ក្រុង​បាងកកៈ ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ទស្សនៈ​មួយ ​ដែល​បាន​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ សួនឌូស៊ីត រ៉ាចាផាត់​ បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ភាគ​ច្រើន​ចង់​ឲ្យ​គណៈរដ្ឋមន្ត្រី​ថ្មី​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​នាយក​រដ្ឋមន្ត្រី​លោក ​ប្រាយុធ ចាន​-អូចា ​ដើម្បី​ធ្វើ​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​ចំណាយ​ថវិកា​ ដើម្បី​គម្រោង​ផ្សេងៗ​របស់​រដ្ឋាភិបាល​។​

ការ​ស្ទង់មតិ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ​១០-១៣​ ខែ ​កក្កដា​ ទៅ​លើ​មនុស្ស​ចំនួន ​១ ១៨៨ ​នាក់ ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ចង​ក្រង​ទស្សនៈ​របស់​ពួក​គេ​ទៅ​លើ​គណៈ​រដ្ឋមន្ត្រី​ថ្មី ​ដែល​គ្រប់​ក្រសួង​ត្រូវ​តម្រូវ​ឲ្យ​អនុវត្ត​ទៅ​តាម​គោលការណ៍​ប្រតិបត្តិការ​ ដែល​បាន​ផ្តល់​ឲ្យ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​ និង​សេចក្តី​ថ្លែងការណ៍​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ប្រគល់​ជូន​សភា​នោះ​។

ត្រូវ​​​បាន​​សួរ​ថា​តើ​​បញ្ហា​នយោបាយ​​អ្វី​ខ្លះ​​​​ដែល​ពួក​គេ​​​​​ចង់​​ឲ្យ​​​គណៈ​រដ្ឋមន្ត្រី​​​ថ្មី​​​ដោះស្រាយ​នោះ?​ ចំនួន​ ៥៦,៣២ ភាគរយ ​​​​បាន​​និយាយ​លើក​ឡើង​​អំពី​​អំពើ​ពុក​រលួយ​​នៅ​ក្នុង​​​​ការ​ចំណាយ​​ថវិកា​​​សម្រាប់​គម្រោង​​ផ្សេងៗ​​ ចំនួន​ ​៣៣,៩១ ​ភាគរយ ​​ចង់​ឲ្យ​​​​បញ្ចៀស​​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​​ និង​ការ​​​​លាប​ពណ៌​ដាក់​គ្នា​​ ចំនួន​ ​២៥,៨៦ ភាគរយ ​​​​​​ចង់​ឲ្យ​គណៈ​រដ្ឋមន្ត្រី​​​ធ្វើ​កំណែ​ទម្រង់​​​នយោបាយ​​ឲ្យ​បាន​ឆាប់​​ ដើម្បី​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាម​បែប​​​ប្រជាធិបតេយ្យ​​​ ចំនួន​​ ​១៧​,១៤ ​ភាគរយ​​​ ចង់​ឲ្យ​​​គ្រប់​ក្រសួង​ធ្វើ​ការ​​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ដោយ​​​​ច្បាស់​លាស់​ និង​ ​១៤,៣៧ ​ភាគរយ ​បាន​និយាយ​ថា​​ គណៈ​​រដ្ឋមន្ត្រី​​​មិន​​ត្រូវ​ប្រើ​អំណាច​​ផ្តាច់​ការ​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច ៦៣​,៩៩ ភាគរយ ​​​បាន​និយាយ​ថា ពួក​គេ​ចង់​ឲ្យ​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​គ្រប់គ្រង​​​តម្លៃ​ទំនិញ​​​​ទាំង​អស់ ​និង​ជំរុញ​ឲ្យ​បង្កើន​ប្រាក់​ខែ​បុគ្គលិក៕ BKP/SK