
ទិដ្ឋភាពទូទៅរបស់ស្ថានទូតសហរដ្ឋអាមេរិនៅក្នុងទីក្រុងបាកដាដ មើលពីម្ខាងនៃទន្លេ Tigris។ រូបថតAFP
គ្រាប់រ៉ុក្កែត Katyusha យ៉ាងហោច ៨ គ្រាប់ ត្រូវបានគេបាញ់សំដៅទៅស្ថានទូតអាមេរិក ប៉ុន្តែត្រូវបានធ្លាក់នៅតំបន់បៃតង នៅ Baghdad ប្រទេសអ៊ីរ៉ាក់ បង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កាលពីថ្ងៃអាទិត្យកន្លងទៅ។
យោធាអ៊ីរ៉ាក់បាននិយាយថា៖ «ក្រុមល្មើសច្បាប់ ១ ក្រុម» បានបាញ់រ៉ុក្កែត ៨ គ្រាប់ ដែលគ្រាប់ទាំងនេះភាគច្រើនបង្កឱ្យមានការខូចខាតបរិវេណលំនៅឋានក្នុងស្ថានទូត និងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយនៅក្នុងតំបន់ អគារ និងរថយន្តព្រមទាំងបង្កឱ្យទាហានអ៊ីរ៉ាក់ម្នាក់រងរបួសថែមទៀតផង»។
ការវាយប្រហារកើតឡើងប៉ុន្មានម៉ោងក្រោយពេលដែលជនបង្កបានបាញ់គ្រាប់រ៉ុក្កែតនេះតម្រង់មករកក្បួនរថយន្តដឹកសម្ភារៈរបស់កម្លាំងចម្រុះអាមេរិកនៅភាគខាងត្បូងអ៊ីរ៉ាក់ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងខូចខាតរថយន្តដឹកទំនិញ ២ គ្រឿង។ ភ្លាមៗនោះ សំឡេងស៊ីរ៉ែនបានបន្លឺចេញពីបរិវេណខាងក្នុងស្ថានទូតអាមេរិកដែលជាតំបន់ពោរពេញទៅដោយអគារផ្ទះរបស់រដ្ឋាភិបាល និងអ្នកការទូតបរទេសជាច្រើនទៀត។
មន្ត្រីសន្តិសុខម្នាក់ ប្រចាំការនៅក្នុងតំបន់បៃតងបាននិយាយថា ប្រព័ន្ធប្រឆាំងរ៉ុក្កែត ១ បានបង្វែររ៉ុក្កែត ១ គ្រាប់ ដែលបាញ់សំដៅទៅរកការិយាល័យគាត់ ឱ្យចេញទៅកន្លែងផ្សេងវិញ។
ស្ថានទូតសហរដ្ឋអាមេរិកបានថ្កោលទោសចំពោះការវាយប្រហារនេះហើយបានជំរុញឱ្យមេដឹកនាំនយោបាយ និងរដ្ឋាភិបាលអ៊ីរ៉ាក់ទាំងអស់ឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការវាយប្រហារបែបនេះនៅថ្ងៃមុខ និងទទួលខុសត្រូវក្នុងករណីវាយប្រហារនេះ។
ស្ថានទូតអាមេរិកបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ ១ ថា៖ «ស្ថានទូតអាមេរិកបញ្ជាក់ជាផ្លូវការថា គ្រាប់រ៉ុក្កែតនេះសំដៅបរិវេណតំបន់អន្តរជាតិ (International Zone) តែត្រូវបានបង្រ្កាបដោយប្រព័ន្ធការពារគ្រាប់រ៉ុក្កែតរបស់ស្ថានទូតវិញ។ យ៉ាងណាមិញការវាយប្រហារនេះ បង្កឱ្យមានការខូចខាតបន្តិចបន្តួចលើបរិវេណក្នុងស្ថានទូត តែពុំមានអ្នករងរបួស ឬគ្រោះថ្នាក់ទេ»។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងទៀតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា យ៉ាងហោចណាស់មានជនស៊ីវិលអ៊ីរ៉ាក់ម្នាក់ទទួលរងរបួសធ្ងន់ ឬអាចប៉ះពាល់ដល់អាយុជីវិត និងលោកក៏បានសូមជូនពរអ្នកដែលរងគ្រោះថ្នាក់ពីការវាយប្រហារនេះ ឱ្យជាសះស្បើយឆាប់រហ័ស។
ក្រុមមន្រ្តីសហរដ្ឋអាមេរិកចោទក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលតែងវាយប្រហាររ៉ុក្កែត ជាប្រចាំទៅលើទីតាំងរបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់ រួមទាំងករណីនៅក្បែរស្ថានទូតក្នុងទីក្រុង Baghdad នេះផងដែរ។ ប៉ុន្តែមិនមានក្រុមគាំទ្រអ៊ីរ៉ង់ណាម្នាក់ បានចេញមកអះអាងទទួលខុសត្រូវលើករណីនេះឡើយ។
លោក Pompeo បានហៅកងជីវពលនេះថា ជាឧបសគ្គធ្ងន់ធ្ងរបំផុតចំពោះកិច្ចរក្សាសន្តិភាព និងវិបុលសុខនៅអ៊ីរ៉ាក់ហើយបានបន្ថែមទៀតថា៖ «យើងសូមអំពាវនាវដល់ប្រជាជនអ៊ីរ៉ាក់ទាំងអស់ ដែលគាំទ្រការខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ស្វែងរកយុត្តិធម៌ដល់អ្នករងគ្រោះ ហើយវែកមុខអ្នកដែលបង្កឱ្យមានការវាយប្រហារទាំងនេះ និងធានាថា កងជីវពលគាំទ្រដោយអ៊ីរ៉ង់បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបានត្រឹមត្រូវ»។
អ្នកនាំពាក្យរបស់ប្រធានាធិបតីអ៊ីរ៉ាក់ ក៏បានថ្កោលទោសការវាយប្រហារនេះដែរ។
ក្រុមជីវពលជាច្រើនបានប្រកាសកាលពីខែតុលា ថា ពួកគេបានផ្អាកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើកងទ័ពសហរដ្ឋអាមេរិក ដើម្បីទុកពេលឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់បង្ហាញពីកាលវិភាគត្រឹមត្រូវមួយសមរម្យសម្រាប់ការដកកងទ័ពអាមេរិកចេញពីប្រទេសនេះ។
ប៉ុន្តែបើយោងតាមមន្ត្រីសន្តិសុខអ៊ីរ៉ាក់ម្នាក់បាននិយាយថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតមួយនៅលើស្ថានទូតសហរដ្ឋអាមេរិកនៅថ្ងៃទី ១៨ ខែវិច្ឆិកា គឺជាសញ្ញាច្បាស់ណាស់ដែលថា កងជីវពលគាំទ្រដោយអ៊ីរ៉ង់បានសម្រេចចិត្តបន្តវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកឡើងវិញ។
ទីក្រុងវ៉ាស៊ីនតោនដែលកំពុងតែរៀបគម្រោងកាត់បន្ថយកងទ័ពរបស់ខ្លួនចំនួន ៥ ០០០ នាក់ ពីក្នុងប្រទេសអ៊ីរ៉ាក់ បានគំរាមបិទស្ថានទូតរបស់ខ្លួននៅប្រទេសនេះ ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ាក់មិនព្រមចាត់វិធានការ និងគ្រប់គ្រងក្រុមជីវពលនេះបានត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា តំបន់បៃតងនេះ គឺជាតំបន់ដែលសម្បូរទៅដោយអគាររដ្ឋាភិបាលអ៊ីរ៉ាក់ និងស្ថានទូតបរទេសជាច្រើន ហើយតែងរងការវាយប្រហារជារឿយៗ ចាប់តាំងពីមានការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ ឈ្មោះ Qasem Soleimani ដោយបាញ់ទម្លាក់គ្រាប់តាមយន្តហោះដ្រូនរបស់អាមេរិកនៅអាកាសយានដ្ឋានអន្តរជាតិ Baghdad កាលពីខែមករា កន្លងទៅ។
ប៉ុន្តែសម្រាប់ការវាយប្រហារលើកនេះ ទើបតែកើតឡើងភ្លាមៗ ក្រោយពីរដ្ឋបាល Trump បានប្រកាសថា សហរដ្ឋអាមេរិកនឹងដកកងទ័ពអាមេរិករាប់ពាន់នាក់បន្ថែមទៀតពីប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៥ ខែ មករាឆ្នាំ ២០២១ ខាងមុខ៕