad»។
ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំទាំង ៤ បានយល់ព្រមធ្វើការដើម្បីធានាឱ្យបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ និងដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើសន្តិសុខផ្ទៃសមុទ្រ អ៊ីនធឺណិត និងសេដ្ឋកិច្ច។
លោក Biden បាននិយាយថា៖ «យើងកំពុងបន្តការប្ដេជ្ញាចិត្តរបស់យើង ដើម្បីធានាថាតំបន់របស់យើងត្រូវបានគ្រប់គ្រងដោយច្បាប់អន្តរជាតិ ប្ដេជ្ញាលើកស្ទួយគុណតម្លៃសកល និងគ្មានការបង្ខិតបង្ខំ»។
ការប្រជុំនៅថ្ងៃសុក្រនេះ បានធ្វើឡើងស្របគ្នានឹងសហរដ្ឋអាមេរិកកំពុងជំរុញការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនៅអាស៊ី និងអឺរ៉ុប ដើម្បីប្រឆាំងនឹងចិន។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនៅសប្ដាហ៍ក្រោយ។
ពេលត្រឡប់មកវិញ លោក Bliken នឹងចុះចតនៅរដ្ឋ Alaka ដើម្បីជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងទីប្រឹក្សារដ្ឋចិនលោក Yang Jiechi ដែលនេះជាការជួបប្រជុំដំបូងរវាងមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសទាំង ២ តាំងពីពេលលោក Biden ចូលកាន់ដំណែង៕