តំបន់​ Darfur នៃ​ប្រទេស​ស៊ូដង់ ​ត្រូវ​បាន​រាយការណ៍​ថា ​មាន​ភាព​ស្ងប់ស្ងាត់ ​ក្រោយ​ពី​មាន​ការ​ដាក់​ពង្រាយ​ទាហាន​យ៉ាង​ច្រើន ​បន្ទាប់​ពី​អំពើ​ហិង្សា​ប៉ុន្មាន​ថ្ងៃ​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស ​១៥៥ ​នាក់​ស្លាប់​ រាប់សិប​នាក់​រង​របួស​ និង​រាប់​ម៊ឺន​នាក់​ បាន​ខ្ចាត់​ព្រាត់។

អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ​រវាង​ក្រុម​ជន​ចំណាក​ស្រុក​ និង​សមាជិក​នៃ​ក្រុម​ជនជាតិ​ភាគ​តិច​ Masalit នៅ​រដ្ឋធានី​El Geneina ​ជា​រដ្ឋធានី​នៃ​រដ្ឋ ​Darfur ភាគ​ខាង​លិច​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច ១០០ នាក់​ស្លាប់​ និង​ជាង ​១៣០ ​នាក់​រង​របួស។ នេះ​បើ​យោង​តាម​លោក​អភិបាល​រដ្ឋ​ Mohamed Abdalla al-Douma។

អង្គការ​ Save the Children ជា​ក្រុម​ផ្តល់​ជំនួយ​មួយ​បាន​និយាយ​ថា ​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ បាន​ជំរុញ​ឱ្យ​មនុស្ស​ប្រហែល ​៥ ម៊ឺន​នាក់​រត់​ភៀស​ខ្លួន​ចេញ​ពី​តំបន់​នានា ​នៅ​ក្នុង ​និង​ជុំវិញ​ជំរំ​មួយ​សម្រាប់​ជន​ភៀស​ខ្លួន​ ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ភៀស​ខ្លួន​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ​នៅ​ក្នុង​ជម្លោះ​មុនៗ។

អាជ្ញាធរ​នៅ​តំបន់​ Darfur ​ខាង​លិច​បាន​ដាក់​បម្រាម​គោចរ​ទូទាំង​រដ្ឋ​ ខណៈ​ដែល​រដ្ឋាភិបាល​អន្តរកាល​នៃ​ប្រទេស​ស៊ូដង់ ​នៅ​ក្នុង​រដ្ឋធានី​នេះ​ បាន​ដាក់​យោធា​ជា​ច្រើន​កង​នៅ​ក្នុង​តំបន់​ភាគ​ខាង​លិច​ពី​ទីក្រុង​ខារទុំ​ និង​ផ្នែក​ដទៃ​នៃ​ប្រទេស​នេះ ​ដើម្បី​រក្សា​​សណ្តាប់​ធ្នាប់​ឡើង​វិញ។

លោក​ al-Douma ​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP ​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ​ កាល​ពី​ថ្ងៃ​អាទិត្យ ​ប៉ុន្តែ​មាន​ការ​លួច​ទ្រព្យ​សម្បត្តិ​ជា​ពិសេស​នៅ​តាម​ផ្ទះ​ និង​កសិដ្ឋាន​របស់​ប្រជាជន​ដែល​រស់នៅ​ក្នុង​​ជំរំ​ជន​ភៀស​ខ្លួន ​Kerindig»។

«ស្ថានភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​រដ្ឋ​នេះ​ ខណៈ​ដែល​កងកម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ និង​ជុំវិញ​ទីក្រុង​ El Geneina ​និង​ជំរំ​ Kerindig​»។

លោក​ Al-Douma ​បាន​ថ្លែង​ថា ​ផ្ទះ​ជា​ច្រើន​ខ្នង​បាន​ឆេះ ​និង​ផលិតផល​កសិកម្ម​នៅ​តាម​ភូមិ​​ក្បែរ​ជំរំ​ El Geneina ត្រូវ​គេ​លួច​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ​យើង​បាន​បញ្ជូន​កងកម្លាំង​សន្តិសុខ​ទៅ​កាន់​ភូមិ​ទាំង​នោះ ​ហើយ​ឥឡូវ​នេះ​មាន​សុវត្ថិភាព​។

ចំណែក​ការ​ប៉ះ​ទង្គិច​ដាច់​ដោយ​ឡែក​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​តំបន់ ​Darfur ខាង​ត្បូង​រវាង​សមាជិក​ក្រុម​ជនជាតិ​ភាគ​តិច​ Fallata ​និង​ក្រុម​កុល​សម្ព័ន្ធ​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច ​៥៥ ​នាក់​ស្លាប់​ និង ​៣៧ ​នាក់​ផ្សេង​ទៀត​រង​របួស​។

ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ SUNA បាន​រាយការណ៍​ថា ​វត្តមាន​កងទ័ព​យ៉ាង​ច្រើន​នៅ​ទី​នោះ​ ក៏​បាន​ជួយ​ស្តារ​សណ្តាប់​ធ្នាប់​ឡើង​វិញ​ដែរ​។​

មេ​ដឹកនាំ​កុល​សម្ព័ន្ធ​លោក​ Mohamed Saleh ​បាន​ថ្លែង​ប្រាប់​ AFP ​តាម​ទូរស័ព្ទ​ថា​ មិន​មាន​ការ​ប៉ះទង្គិច​ទេ​ ហើយ​ស្ថានភាព​ស្ងប់ស្ងាត់ ​ដោយ​បាន​បន្ថែម​ថា ​ប្រជាជន​មាន​ការ​ព្រួយ​បារម្ភ​ ដោយសារ​​ភ័យ​ខ្លាច​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​។​

អំពើ​ហិង្សា​ថ្មីៗ​នេះ ​គឺ​អាក្រក់​បំផុត​ចាប់​តាំង​ពី​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅ​ក្នុង​ខែ​តុលា ​ដែល​ក្រុម​អ្នក​សង្កេតការណ៍​សង្ឃឹម​ថា ​នឹង​បញ្ចប់​សង្គ្រាម​រយៈពេល​ជា​ច្រើន​ឆ្នាំ​នោះ​៕