ក្រុង​បេរូត៖ ​ស្ថានទូត​ស៊ីរី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ប្រជាជន​ស៊ីរី​ជាង ​៤០ ​នាក់​ នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​ នៅ​ក្នុង​ការ​ផ្ទុះ​ឃ្លាំង​ស្តុក​សារធាតុ​គីមី​ទ្រង់ទ្រាយ​ធំ​ដែល​បាន​បំផ្លិច​បំផ្លាញ​រដ្ឋធានី​លីបង់​នៅ​សប្តាហ៍​នេះ​។​

ស្ថានទូត​ស៊ីរី​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ ថា​តើ​ការ​ស្លាប់​របស់​ប្រជាជន​ស៊ីរី​ ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ការ​ស្លាប់​ចំនួន ​១៥៤ ​នាក់​ ដែល​បាន​ប្រកាស​ដោយ​អាជ្ញាធរ​លីបង់​នោះ​ ឬ​យ៉ាង​ណា​?​។​

ស្ថានទូត​ស៊ីរី​បាន​ថ្លែង​ថា​៖ «ចំនួន​អះអាង​ដែល​មាន​ជន​រងគ្រោះ​ស៊ីរី ​រហូត​មក​ទល់​ពេល​នេះ​ គឺ​មាន ​៤៣ ​នាក់​»​។​

ស្ថានទូត​បាន​បន្ថែម​ថា៖ «ស្ថានទូត​ស៊ីរី​កំពុង​ផ្តល់​ក្រុម​បុគ្គលិក​របស់​ខ្លួន​ទាំង​អស់​ ទៅ​ទទួល​យក​សាកសព​មួយ​ចំនួន​ទៅ​ប្រទេស​ស៊ីរី​វិញ​ ហើយ​កំពុង​ជួយ​បញ្ចុះ​សព​អ្នក​ផ្សេង​ទៀត​ នៅ​ក្នុង​ប្រទេស​លីបង់​»​។​

ក្រសួង​សុខាភិបាល​លីបង់​បាន​ថ្លែង​ថា ​មនុស្ស​ជាង ​៦០ ​នាក់​ផ្សេង​ទៀត​ នៅ​តែ​កំពុង​បាត់​ខ្លួន ​ក្រោយ​ពី​ការ​ផ្ទុះ​នៅ​កំពង់​ផែ​បេរូត​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​។​

យោង​តាម​អ្នក​ឆ្លើយ​ឆ្លង​កាសែត ​AFP​ នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​ប្រជាជន​ស៊ីរី​មួយ​ចំនួន​បាន​ស្លាប់​ គឺ​ជា​អ្នក​បម្រើ​ការងារ​នៅ​លើ​នាវា​ ដឹក​ទំនិញ៕ AFP/SK​