The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេតវិមាន ​នឹង​មិន​សហការ​ធ្វើ​ការ​ស៊ើប​អង្កេត​​លើ​លោក ត្រាំ ​ទេ​

សេតវិមាន ​នឹង​មិន​សហការ​ធ្វើ​ការ​ស៊ើប​អង្កេត​​លើ​លោក ត្រាំ ​ទេ​

Content image - Phnom Penh Post
លោក​ ដូណាល់ ត្រាំ ថែ្ល​ងមុនប្រគល់​មេ​ដាយ​សេរីភាពជូនលោក Edwin Meese​។ AFP

សេតវិមាន ​នឹង​មិន​សហការ​ធ្វើ​ការ​ស៊ើប​អង្កេត​​លើ​លោក ត្រាំ ​ទេ​

ក្រុង​វ៉ាស៊ីនតោន៖ ​សេតវិមាន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​នឹង​​មិន​ធ្វើ​ការ​សហការ​​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​ពី​អំពើ​ក្បត់​ជាតិ​លើ​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ដែល​ដឹកនាំ​ដោយ​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ទេ​។

មេធាវី​សេតវិមាន​លោក Pat Cipollone ​បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​ប្រធាន​សភា​លោកស្រី​ Nancy Pelosi​ ដែល​បាន​ប្រកាស​ពី​ការ​ណែនាំ​អំពី​នីតិវិធី​ចោទ​ប្រកាន់​ពី​អំពើ​ក្បត់​ជាតិ​កាល​ពី​ថ្ងៃទី ​២៤​ ខែ ​កញ្ញា​ ថា៖​ «​​​​លោកស្រី​បាន​រៀបចំ​ និង​អនុវត្ត​​ការ​ស៊ើប​អង្កេត​របស់​លោកស្រី​ក្នុង​លក្ខណៈ​មួយ​ ដែល​រំលោភ​បំពាន​​ភាព​ត្រឹមត្រូវ​ជា​មូលដ្ឋាន​ និង​តម្រូវ​ឲ្យ​មាន​ដំណើរការ​ជាក់​ស្តែង ​ស្រប​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​»។

លិខិត​នោះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រធាន​គណៈកម្មាធិការ​ស៊ើប​អង្កេត​សភា​លោក ​Adam Schiff​ ប្រធាន​គណៈ​កម្មាធិការ​គ្រប់គ្រង​ និង​កំណែ​ទម្រង់​លោក ​Elijah Cummings ​និង​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​លោក ​Eliot Engel​។

លោក​ Cipollone បាន​ថ្លែង​ប្រាប់​ក្រុម​មេ​ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ថា ​ការ​អះអាង​ថា ​ការ​ស៊ើប​អង្កេត​ពី​ការ​ចោទ​ប្រកាន់​អំពើ​ក្បត់​ជាតិ​នោះ​រំលោភ​​រដ្ឋ​ធម្មនុញ្ញ​ គោលការណ៍​ច្បាប់ ​និង​អ្វីៗ​ដែល​ធ្លាប់​មាន​ពី​មុន​មក​នោះ ​និយាយ​ឲ្យ​ខ្លី​ទៅ​ ​លោក​អ្នក​ស្វះស្វែង​បដិសេធ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៦​ និង​ដក​ប្រធានាធិបតី​​របស់​ពលរដ្ឋ​អាមេរិក​ ដែល​ពួក​គេ​បាន​បោះឆ្នោត​ជ្រើសរើស​ដោយ​សេរី​នោះ​។​

លោក​មេធាវី​ បាន​និយាយ​ថា៖ ​«លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​និង​រដ្ឋការ​របស់​លោក​មិន​អាច​ចូលរួម​​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ដែល​ប្រកាន់​បក្ខពួក​ និង​មិន​ត្រឹមត្រូវ​រដ្ឋ​ធម្មនុញ្ញ​របស់​លោក​អ្នក​​នៅ​ក្រោម​កាលៈទេសៈ​ទាំង​នេះ​ទេ»។

កិច្ច​ប្រឹងប្រែង​របស់​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ ដើម្បី​ដក​ប្រធានាធិបតី ​ត្រាំ ​ចេញ​ពី​តំណែង​ បាន​កើត​ចេញ​ពី​ពាក្យ​បណ្តឹង​មួយ​របស់​អ្នក​ផ្តល់​ព័ត៌មាន​សម្ងាត់ ​ដែល​ត្រូវ​បាន​គេ​ដាក់​កាល​ពី​ថ្ងៃទី ​១២​ ខែ​សីហា​ ដោយ​បាន​ចោទ​ប្រកាន់​ថា​ លោក​ប្រធានាធិបតី​ បាន​ដាក់​សម្ពាធ​លើ​សមភាគី​អ៊ុយក្រែន ​លោក​​ Volodymyr Zelensky​ នៅ​ក្នុង​អំឡុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃទី ​២៥​ ខែ​កក្កដា ​ឲ្យ​ស៊ើប​អង្កេត​លើ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិប​តេយ្យ​លោក ​ជូ ​​បៃឌិន ​និង​កូន​ប្រុស គឺ​លោក ​ហាន់ធើ ​បៃឌិន និង​បញ្ហា​ជា​ច្រើន​ទៀត​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ទៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៦ ​នោះ៕ Xinhua/PSA

អត្ថបទគួរចាប់អារម្មណ៍