«យើង​មាន​ឱកាស​ ដើម្បី​រក្សា​ប្រជាជាតិ​អឺរ៉ុប​ឱ្យ​មាន​ភាព​រឹងមាំ ​មាន​សេរីភាព ​ស្រប​ជាមួយ​សហរដ្ឋ​អាមេរិក​ ចំណុច​ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​ប្រទេស​ខ្ញុំ​ចង់​បាន​។ ​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​ថវិកា​គ្រប់គ្រាន់​ គួប​ផ្សំ​ការ​ផ្តោត​លើ​ការ​ធ្វើ​សកម្មភាព​ នៃ​គម្រោង​គំនិត​ផ្តួច​ផ្តើម​សមុទ្រ​ទាំង ​៣ ​(​Three ​Seas ​Initiative​)​ នឹង​អាច​ជួយ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​រួម​ទាំង​អស់​នេះ​​»។​ នេះ​គឺ​ជា​សម្ដី​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Mike​ Pompeo ​នៅ​ក្នុង​កិច្ច​ប្រជុំ​តាមរយៈ​វីដេអូ​នៃ​គម្រោង​គំនិត​ផ្តួចផ្តើម​សមុទ្រ​ទាំង ​៣ (​Three ​Seas ​Initiative ​ឬ​ ហៅ​កាត់​ថា ​3​SI​) កាល​ពី​ថ្ងៃ​ចន្ទ​​ទី ​១៩​ តុលា។​

គម្រោង ​3SI​ ត្រូវ​គេ​ស្គាល់​ថា ​ជា​គម្រោង​រួម​មួយ​នៃ​សមុទ្រ​បាល់ទិក ​សមុទ្រ​អាឌ្រីអាទិក ​និង​សមុទ្រ​ខ្មៅ ​(BABS)​។ ​គម្រោង​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ ​២០១៥ ​ដោយ​ប្រទេស​ប៉ូឡូញ ​និង​ប្រទេស​ក្រូ​អាស៊ី​ ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​មាន​កិច្ច​សហការ​គ្នា ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​វិស័យ​ថាមពល ​ដឹក​ជញ្ជូន​ និង​ទំនាក់ទំនង​ឌីជីថល​។​

ប្រទេស​ទាំង ​១២​ នៃ​គម្រោង ​3SI​ គឺ​ជា​សមាជិក​សហភាព​អឺរ៉ុប​មក​ពី​តំបន់​អឺរ៉ុប​កណ្ដាល​ និង​អឺរ៉ុប​ខាង​កើត​រួម​មាន៖​ ប្រទេស​អូទ្រីស​ ប៊ុលហ្គារី ​ក្រូអាស៊ី ​សាធារណរដ្ឋ​ឆែក​ អេស្តូនី ​ហុងគ្រី ​ឡេតូនី ​លីទុយអានី​ ប៉ូឡូញ ​រូម៉ានី ​ស្លូវ៉ាគី ​និង ​ស្លូវេនី​។​

សមាជិក​ទាំង​អស់​របស់ ​3SI​ លើកលែង​តែ​អូទ្រីស ​គឺ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​។ ​ដែន​ដី​ប្រទេស​ទាំង​នេះ ​គឺ​ស្មើ​នឹង ​២៨ ភាគរយ ​នៃ​ទំហំ​ទឹក​ដី​របស់​សហភាព​អឺរ៉ុប​ និង​មាន ​២២ ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​ ប៉ុន្តែ​មាន​ការ​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​ត្រឹមតែ ​១០ ភាគរយ នៃ ​GDP ​របស់ ​EU​។​

មេ​ដឹកនាំ​ប្រទេស​ទាំង​នេះ​បាន​លើក​ឡើង​នូវ​ការ​វិនិយោគ​ទៅ​លើ​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ដូច​ជា​ ការ​សាងសង់​បំពង់​ឧស្ម័ន​ធម្មជាតិ​តភ្ជាប់​ពី​ប្រទេស​ប៉ូឡូញ ​ទៅ​ក្រូអាស៊ី ការ​សាងសង់​ស្ថានីយ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​នៅ​កំពង់ផែ​នៃ​ប្រទេស​នីមួយ​ៗ ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​សមុទ្រ​បាល់ទិក​ ដល់​សមុទ្រ​មេឌីទែរ៉ាណេ​។​ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​គម្រោង​គំនិត​ផ្តួច​ផ្តើម​សមុទ្រ​ទាំង ​៣​ មាន​ការ​រីក​ចម្រើន​តិចតួច​ ដោយសារ​កង្វះ​ថវិកា​ ខណៈ​ប្រទេស​ជា​សមាជិក​មិន​បាន​បង់​ចំណែក​របស់​ពួក​គេ​នៅ​ក្នុង​មូលនិធិ​សម្រាប់​វិនិ​យោគ​រួម​។​

នៅ​ខែ​កុម្ភៈ ​ឆ្នាំ ​២០២០ លោក ​ Pompeo ​បាន​សន្យា​ថា ​អាមេរិក​នឹង​ផ្ដល់​ថវិកា​ចំនួន​ ១ ​ពាន់​លាន​ដុល្លារ​សម្រាប់​មូល​និធិ​នេះ​។​ អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា ​សហរដ្ឋ​អាមេរិក​ខំ​ប្រឹង​គាំទ្រ​គម្រោង​នេះ ​ដោយសារ​ចង់​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន​ និង​រុស្ស៊ី ​ក្នុង​តំបន់​អឺរ៉ុប​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ប្រទេស​ទាំង ​១២ ​ដដែល​នេះ ​លោក​ Mike ​Pompeo ​បាន​និយាយ​ថា​៖​ ​«ខណៈ​យើង​កំពុង​អង្គុយ​នៅ​ទីនេះ ​អ្នក​ផ្ដាច់​ការ​និយម​នៅ​ម៉ូស្គូ​ និង​ប៉េកាំង​កំពុង​តែ​ប្រើ​ឧបាយកល​យក​កិច្ច​ព្រមព្រៀង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​ធ្វើ​ជា​មធ្យោបាយ​ ដើម្បី​ពង្រីក​យុទ្ធសាស្ដ្រ​ និង​នយោបាយ​គ្រប​ដណ្ដប់​លើ​ជន​សេរី​និយម​។ ​យើង​បាន​ឃើញ​ករណី​នេះ​ជាមួយ​នឹង​ Nord​ Stream2​។​ យើង​ក៏​បាន​ឃើញ​ពី​ផល​ប៉ះពាល់​នៃ​កិច្ច​ព្រមព្រៀង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ចិន​រួច​ហើយ​នៅ​ជុំវិញ​ពិភព​លោក​ ដែល​រាប់​ចាប់​ពី​នៅ​ប៉ាគីស្ថាន ​ម៉ុងតេណេហ្គ្រោ​​ និង​ប៉ាគីស្ថាន​»។​

កាល​ពី​ខែ​សីហា ​លោក ​Pompeo ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អូទ្រីស ​សាធារណរដ្ឋ​ឆែក ​ប៉ូឡូញ​ និង​ស្លូវេនី​ ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​ Clean​ Network​ របស់​អាមេរិក​ ដែល​គម្រោង​នេះ​មាន​គោល​បំណង​ហាម​ឃាត់​ការ​ប្រើប្រាស់​ឧបករណ៍​ប្រព័ន្ធ​ទូរស័ព្ទ​ 5G ​ផលិត​ដោយ​ក្រុមហ៊ុន ​Huawei​ របស់​ចិន​។ ​ប្រទេស​ជា​សមាជិក​ 3SI ភាគ​ច្រើន​បាន​ជ្រើសរើស​ចៀស​វាង​ផលិតផល​នេះ​ ហើយ​ប្រទេស​អេស្តូនី​ ក៏​បាន​សម្រេច​ចូលរួម​ក្នុង​កម្មវិធី ​Clean ​Network ​របស់​អាមេរិក​។​

ការ​សន្យា​ឧបត្ថម្ភ​ថវិកា​របស់​អាមេរិក​ក៏​ត្រូវ​បាន​គេ​គិត​ថា​ ជា​សកម្ម​ភាព​ពង្រឹង​គម្រោង​គំនិត​ផ្តួចផ្តើម​សមុទ្រ​ទាំង ​៣ ​ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​នៃ​គម្រោង​ក្រវាត់​ និង​ផ្លូវ​របស់​ចិន​។ ​អេស្តូនី​ និង​ហ្វាំងឡង់ ​បាន​ខ្ចី​ថវិកា​ពី​គម្រោង​ក្រវាត់ និង​ផ្លូវ ​ដើម្បី​សាងសង់​ផ្លូវ​ក្រោម​សមុទ្រ​ ដើម្បី​តភ្ជាប់​ប្រទេស​ទាំង ​២។​

អាមេរិក​ក៏​បាន​ប្រឆាំង​នឹង​ការ​សាងសង់​បំពង់​ឧស្ម័ន​ធម្មជាតិ ​Nord ​Stream ​2 ​របស់​រុស្ស៊ី​ដោយ​បាន​អះអាង​ថា ​បំពង់​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​វិស័យ​ថាមពល​អឺរ៉ុប​។​ អាមេរិក​បាន​ជំរុញ​ឱ្យ​ធ្វើ​ការ​សាងសង់​ស្ថានីយ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​តាមរយៈ​គម្រោង ​3SI​ ដើម្បី​លក់​ឧស្ម័ន​ធម្មជាតិ​របស់​ខ្លួន​ក្នុង​ទីផ្សារ​អឺរ៉ុប​។​

ក្រៅ​ពី​នេះ​សហរដ្ឋ​អាមេរិក​ក៏​មាន​ពាក់ព័ន្ធ​នឹង​គម្រោង​ថាមពល​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​។​ ជាក់​ស្តែង​ នៅ​រូម៉ានី ​អាមេរិក​បាន​សន្យា​ចំណាយ ​៨ ​ពាន់​លាន​ដុល្លារ ​ដើម្បី​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ ឬ​ធ្វើ​ទំនើបកម្ម​ទៅ​លើ​រោងចក្រ​ដែល​មាន​ស្រាប់​៕​