ក្រុង​វ៉ាស៊ីនតោន៖ ​ខណៈ​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់​ ត្រាំ​ បាន​ចេញ​បញ្ជា​ឲ្យ​ដក​កងកម្លាំង​អាមេរិក​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់​ និង​ការ​ប្រឈម​មុខ​នៅ​ក្នុង​សមរភូមិ​បោះឆ្នោត​ឡើង​វិញ​ កាន់​តែ​ខ្លាំង​ឡើង​ អ្នក​ការ​ទូត​កំពូល​របស់​លោក​ គឺ​លោក ​ម៉ៃក៍​ ប៉ុមប៉េអូ​ កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​​ក្រុម​ប្រទេស​ជា​មិតុ្ត ​នៅ​អឺរ៉ុប​ភាគ​កណ្តាល​ និង​អឺរ៉ុប​ភាគ​ខាង​កើត​។​

លោក ​ម៉ៃក៍​ ប៉ុមប៉េអូ​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល ​៥ ​ថ្ងៃ​ ដែល​នឹង​បិទ​បញ្ចប់​នៅ​ក្នុង​ប្រទេស​សម្ព័ន្ធ​មិត្ត​ប៉ូឡូញ​ ដែល​បាន​ត្រៀម​ខ្លួន​ស្វាគមន៍​ចំពោះ​វត្តមាន​កងកម្លាំង​អាមេរិក​មួយ​ចំនួន​ក្នុង​ចំណោម​កងកម្លាំង​ ដែល​បាន​ដក​ចេញ​ពី​ប្រទេស​​អាល្លឺម៉ង់​ ដើម្បី​ការពារ​ប្រឆាំង​រុស្ស៊ី​ជា​សត្រូវ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នោះ​។​

លោក ​ប៉ុម​ប៉េអូ​ ក៏​នឹង​ធ្វើ​ដំណើរ​ផង​ដែរ​ ទៅ​កាន់​សាធារណ​រដ្ឋ​ឆែក​ ប្រទេស​ស្លូវេនី​ និង​អូទ្រីស​ ​ជា​ទី​ដែល​លោក ​ប៉ុមប៉េអូ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បង្ហាញ​យុទ្ធនាការ​របស់​លោក​ ដើម្បី​ឲ្យ​ប្រទេស​មួយ​ចំនួន​​ឈប់​ប្រើ​ទូរស័ព្ទ ​Huawei​ ដែល​ជា​ទូរគមនាគមន៍​ខ្នាត​យក្ស​របស់​ចិន​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​គំរាម​កំហែង ​១​ របស់​ក្រុង​វ៉ាស៊ីនតោន​​ ខណៈ​វា​​បាន​នាំ​មុខ​នៅ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ជំនាន់​ទី​៥​។​

មន្ត្រី​បាន​ថ្លែង​ដោយ​មិន​បាន​ប្រាប់​ព័ត៌មាន​លម្អិត​ជា​មុន​ថា​ នៅ​ក្នុង​ប្រទេស​ស្លូវេនី​ ​ជា​ទី​ដែល​លោក​ ប៉ុមប៉េអូ​ នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ដំបូង​គេ​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ចាប់​តាំង​ពី​ឆ្នាំ​ ២០០១​ លោក​ ប៉ុមប៉េអូ នៅ​​​ថ្ងៃ​ព្រហស្បតិ៍ ​នឹង​ចុះ​ហត្ថលេខា​ទៅ​លើ​កិច្ច​ព្រមព្រៀង​មួយ​ ស្តីពី​កម្មវិធី ​5G ​នៅ​ទីនោះ​៕ AFP/SK