
វ៉ាក់សាំងកូវីដ ១៩ Pfizer ត្រូវបានគេឃើញនៅក្នុងបន្ទប់វ៉ាក់សាំងនៃអង្គការ Weingart East Los Angeles YMCA ក្នុងទីក្រុងឡូសអេនជឺឡេសនៃរដ្ឋកាលីហ្វនីញ៉ា។ AFP
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Ong Ye Kung បានឱ្យដឹងកាលពីថ្ងៃអង្គារថា វ៉ាក់សាំង Pfizer-BioNTech ត្រូវបានគេអនុញ្ញាតឱ្យប្រើប្រាស់លើកុមារអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំហើយ។
គួរបញ្ជាក់ផងដែរថា វ៉ាក់សាំង Pfizer-BioNTech ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែលើបុគ្គលអាយុចាប់ពី ១៦ ឆ្នាំឡើងទៅប៉ុណ្ណោះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីក្រុមការងារចម្រុះក្រសួង លោក Ong បាននិយាយថា គណៈកម្មាធិការជំនាញស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ បានយល់ព្រមឱ្យប្រើប្រាស់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំឡើងទៅហើយ។
នេះគឺជាវ៉ាក់សាំងកូវីដដំបូងហើយ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្រុមអាយុនេះនៅប្រទេសសិង្ហបុរី។ ការប្រកាសនេះ ធ្វើឡើងក្រោយពេលរដ្ឋាភិបាលប្រកាសឱ្យស្ថាប័នអប់រំទាំងអស់ប្ដូរទៅរៀនតាមប្រព័ន្ទអនឡាញវិញ ចាប់ពីថ្ងៃពុធ ទៅដល់ថ្ងៃទី ២៨ ខែឧសភា ក្រោយរកឃើញសិស្សបឋមសិក្សាជាច្រើន បានឆ្លងជំងឺកូវីដ ១៩៕