ករណី​ឆ្លង​កូវីដ ១៩ នៅ​ប្រទេស​ឥណ្ឌា​មាន​ការកើនឡើង​ខ្លាំង​បំផុត​ក្នុង​ប៉ុន្មាន​ខែ​កន្លងមកនេះ ដោយ​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ប្រទេស​នេះ​បាន​រកឃើញ​ករណី​ថ្មី​ចំនួន ២៩៥ ០៤១ ក្នុង ១ ថ្ងៃ ដែលជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់មាន និង​ជា​សញ្ញាណ​មួយ​បង្ហាញថា ករណី​កូវីដ​នឹងមិន​ងាយ​ថយចុះ​ក្នុង​រយៈពេល​ខ្លី​នោះ​ឡើយ។

បើ​យោងតាម​សារព័ត៌មាន The Guardian មាន​កត្តា​ចំនួន ៤ ធំៗ ដែល​បណ្ដាល​ឱ្យ​រលក​ទី ២ នេះ​កាន់តែ​កាច​សាហាវ​ជាង​រលក​ទី ។ កត្តា​ទី ១ គឺ កង្វះ​ការត្រៀមខ្លួន​របស់​រដ្ឋាភិបាល។ កាលពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ ស្ថានភាព​កូវីដ១៩ នៅ​ប្រទេស​នេះ​ហាក់ដូចជា​ស្ថិតនៅក្នុង​ការគ្រប់គ្រង​បាន​នៅឡើយ ដោយមាន​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​ប្រមាណ​ជាង ១០ ០០០ នាក់​ក្នុង ១ ថ្ងៃ​ប៉ុណ្ណោះ ដែល​នេះ​ត្រូវបាន​គេ​ចាត់ទុកថា មាន​កម្រិត​ទាប​ហើយ​សម្រាប់​ប្រទេស ដែល​មាន​ប្រជាជន ១,៣ ពាន់​លាន​នាក់​ដូច​ប្រទេស​ឥណ្ឌា។

ប៉ុន្តែ​ក្រោយមក​ចំនួន​ករណី​វិជ្ជមាន​បាន​កើនឡើង​ដល់​ទៅ ២០ ដង​ក្នុង​អំឡុង​ពេលដែល​រដ្ឋាភិបាល​បាត់បង់​ការប្រុងប្រយ័ត្ន និង​មិនបាន​ត្រៀម​ទុកជាមុន។ លោក Bhramar Mukherjee អ្នកជំនាញ​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ Michigan ដែល​តែង​តាមដាន​ករណីនេះ​នៅ​ឥណ្ឌា​បាន​ឱ្យ​ដឹងថា ប្រទេស​ឥណ្ឌា​មិនបាន​ស្វែងយល់​អំពី​ករណី ដែល​ប្រទេស​អាចនឹង​ទទួល​រលក​នូវ​រលក​ថ្មី​ជាច្រើន​លើក ដូច​ក្នុង​ករណី​នៅ​ប្រទេស​ប្រេស៊ីល​ និង​ចក្រភព​អង់គ្លេស ដើម្បី​ត្រៀម​រួចរាល់​សម្រាប់​ស្ថាន​ភាពស្រដៀងគ្នា​នោះទេ។

កត្តា​ទី ២ គឺ​កត្តា​វ៉ារ្យ៉ង់​ថ្មី​នៃ​វីរ៉ុស​កូវីដ១៩ និង​ការមិន​បាន​ព្រាងទុក​របស់​វិស័យ​សុខាភិបាល ដែល​ត្រូវបាន​មនុស្ស​ភាគច្រើន​អះអាង​ថា ជា​កត្តា​ចម្បង ដែល​ជំរុញ​ឱ្យ​មាន​រលក​ទី ២ នេះ។ មាន​របាយការណ៍​ជាច្រើន​បាន​រាយការណ៍​អំពី​ចំនួន​ករណី​កង្វះ​គ្រែពេទ្យ និង​សម្ភារ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ ជាពិសេស ឧស្ម័ន​អុកស៊ីហ្ស៊ែន។ លោក A Velumani ប្រធាន​ និង​ជា​នាយក​គ្រប់គ្រង​នៅ​មន្ទីរពិសោធន៍​ឯកជន​ធំ​បំផុត​របស់​ឥណ្ឌា Thyrocare បាន​និយាយថា ម្នាក់ៗគ្មាន​បាន​ព្រាងទុក​ចំពោះ​ករណី​ដ៏ច្រើន​បែបនេះ​ទេ។ ចំនួន​នេះ​មាន​ចំនួន​ច្រើនជាង​ឆ្នាំមុន​ដល់​ទៅ ៣ ដង​ឯណោះ។

អ្នកជំនាញ​ភ័យខ្លាច​ថា កត្តា​វ៉ារ្យ៉ង់​ថ្មី​នេះ​បង្ក​ឱ្យ​ករណី​ឆ្លង​នៅ​រលក​ទី ២ នេះ ហើយ​ប្រទេស​ឥណ្ឌា​ដើរ​ទៅ​តាម​គន្លង​ប្រទេស​ប្រេស៊ីល​ដោយ​បារម្ភ​ថា នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុខាភិបាល និង​សេដ្ឋកិច្ច​ផងដែរ។ លោក K Srinath Reddy ប្រធាន​មូលនិធិ​សុខភាព​សាធារណៈ​នៃ​ប្រទេស​ឥណ្ឌា​បាន​ឱ្យ​ដឹងថា៖ «ប្រព័ន្ធ​សុខាភិបាល​មិន​បាន​ត្រៀមខ្លួន​ចំពោះ​រលក​ទី ២ នេះ​ទេ។ មនុស្ស​ជាច្រើន​នៅក្នុង​រដ្ឋបាល ទូទាំង​ប្រទេស​មិន​នឹកស្មានថា វា​នឹង​កើនឡើង​ច្រើន​ដូចនេះ​ទេ ហើយ​អ្នកខ្លះ​ក៏បាន​សន្មត​ថា ប្រទេស​គ្រប់គ្រង​បាន​ហើយ»។

កត្តា​ទី ៣ គឺ​ប្រកាស​បញ្ចប់​ការបិទ​ខ្ទប់​ប្រទេស​លឿន​ពេក។ ប្រទេស​ឥណ្ឌា ត្រូវបាន​គេ​កោតសរសើរ ចំពោះ​វិធាន​ការបិទ​ខ្ទប់​ប្រទេស​យ៉ាង​ឆាប់រហ័ស​កាលពី​ឆ្នាំមុន ប៉ុន្តែ​ក៏ត្រូវ​ទទួលរង​ការរិះគន់​ដែរ ដោយសារ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បន្ធូរបន្ថយ​ការបិទ​ខ្ទប់​លឿន​ពេក។ លោក Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​បដិសេធ​នឹង​ការលើកឡើង​ថា វិធានការ​ទូទាំងប្រទេស​គួរតែ​ត្រូវ​រឹតបន្តឹង​ក្នុង​អំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​ហិណ្ឌូ​ផងដែរ។

លោក Modi និង​គណបក្ស Bharatiya Janata របស់លោក​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បានចាត់ទុក​ផលប្រយោជន៍​នយោបាយ​ធំ​ជាង​បញ្ហា​សុខភាព​សាធារណៈ ដោយ​អនុញ្ញាត​ឱ្យ​មានការ​ប្រារព្ធ​ពិធីបុណ្យ ជាពិសេស​ពិធីបុណ្យ Kumbh Mela ដែលជា​ការជួបជុំ​ដ៏ធំ​មួយ​នៅ Haridwar ដែល​បាន​ទាក់ទាញ​មនុស្ស​ជាង ២៥ លាន​នាក់​ចាប់តាំងពី​ខែមករា ដោយ​ក្នុងនោះ​មាន​មនុស្ស​ប្រហែល ៤,៦ លាន​នាក់​បាន​ចូលរួម​កាលពី​សប្តាហ៍​មុន និង​ភាគច្រើន​មានការ​ធ្វេសប្រហែស និង​មិន​អើពើ​គោរព​តាម​គោលការណ៍​ការពារ​ជំងឺឆ្លង​នោះទេ។

កត្តា​ចុងក្រោយ​នោះ គឺ​ការចែកចាយ​វ៉ាក់សាំង។ ប្រទេស​ឥណ្ឌា​បាន​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ដ៏ធំ​មួយ ប៉ុន្តែ​នៅ​មិនទាន់​គ្រប់គ្រាន់ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​នៅឡើយ​ទេ។ ឥណ្ឌា​បាន​នាំចូល​វ៉ាក់សាំង​ប្រមាណ ១០០ លានដូស ប៉ុន្តែ​ប្រទេស​នេះ​បែរជា​ត្រូវ​ជួប​បញ្ហា​កង្វះ​ការផ្គត់ផ្គង់​វ៉ាក់សាំង​ទៅវិញ។ រដ្ឋាភិបាល​បានឱ្យដឹង​កាលពី​សប្តាហ៍​មុន​ថា ប្រទេស​នេះ​នៅសល់​វ៉ាក់សាំង​តិចជាង ២៧ លាន​ដូស​ទៀត​ប៉ុណ្ណោះ ដែល​គ្រប់គ្រាន់​សម្រាប់​ចែកចាយ​ក្នុង​រយៈពេល​តែ ៩ ថ្ងៃ។

គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស​ផលិត​វ៉ាក់សាំង​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​រំពឹងថា​នឹង​បង្វែរ​ផលិតកម្ម​មួយចំនួន​របស់​ខ្លួន ដើម្បី​ប្រើប្រាស់​ក្នុងស្រុក​វិញ ដែល​ជា​ហេតុ​បង្កឱ្យមាន​ការព្រួយបារម្ភ​អំពី​បញ្ហា​កង្វះខាត​ផ្គត់ផ្គង់​ឱ្យ​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក៕