
លោក Yoshihide Suga ចូលរួមសន្និសីទកាសែតនៅទីក្រុងតូក្យូកាលពីថ្ងៃទី ១៤ ឧសភា។ AFP
នៅមិនយូរទៀតទេ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ នឹងត្រូវចាប់ផ្ដើមក្នុងរយៈពេល ២ ខែខាងមុខ បើទោះជាស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសជប៉ុន ហាក់ស្ថិតនៅក្នុងស្ថានភាពប្រថុយប្រថាននៅឡើយ ក្នុងការប្រារព្ធព្រឹត្តិការណ៍ខ្នាតធំបែបនេះ។
បើយោងតាមការស្ទង់មតិ ប្រជាជនជប៉ុនកាលពីពេលថ្មីៗនេះ លទ្ធផលជាង ៧០% បានសម្ដែងភាពមិនពេញចិត្តចំពោះការសម្រេចឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនេះទេ ប៉ុន្តែគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅតែប្រកាន់ជំហរថា ព្រឹត្តិការណ៍នេះ នឹងត្រូវតែកើតឡើងឱ្យខាងតែបាន។
នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ក៏ដូចជាអ្នករៀបចំព្រឹត្តិការណ៍ក្នុងស្រុក និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) តែងតែប្រកាសជាផ្លូវការម្ដងហើយម្ដងទៀតថា ព្រឹត្តិការណ៍នេះនឹងនៅតែប្រព្រឹត្តឡើងតាមកាលបរិច្ឆេទ ពោលគឺនៅថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងតូក្យូ។
ក្នុងកិច្ចសន្យារវាងគណៈកម្មាធិការ IOC និងទីក្រុងតូក្យូ ដែលជាម្ចាស់ផ្ទះ មានចែងពីមាត្រា ១ ទាក់ទងនឹងការលុបព្រឹត្តិការណ៍នេះ ពោលគឺមានតែខាងគណៈកម្មាធិការ IOC ប៉ុណ្ណោះ ដែលមានសិទ្ធិក្នុងការលុបចោលមិនមែនខាងទីក្រុង ដែលជាម្ចាស់ផ្ទះនោះទេ។ នេះក៏ដោយសារតែព្រឹត្តិការណ៍កីឡាអូឡាំពិក គឺជាកម្មសិទ្ធិផ្តាច់មុខរបស់គណៈកម្មាធិការ IOC។ នេះបើយោងតាមមេធាវីកីឡាអន្តរជាតិគឺ លោក Alexandre Miguel Mestre បានប្រាប់សារព័ត៌មាន BBC។
ហេតុផល ១ ទៀត ដែលអាចត្រូវលុបព្រឹត្តិការណ៍បាន គឺក្នុងករណីដូចជា សង្គ្រាម ឬភាពវឹកវរស៊ីវិល គឺជាករណីដែលត្រូវគណៈកម្មាធិការ IOC ពិចារណាថា ត្រូវលុបចោល ឬយ៉ាងណា ក្នុងករណីរក្សាសុវត្ថិភាពដល់អ្នកចូលរួមទាំងអស់។ ក្នុងករណីនេះ ជំងឺរាតត្បាតកូវីដ ១៩ ក៏ជាការគំរាមកំហែងដែរ ទើបបានជាមានការជំទាស់ពីសំណាក់សាធារណជននានា។
ប្រសិនបើលុបចោលព្រឹត្តិការណ៍នេះមែន ការខាតបង់ផ្នែកហិរញ្ញវត្ថុ និងនយោបាយ ស្ថិតក្នុងកម្រិតខ្ពស់ខ្លាំងដែរ សូម្បីតែស្ថានភាពប្រទេសជប៉ុន ដែលកំពុងបន្ថែមពេលដាក់ទីក្រុងតូក្យូ និងអូសាកាក្នុងភាពអាសន្ន គួបផ្សំនឹងការសម្ដែងភាពមិនពេញចិត្តពីសំណាក់សាធារណជនក៏នៅតែមិនអាចបញ្ឈប់ការសម្រេចរបស់រដ្ឋាភិបាលបានដែរ។
បើយោងទៅតាមការសិក្សារបស់សាកលវិទ្យាល័យ Oxford ព្រឹត្តិការណ៍នេះ ចំណាយថវិកាច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។ តួលេខផ្លូវការបានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងចំណាយអស់ ១៥ ពាន់លានដុល្លារ កាលពីខែធ្នូ ឆ្នាំមុន ប៉ុន្តែសវនកម្មជាតិរបស់ជប៉ុនបានបន្ថែមតួលេខឱ្យទៅជា ២៦ ពាន់លានដុល្លារ ដោយសារត្រូវចំណាយលើវិធានការសុវត្ថិភាពការពារជំងឺកូវីដ ១៩។
ក្រៅពីការខាតបង់ថវិកានៅមានហេតុផលនយោបាយមួយចំនួនទៀត ដែលប្រទេសជប៉ុនត្រូវពិចារណា។ ជាក់ស្ដែងការប្រកួតបន្ទាប់ជាលក្ខណៈសកល ឆ្នាំក្រោយ គឺជាព្រឹត្តិការណ៍រដូវរងានៅខែកុម្ភៈ ឆ្នាំ ២០២២ ដែលរៀបចំឡើងដោយគូប្រជែងរបស់ខ្លួន គឺទីក្រុងប៉េកាំងនៃប្រទេសចិន។ ដូច្នេះ ទើបប្រទេសជប៉ុនហាក់ខិតខំប្រឹងប្រែង ដើម្បីរៀបចំព្រឹត្តិការណ៍អូឡាំពិកឱ្យទាល់តែបាន។
ប្រទេសជប៉ុន ធ្លាប់ធ្វើជាម្ចាស់ផ្ទះអូឡាំពិកចុងក្រោយបង្អស់គឺ កាលពីរដូវក្តៅឆ្នាំ ១៩៦៤។ ហើយនៅពេលនោះហើយ គឺជាពេលមួយដែលជប៉ុនអាចស្តារមុខមាត់ប្រទេសឡើងវិញ ក្រោយពីសង្គ្រាមលោកលើកទី២។
យ៉ាងណាមិញអ្នកនាំពាក្យរបស់គណៈកម្មាធិការ IOC គឺលោក Mark Adams បានឱ្យដឹងកាលពីថ្ងៃពុធ សប្ដាហ៍មុនថា មតិសាធារណៈនឹងមិនមានឥទ្ធិពលដល់ការសម្រេចចិត្តអ្នករៀបចំ ឬក៏ដៃគូរបស់ពួកគេឡើយ ព្រោះការសម្រេចរៀបចំព្រឹត្តិការណ៍ទៅបាន គឺស្ថិតនៅក្នុងកណ្ដាប់ដៃអត្តពលិក និងប្រទេសដែលពួកគេតំណាងនោះទេ។
កាលពីដើមឆ្នាំ ២០២០ កន្លងទៅ ខណៈពេលដែលជំងឺរាតត្បាតបានរីករាលដាលស្ទើរគ្រប់ប្រទេស មិនមែនខាងគណៈកម្មាធិការ IOC ឬ អ្នករៀបចំកម្មវិធីជាអ្នកសម្រេចឱ្យពន្យារព្រឹត្តិការណ៍នេះឡើយ ពោលគឺអូស្រ្តាលី និងកាណាដាទេ ដែលសុំមិនបញ្ជូនអត្តពលិក និងពន្យារព្រឹត្តិការណ៍នេះ។
បើយោងតាមសម្តីរបស់អតីតកីឡាករអូឡាំពិកលោក Sebastian Coe បានមានប្រសាសន៍ថា៖ «អត្តពលិកភាគច្រើន ដែលខ្ញុំធ្លាប់និយាយជាមួយ គឺចង់ឱ្យព្រឹត្តិការណ៍នេះកើតឡើង បើទោះជាគេដឹងហើយថា ការប្រកួតក្នុងស្ថានភាពនេះ មិនមែនជាការងាយស្រួលក៏ដោយ»។
សូម្បីជយលាភីកីទ្បាវាយកូនបាល់ល្បីឈ្មោះ បំផុតគឺកញ្ញា Naomi Osaka ក៏គាំទ្រចង់ឱ្យព្រឹត្តិការណ៍នេះកើតឡើងដែរ។ កញ្ញាបានឱ្យដឹងថា៖ «ពិតហើយ ខ្ញុំពិតជាចង់ឱ្យព្រឹត្តិការណ៍នេះកើតឡើង ព្រោះខ្ញុំជាអត្តពលិក ហើយក្នុងនាមជាអត្តពលិកនេះ គឺជាអ្វីដែលយើងរង់ចាំស្ទើរ ១ ជីវិតហើយ»។
ទោះយ៉ាងណាក្ដីអគ្គលេខាធិការនៃគណបក្ស LDP ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន លោក Toshihiro Nikai បាននិយាយកាលពីខែមេសាថា៖ «កីឡាអូឡាំពិកនឹងប្រព្រឹត្តទៅដោយគ្មានន័យអ្វីឡើយ ប្រសិនបើវាបង្កឱ្យមានជំងឺកើនឡើងកាន់តែច្រើន»។
ទោះជាយ៉ាងណាក្ដី កាលពីខែមេសាកន្លងទៅ អ្នករៀបចំកម្មវិធីបានចេញផ្សាយសៀវភៅណែនាំទី២ បង្ហាញពីពិធីសារសម្រាប់ការពារជំងឺកូវីដ ១៩ រួមបញ្ចូលនូវវិធានការមួយចំនួនរួមមានក្រៅពីវិធានការទូទៅក្នុងការការពារជំងឺកូវីដ ១៩ ខាងអ្នករៀបចំកម្មវិធីនឹងធ្វើការផ្តល់ការធ្វើតេស្តកូវីដ ១៩ ចំនួន ២ លើកដល់អត្តពលិក និងអ្នកដែលត្រូវធ្វើដំណើរមកប្រទេសជប៉ុន ហើយក៏នឹងត្រូវធ្វើតេស្តជាញឹកញាប់រៀងរាល់ថ្ងៃ ដើម្បីធានាសុវត្ថិភាព។
ប្រសិនបើអត្តពលិកតេស្តវិជ្ជមាននោះ ខាងអ្នករៀបចំកម្មវិធីនឹងត្រូវដាក់ពួកគេឱ្យនៅដាច់ដោយឡែក ហើយនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងនោះទេ ហើយអ្នកចូលរួមទាំងអស់នឹងត្រូវដោនឡូតកម្មវិធីចំនួន ២ សម្រាប់រាយការណ៍អំពីសុខភាព និងតាមដានទីតាំង ដែលពួកគេធ្លាប់បានទៅនៅក្នុងប្រទេសជប៉ុន។ អត្តពលិកនីមួយៗ នឹងទទួលបានស្មាតហ្វូន Samsung ម្នាក់ ១ គ្រឿង នៅពេលមកដល់ភូមិកីឡាអូឡាំពិក និងភូមិប៉ារ៉ាឡាំពិកដើម្បីតាមដានព័ត៌មានសុខភាព។
ដោយឡែក សម្រាប់អ្នកគាំទ្រនៅក្រៅប្រទេសក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកដែរ ប៉ុន្តែការសម្រេច ចិត្តនេះនឹងត្រូវផ្លាស់ប្ដូរ ឬយ៉ាងណានឹងត្រូវសម្រេចបន្ថែមនៅខែមិថុនាខាងមុខ។
អត្តពលិកក៏ត្រូវប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយខ្លួនឯង ចៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈ និងហាមមិនឱ្យធ្វើដំណើរទៅកន្លែងទេសចរណ៍ ផ្សារទំនើប ភោជនីយដ្ឋាន បារ៍ ឬកន្លែងហាត់ប្រាណសាធារណៈទេ។ អត្តពលិកក៏តម្រូវឱ្យចាកចេញពីប្រទេសជប៉ុន ភ្លាមក្នុងរយៈពេល ៤៨ ម៉ោង ក្រោយបញ្ចប់ការប្រកួតផងដែរ។
ដោយឡែកអង្គការសុខភាពពិភពលោក (WHO) ក៏ព្រមទទួលស្គាល់ការសម្រេចនេះផងដែរ ដោយទទូចឱ្យជប៉ុន ធ្វើយ៉ាងណាធានាឱ្យបានសុវត្ថិភាពបំផុតដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ៕