កាល​ពី​ថ្ងៃ​ពុធ ទី ២៤ មីនា អាជ្ញាធរ​ហុងកុង​បាន​បញ្ឈប់​ការ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ ១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន ​Pfizer/ BioNTech។ ការ​បញ្ឈប់​ការ​ប្រើប្រាស់ ​គឺ​ដោយសារ​មាន​បញ្ហា​វេច​ខ្ចប់​ដែល​ទំនង​បង្ក​ឡើង​ដោយ​ការ​ពន្លឿន​តម្រូវ​ការ​វ៉ាក់សាំង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញផ្សាយ​របស់​ទីក្រុង​ហុងកុង ​កាល​ពី​ថ្ងៃទី ២៣ មីនា​ថា ទីក្រុង​ហុងកុង​បាន​ទទួល​ដំណឹង​ពី​ក្រុមហ៊ុន ​Fosun Industrial (ហុងកុង) ទាក់ទង​នឹង​បញ្ហា​វេច​ខ្ចប់។ ក្រុមហ៊ុន ​Fosun Industrial (ហុងកុង) ដែល​ជា​អ្នក​ចែកចាយ​វ៉ាក់សាំង ​Pfizer/ BioNTech នៅ​ហុងកុង និង​ម៉ាកាវ បាន​និយាយ​ថា ក្រុមហ៊ុន​បាន​រក​ឃើញ​កង្វះ​វេច​ខ្ចប់​នៅ​បណ្តុំ​វ៉ាក់សាំង​ដែល​បាន​ដឹក​ជញ្ជូន​មក​លើក​នេះ។

រដ្ឋាភិបាល​ហុងកុង​បាន​និយាយ​ថា៖ «ក្រុមហ៊ុន BioNTech និង ​Fosun Pharma មិន​បាន​រក​ឃើញ​ហេតុផល​ណាមួយ​ដែល​ថា​ វ៉ាក់សាំង​នោះ​មិន​មាន​សុវត្ថិភាព​ឡើយ។ ទោះ​យ៉ាងណា ការ​ចែកចាយ​បណ្តុំ​វ៉ាក់សាំង​ Pfizer/BioNTech ចំនួន ២ ត្រូវ​បាន​ផ្អាក​រហូតដល់​មាន​ការ​ជូនដំណឹង​បន្ថែម»៕