ក្រុង​ឈីនណៃ៖ ​ប្រធានាធិបតី​ចិន ​លោក​ ស៊ី​ ជីនភីង ​និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ ណារិនដ្រា ម៉ូឌី​ បាន​ឯកភាព​គ្នា​នៅ​ទី​នេះ​កាល​ពី​ថ្ងៃ​សុក្រ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ស្វែង​យល់​​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុង​ចំណោម​ក្រុម​ជន​ស៊ីវិល​ ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍ ​និង​ភាព​រីក​ចម្រើន​រួម​គ្នា​។​

លោក​ ស៊ី​ ជីន​ភីង​ និង​លោក​ ណារិនដ្រា ម៉ូឌី​ បាន​រៀបចំ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​លើក​ទី ​២ ​របស់​ពួក​គេ​ នៅ​ក្រុង​ឈីនណៃ ​ប្រទេស ​ឥណ្ឌា ​ភាគ​ខាង​ត្បូង​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ដំបូង​របស់​ពួក​គេ​នៅ​កណ្តាល​ក្រុង​វ៉ូហាន ​របស់​ប្រទេស ​ចិន ​កាល​ពី​ខែ ​មេសា​ ឆ្នាំ​ ២០១៨​។​

នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ី​ ជីន​ភីង ​ចេញ​ពី​សណ្ឋាគារ​ឆ្ពោះ​ទៅ​ក្រុង​មហា​បាលីប៉ូរ៉ាម​ នៅ​ក្នុង​រដ្ឋ​តាមីល​ ណាឌូ​ មាន​មនុស្ស​ម្នា​យ៉ាង​ច្រើន ​បាន​នាំ​គ្នា​ដើរ​ចេញ​មក​ស្វាគមន៍​ នៅ​ក្នុង​នោះ​មាន​សិស្ស​សាលា​ក្មេងៗ​ជា​ច្រើន​ បាន​ឈរ​តម្រង់​ជួរ​នៅ​តាម​ផ្លូវ​បាន​គ្រវី​ទង់ជាតិ​ចិន ​និង​ឥណ្ឌា​ ដោយ​មាន​ក្រុម​បុរស​ និង​ស្ត្រី​វ័យ​ក្មេង ​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ឥណ្ឌា​បាន​ច្រៀង​ចម្រៀង ​និង​រាំ​ ដើម្បី​ស្វាគមន៍​ប្រធានាធិបតី​ចិន​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ប្រទេស ​ឥណ្ឌា​។​

ដោយ​ការ​ស្វាគមន៍​ទទួល​លោក ​ស៊ី នៅ​កន្លែង​​ច្រក​ចូល​នោះ​ លោក ​ម៉ូឌី ​បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​បំផុត​ចំពោះ​លោក​ប្រធានាធិបតី​ចិន ​ស៊ី ជីនភីង​។​

លោក ​ស៊ី​ ជីន​ភីង​ បាន​ហៅ​ការ​ជួប​គ្នា​ឡើង​វិញ​របស់​លោក ​ជាមួយ​លោក ​ម៉ូឌី ​នៅ​ក្រុង​វ៉ូហាម​កាល​ពី​ឆ្នាំ ​២០១៨ ​ថា​ទទួល​បាន​ជោគជ័យ​ ដែល​នាំ​ឲ្យ​មាន​ទំនាក់ទំនង​ចិន​-ឥណ្ឌា​ ឈាន​ទៅ​រក​ដំណាក់​កាល​ថ្មី​មួយ​ ហើយ​បាន​ថ្លែង​ថា ​លោក​មាន​ការ​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ ដោយ​បាន​​​មក​ដល់ ឥណ្ឌា​ភាគ​ខាង​ត្បូង​ ដើម្បី​ស្វែង​យល់​អំពី​ប្រទេស​​នេះ​៕ Xinhua/SK