
លោកប្រធានាធិបតី Donald Trump ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រកាលពីថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២១។AFP
ការសម្រេចដកហូតគណនី Twitter របស់ប្រធានាធិបតីលោក Donald Trump ប៉ុន្មានថ្ងៃមុនពេលបញ្ចប់អាណត្តិរបស់លោកជាការបង្ហាញពីការបញ្ច្រាសអំណាចរបស់វិស័យបច្ចេកវិទ្យាទៅលើរដ្ឋាភិបាលអាមេរិកដែលធ្លាប់តែជាអ្នកមានអំណាចទៅលើវិស័យមួយនេះ និងជាហេតុធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់គណបក្សទាំង ២ នៅអាមេរិក។
ក្រុមហ៊ុន Twitter កាលពីថ្ងៃទី ៨ ខែមករានេះ បានចេញសេចក្ដីសម្រេចថា បិទគណនីរបស់លោក Trump ដែលមានឈ្មោះថា @realDonald Trump ជារៀងរហូតដោយសាររបៀបនៃការទទួលបានខ្លឹមសារ និងបកស្រាយចេញពីគណនីនេះ មានគេចាត់ទុកថាបានបង្កជាហានិភ័យនៃការញុះញង់ឱ្យមានអំពើហិង្សាបន្ថែមទៀត។
សេចក្ដីប្រកាសបានបន្តថា៖ «ព្រឹត្តិការណ៍គួរឱ្យរន្ធត់នៅសប្តាហ៍នេះ ពួកយើងសម្រេចចិត្តច្បាស់ហើយថា ការរំលោភបន្ថែមលើច្បាប់វិន័យរបស់ Twitter អាចនឹងជាលទ្ធផលបង្កឱ្យមានសកម្មភាពនេះកើតឡើង។ ក្នុងក្របខ័ណ្ឌសម្រាប់ផលប្រយោជន៍សាធារណៈរបស់យើង គឺដើម្បីឱ្យសាធារណជនបានឮ និងដឹងព័ត៌មានពីមន្ត្រីជាប់ឆ្នោត និងមេដឹកនាំពិភពលោកដោយផ្ទាល់។ វាបង្កើតឡើង ដោយឈរលើគោលការណ៍មួយដែលប្រជាជនមានសិទ្ធិកាន់កាប់អំណាចដោយបើកចំហ»។
កាលពីថ្ងៃទី ៩ មករា ផងដែរ មេដឹកនាំនៅតំបន់សេដ្ឋកិច្ចបច្ចេកវិទ្យាអាមេរិក Silicon Valley កំពុងទាមទារឱ្យមន្ត្រីជាប់ឆ្នោតនៃគណបក្សសាធារណរដ្ឋ ១ រូបលាឈប់ពីតំណែងបន្ទាប់ពីមានការផ្សាយតាម Facebook របស់ខ្លួនជាច្រើនដែលញុះញង់ឱ្យមានអំពើហិង្សាកាលពីថ្ងៃពុធសប្ដាហ៍មុន ដូចជាករណីក្រុមមនុស្សគាំទ្រលោក Trump បង្កអំពើហិង្សាវាយលុកវិមានកាពីតូលរបស់សហរដ្ឋអាមេរិកក្នុងការប៉ុនប៉ងលុបចោលលទ្ធផលការបោះឆ្នោត។
លោក Phil Reynolds ដែលជាសមាជិកជាប់ឆ្នោតនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សសាធារណរដ្ឋមកពី Santa Clara County នៃរដ្ឋកាលីហ្វ័រនីញ៉ាបានប្រកាសជាសាធារណៈលើបណ្ដាញសង្គម Facebook ថា៖ «សង្គ្រាមបានចាប់ផ្តើមហើយ! ពលរដ្ឋយកអាវុធ! សេរីភាពជាអំណាច! យើងត្រូវតែការពាររដ្ឋធម្មនុញ្ញដល់ស្លាប់!»។
ជាវិធានការបែបរហ័សមួយនៅសប្តាហ៍នេះ ក្រុមហ៊ុន Twitter បានដកហូតគណនី Trump រហូតដល់លោកបញ្ចប់អាណត្តិប្រធានាធិបតីរបស់ខ្លួនហើយក្រុមហ៊ុន Facebook ក៏បានបញ្ចប់សកម្មភាពរបស់លោកពីបណ្ដាញសង្គមមួយនេះដែរ ខណៈពេលដែល Google និង Apple ក៏បានបិទការទាញយកបណ្ដាញសង្គម Parler ដែលជាបណ្ដាញរបស់លោក Trump និងអ្នកគាំទ្ររបស់លោកតែងប្រើប្រាស់ និងបញ្ចេញមតិ។
បន្ថែមពីនេះក្រុមហ៊ុនដូចជា Reddit, TikTok, Snapchatនិង Pinterest ក៏បានប្រកាសពីការរឹតត្បិតការប្រើប្រាស់ផងដែរ បន្ទាប់ពីក្រុមអ្នកគាំទ្រលោក Trump បានវាយប្រហារនៅវិមានកាពីតូលពីពេលថ្មីៗនេះ។
ការចាត់វិធានការហាមប្រាមបណ្ដាញសង្គមទាំងនេះ សរឱ្យឃើញនូវការប្រើប្រាស់អំណាចរបស់ឧស្សាហកម្មបច្ចេកវិទ្យាក្នុងការកំណត់ជោគវាសនារបស់មនុស្សទូទៅ សូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ។
វិធានការទាំងនេះក៏កើតឡើងក្រោយពេលគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៅទីក្រុងវ៉ាស៊ីនតោនព្យាយាមខិតខំប្រឹងប្រែងកាត់បន្ថយតំបន់ Silicon Valley ឱ្យមានទំហំតូចអស់រយៈពេលជាច្រើនឆ្នាំ ដែលរួមមានករណីបណ្តឹងអ្នកអនុវត្តច្បាប់ប្រឆាំងនឹងសេចក្តីទុកចិត្តរបស់លោក Trump ដែលបានដាក់ពាក្យបណ្តឹងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីប្រឆាំងនឹងក្រុមហ៊ុន Facebook និង Google និងការខិតខំប្រឹងងទាំងពួកខាងស្តាំ និងឆ្វេងនិយមប្រឆាំងនឹងច្បាប់មាត្រា ២៣០ ទាក់ទិននឹងបទប្បញ្ញត្តិនៅក្នុងច្បាប់ទំនាក់ទំនងដែលកំណត់ការទទួលខុសត្រូវរបស់បណ្ដាញសង្គមក្នុងការរក្សាភាពជឿទុកជាក់ចំពោះអ្នកប្រើប្រាស់ផងដែរ។
បណ្តឹងទាំងនោះ គឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ និងការស៊ើបអង្កេតប្រឆាំងនឹងសេចក្តីទុកចិត្តលើ Apple''s App Store ដែលបានលើកឡើងដោយអ្នកគាំទ្រលោក Trump អ្នកសេរីនិយម និងជាជនស៊ីវិល ហើយនិងអ្នកប្រជាធិបតេយ្យជាច្រើនដែលកំពុងតែលេចធ្លោ។ អ្នកទាំងនោះបានអះអាងថា៖ ក្រុមហ៊ុនទាំងនោះមិនគួរមានសិទ្ធិឯកតោភាគីដែលមានអំណាចខ្លាំងក្លាដូចនេះទេ»។
ក្រុមប្រឹក្សាច្បាប់ជាន់ខ្ពស់នៃក្រុមសេរីស៊ីវិលអាមេរិក លោកស្រី Kate Ruane បានឱ្យដឹងថា៖ «បញ្ហានេះគួរតែក្លាយជាសេចក្ដីបារម្ភដល់មនុស្សគ្រប់គ្នានៅពេលក្រុមហ៊ុននានាដូចជា Facebook និង Twitter ប្រើប្រាស់អំណាចដោយខ្វះការត្រួតពិនិត្យ ដើម្បីដកហូតគណនីរបស់បុគ្គលណាមួយចេញពីបណ្ដាញសង្គមដែលមិនអាចខ្វះបានសម្រាប់ការផ្សព្វផ្សាយដល់មនុស្សរាប់ពាន់នាក់ជាពិសេសនៅក្នុងអំឡុងពេលមនុស្សទាំងនោះត្រូវការភាពជាក់ស្តែងផ្នែកនយោបាយ ដើម្បីជួយឱ្យការសម្រេចចិត្តឱ្យងាយស្រួលជាងមុនជាដើម»។
ទាក់ទងនឹងសកម្មភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ លោក Jonathon Hauenschild ប្រធានក្រុមការងារទំនាក់ទំនង និងបច្ចេកវិទ្យាសម្រាប់ក្រុមប្រឹក្សាផ្លាស់ប្តូរនីតិប្បញ្ញត្តិអាមេរិកដែលជាស្ថាប័នអភិរក្សនិយមមិនរកប្រាក់ចំណេញបាននិយាយថា៖ «ត្រូវ ឬខុស ក្រុមហ៊ុនទាំងនេះ បានសម្រេចចិត្តបែបនយោបាយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះទាក់ទាញចំណាប់អារម្មណ៍តាំងពីដើមឥឡូវនេះពួកគេទទួលបានចំណាប់អារម្មណ៍ពេញទីហើយ»។
បើទោះជាមានការសាទរពីពួកខាងឆ្វេងនិយម ទាក់ទិននឹងការដកហូតគណនីរបស់ Trump ក៏ដោយ ក៏ក្រុមអ្នកប្រជាធិបតេយ្យមានការខឹងសម្បារចំពោះអំណាចរបស់ឧស្សាហកម្មបច្ចេកវិទ្យា។ យ៉ាងណាមិញក្រោយពេលក្រុមនេះបានគ្រប់គ្រងលើសភា និងសាខាប្រតិបត្តិនានាហើយ ពួកគេនឹងព្យាយាមទប់ស្កាត់អំណាចរបស់ស្ថាប័នបច្ចេកវិទ្យានៅ Silicon Valley ឱ្យបាន៕