ក្រុងបេរូត: ក្រុម​អ្នកឃ្លាំមើល បាន​ឲ្យ​ដឹងថា កងទ័ព​គាំទ្រ​រដ្ឋាភិបាល​និង​ក្រុម​រដ្ឋ​អ៊ិស្លាម (IS) បាន​ចុះ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​នៅ​ក្នុង​ក្រុង​ដាម៉ាស​ភាគ​ខាងត្បូង​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​នៅ​ក្នុង​តំបន់​ឈរ​ជើង​ដ៏​រឹងមាំ ចុង​ក្រោយ​របស់​ក្រុម​ជីហាដ​នៅ​ក្នុង​រដ្ឋធានី​នៅ​ស៊ីរី។

កាលពី​ខែ​មុន ​របប​របស់​ប្រ​ធានាធិបតី បា​សារ អាល់អាសាដ បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​មួយ​ប្រឆាំង​ក្រុម IS នៅ​ក្នុង​សង្កាត់ Hajar al-Aswad នៅ​ក្នុង​ក្រុង​ដាម៉ាស និង​ជំរំ​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន Yarmuk។ ការ​ប៉ះ​ទង្គិច​គ្នា បាន​បង្ក​ការ​បាត់​បង់​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ភាគី​ទាំង​សង​ខាង។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី (SOHR) មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ឲ្យ​ដឹងថា៖ «កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​នោះ បាន​ចូល​ជា​ធរមាន​ពាក់​កណ្តាល​នៅ​ថ្ងៃ​នេះ និង​មាន​រយៈពេល ៥ ម៉ោង​ហើយ»។

ប្រមុខ​ក្រុម​ឃ្លាំមើល​លោក Rami Abdel Rahman បាន​ថ្លែង​ប្រាប់ AFP កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ ដែល​ទំនង​ជា​សេចក្តី​ផ្តើម មុន​ពេល​ឈាន​ដល់​ការ​ជម្លៀស​របស់​ក្រុម​យុទ្ធជន​ក្រុម IS ចេញ​ពី​តំបន់​ខាង​លើ កំពុង​នៅ​ជា ធរមាន នៅ​ឡើយ​នោះ។

លោក​បាន​ថ្លែងថា បទ​ឈប់​បាញ់​ត្រូវបានធ្វើ​ការចរចា ដោយ​សម្ព័ន្ធមិត្ត​របស់​របប​ស៊ី​រី គឺ​រុស្ស៊ី និង​ក្រុម​ខាង​ប៉ាឡេស្ទីន​គាំទ្រ​រដ្ឋាភិបាល។

ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មាន​សា​ណា​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ស៊ី​រី បាន​ស្រង់​សម្តី​ពី​ប្រភព​យោធា​មួយ ខណៈ​ធ្វើការ​បដិសេធ​កិច្ច​ព្រម​ព្រៀង​នោះ។

កងកម្លាំង​ដែលមាន​ភក្តីភាព​ចំពោះ​រដ្ឋាភិបាល បាន​បើក​ការវាយប្រហារ​ដ៏​សាហាវ​មួយ​នៅ​ក្នុង​ក្រុង​ដាម៉ាស​ភាគ​ខាងត្បូង បន្ទាប់​ពី​បាន​ច្បាំង​ដណ្តើម​តំបន់​ឈរ​ជើង​ដ៏​រឹងមាំ​របស់​ក្រុម​ឧទ្ទាម​ក្នុង​តំបន់ Ghouta ភាគ​ខាងជើង​ក្នុង​ខែ​មេសា៕