ក្រុងប៊ុយដាប៉ែស៖ ប្រទេសហុងគ្រី កាលពីថ្ងៃពុធ បានយល់ព្រមទិញមីស៊ីលបាញ់ពីអាកាសទៅអាកាសក្នុងតម្លៃជាទឹកប្រាក់ ១ ពាន់លានដុល្លារពីអាមេរិក ជាកិច្ចព្រមព្រៀងមួយដែលប្រេសិតពិសេសរបស់ក្រុងវ៉ាស៊ីនតោនប្រចាំនៅទីក្រុងប៊ុយដាប៉ែស បានពិពណ៌នាថា ជាការទិញលក្ខណៈទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនរបស់សមាជិកអឺរ៉ុប ពីប្រទេសរបស់លោក។
យោងតាមទីភ្នាក់ងារព័ត៌មាន MTI របស់ប្រទេសហុងគ្រី បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិហុងគ្រី គឺលោក ទីប៊រ ប៊ិនកូ បានចុះហត្ថលេខានៅក្នុងលិខិតបង្ហាញបំណង ១ ដើម្បីទិញមីស៊ីលចម្ងាយមធ្យមទំនើបដែលអាចបាញ់ពីដែនអាកាសមួយទៅដែនអាកាសមួយជាមួយឯកអគ្គរដ្ឋទូតអាមេរិក គឺលោកដាវីដខនស្ទើរអ៊ីន។ លោក ដាវីដ ខនស្ទើអ៊ីន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជាទិញប្រព័ន្ធមីស៊ីលចម្ងាយមធ្យមដែលត្រូវបានផលិតដោយក្រុមហ៊ុនអាមេរិក ឈ្មោះ Raytheon Technologies គឺជា «ការទិញប្រព័ន្ធមីស៊ីលការពារជាតិក្នុងលក្ខណៈទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុន» របស់ប្រទេសហុងគ្រី ដែលជាសមាជិកអង្គការណាតូពីប្រទេសអាមេរិក។
លោកបានថ្លែងថា ការបញ្ជាទិញក្នុងតម្លៃទឹកប្រាក់ប្រហែល ១ ពាន់លានដុល្លារនោះ នឹង «កែលម្អ និងធ្វើឲ្យទាន់សម័យឡើងវិញនូវសមត្ថភាពការពារដែនអាកាសរបស់ហុងគ្រី និងដើម្បីផ្លាស់ប្តូរប្រព័ន្ធការពារដែនអាកាសសម័យសហភាពសូវៀតរបស់ខ្លួនចេញ»។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី វិកទ័រ អូរបាន់ កាលពីពេលកន្លងទៅ បានកំពុងចំណាយប្រាក់យ៉ាងច្រើនទៅលើវិស័យយោធា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
សមាមាត្រផលិតក្នុងស្រុកសរុបរបស់ប្រទេសហុងគ្រី បានចំណាយទៅលើវិស័យការពារជាតិបានកើនឡើងចាប់ពី ០,៩៥ ភាគរយ នៅក្នុងឆ្នាំ ២០១៣ រហូតដល់ចំនួន ១,២១ ភាគរយ នៅក្នុងឆ្នាំ ២០១៩។
ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានចាកចេញពីទីក្រុងប៊ុយដាប៉ែស ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ក្រុមប្រទេសអឺរ៉ុបភាគកណ្តាល នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការដាក់ពង្រាយកងកម្លាំងអាមេរិក ខណៈប្រទេសចិន និងរុស្ស៊ី កំពុងពង្រីកឥទ្ធិពលនៅក្នុងតំបន់នោះ៕ AFP/SK