ក្រុង​សាន់ត្យាហ្គោ៖​ មនុស្ស ​៥ ​នាក់​បាន​ស្លាប់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ពេល​រោងចក្រ​មួយ​កន្លែង​ត្រូវ​បាន​ក្រុម​ចោរ​ដុត​នៅ​ជិត​រដ្ឋធានី​សាន់ត្យាហ្គោ​របស់​ប្រទេស ​ស៊ីលី​ ដោយ​បាន​បង្ក​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​រលក​ចលាចល​កើន​ឡើង​ដល់ ​៧ ​នាក់​ ខណៈ​អាជ្ញាធរ​បាន​បន្ត​​ប្រកាស​​អាសន្ន​នៅ​ក្នុង​​ប្រទេស​​។​

ប៉ូលិស​ និង​យោធា ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​ប្រើប្រាស់​កាណុង​បាញ់​ទឹក​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ទីក្រុង​ ខណៈ​ការ​ប៉ះ​ទង្គិច​ជុំវិញ​ការ​ដំឡើង​ថ្លៃ​ប្រេង​ខ្ពស់​ និង​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​សង្គម​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ហិង្សា​ឈាន​ដល់​ថ្ងៃ​ទី ​៣​។​

សេវា​ដឹក​ជញ្ជូន​សាធារណៈ​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​ផ្អាក​ដំណើរការ​ទាំង​ស្រុង​នៅ​ក្នុង​ទីក្រុង​សាន់ត្យាហ្គោ​ ដោយ​​ហាង​លក់​ទំនិញ​មួយ​ចំនួន​ បាន​បិទ​ទ្វារ ​និង​ជើង​ហោះហើរ​ខ្លះ​ ត្រូវ​បាន​លុប​ចោល​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ជាប់​គាំង​ និង​មិន​អាច​ចាកចេញ​ទៅ​បាន​ដោយសារ​បម្រាម​គោចរណ៍​។

ក្រោយ​ពី​កិច្ច​ប្រជុំ​បន្ទាន់​មួយ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ប្រធានាធិបតី​លោក​ ស៊ីបាស្ទៀន​ ភីណឺរ៉ា​ បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​លោក​​ក្នុង​ការ​ប្រកាស​អាសន្ន​នៅ​ក្នុង ប្រទេស​​ និង​បាន​ធ្វើ​ការ​ដាក់​ពង្រាយ​កងទ័ព​យ៉ាង​ច្រើន​នៅ​តាម​ដង​ផ្លូវ​នានា​សម្រាប់​លើក​ដំបូង​ ចាប់​តាំង​ពី​មាន​របប​ផ្តាច់​ការ​យោធា​របស់​លោក​ អូហ្គាស្តូ​ ភីណូឈិត ​ដែល​បាន​គ្រប់គ្រង​អំណាច​នៅ​ចន្លោះ​ឆ្នាំ ​១៩៧៤​ ដល់ ​១៩៩០​។​

លោក​ ភី​ណឺ​រ៉ា​ បាន​ថ្លែង​ថា​៖ «ប្រជាធិបតេយ្យ​មិនមែន​គ្រាន់​តែ​មាន​សិទ្ធិ​ប៉ុណ្ណោះ​​ទេ​ វា​មាន​កាតព្វ​កិច្ច​ដើម្បី​ស្វ័យ​ការពារ​ក្នុង​ការ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ ដែល​ប្រជាធិបតេយ្យ​បាន​ផ្តល់​ឲ្យ​ដោយ​ខ្លួន​ឯង​ ហើយ​គោលការណ៍​ច្បាប់ ​​គឺ​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​អ្នក​ដែល​ចង់​បំផ្លាញ​វា​តែ​ប៉ុណ្ណោះ​»​។​

ការ​ប្រកាស​អាសន្ន​នៅ​ក្នុង​ប្រទេស ​ស៊ីលី ​នេះ ត្រូវ​បាន​​​​បន្ត​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​រដ្ឋមន្ត្រី​មហាផ្ទៃ​ និង​រដ្ឋមន្ត្រី​សន្តិសុខ​ គឺ​លោក អេនដ្រេស ឆាដវិក​ បាន​ថ្លែង​ថា​ ក្រឹត្យ​ថ្មីៗ​ជាច្រើន​ទៀត​ត្រូវ​បាន​ព្រាង​ឡើង​​សម្រាប់​ទីក្រុង​អាន់តូហ្វាហ្គាស្តា​ភាគ​ខាង​ជើង​ ក្រុង​វ៉ាល់ឌីវៀរ​នៅ​ភាគ​ខាង​ត្បូង​ និង​ក្រុង​​ផ្សេង​ទៀត​ដូច​ជា​ ទីក្រុង​វ៉ាល់ប៉ារ៉ៃសូ ទីក្រុង​ទីមូកូ​ និង​ក្រុង​ប៉ុនតូ​ អារីណាស់​៕ AFP/SK