
លោក Anthony Fauci ថ្លែងក្នុងអំឡុងសវនាការអំពីការប៉ាន់ប្រមាណថវិកាសម្រាប់ស្រាវជ្រាវឱសថ។ AFP
សម្មតិកម្មមួយបែកធ្លាយចេញពីមន្ទីរពិសោធន៍នៅ Wuhan ដែលថា អ្នកស្រាវជ្រាវជាច្រើននៅមន្ទីរពិសោធន៍នេះ បានធ្លាក់ខ្លួនឈឺកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ រហូតដល់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែគេមិនច្បាស់ថា តើអ្នកស្រាវជ្រាវទាំងនោះឆ្លងជំងឺកូវីដ ១៩ ឬយ៉ាងណាឡើយហើយមន្ទីរពិសោធន៍នេះក៏បានបដិសេធសម្មតិកម្មនេះផងដែរ ដោយហៅថា ជាការកុហក។
សម្មតិកម្មដែលបែកធ្លាយពីប្រភពដើមនៃជំងឺនេះ ត្រូវបានបង្ហាញដោយក្រុមមន្ត្រីរដ្ឋបាល Trump ហើយអ្នកខ្លះ ក៏បានបង្កើតជាសម្មតិកម្មថ្មីផ្សេងៗទៀត ហើយក៏បានក្លាយទៅជាប្រធានបទជជែកវែកញែកដ៏សំខាន់មួយ។
យ៉ាងណាមិញ កាលពីសប្តាហ៍មុនអ្នកវិទ្យាសាស្ត្រឈានមុខចំនួន ១៨ នាក់ បានចេញសេចក្ដីថ្លែងការណ៍មួយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រសិក្សាមួយ អំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីកំណត់ពីប្រភពដើមនៃជំងឺនេះ។
សេចក្ដីថ្លែងការណ៍នោះបានសរសេរថា៖ «ទ្រឹស្ដីនៃការបែកធ្លាយជំងឺចេញពីមន្ទីរពិសោធន៍ និងការលេចចេញនូវវីរុសចេញពីសត្វនេះ គួរតែត្រូវមានការស៊ើបអង្កេតបន្ថែម»។
លិខិតនោះ មានការអំពាវនាវស្រដៀងគ្នានឹងការអំពាវនាវពីអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) TedrosAdhanom Ghebreyesus។ ក្នុងអំឡុងពេលសវនាការព្រឹទ្ធសភា កាលពីសប្តាហ៍មុនស្តីពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺរាតត្បាតនេះ លោក Anthony Fauci ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រនៃសេតវិមាន White House អាមេរិកបាននិយាយថា លោកពេញចិត្តនឹងឱ្យមានការស៊ើបអង្កេតបន្ថែមទៀតអំពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសចិន ព្រោះលោកមិនជឿថា ជំងឺនេះកើតឡើងដោយឯកឯងឡើយ។
យ៉ាងណាមិញ ការលើកឡើងរបស់លោក Fauci បង្កឱ្យមានការខឹងសម្បាពីសំណាក់សារព័ត៌មានចិន Global Times ដែលបានចេញផ្សាយនូវអត្ថបទមួយ ដោយដាក់ចំណងជើងថា «សីលធម៌របស់ឥស្សរជនអាមេរិក កាន់តែយ៉ាប់យ៉ឺន រួមទាំងលោក Fauci ដែរ»។
និពន្ធនាយកនៅសារព័ត៌មាននេះ គឺលោក Hu Xijin បានចោទប្រកាន់លោក Fauci ថា «គាំទ្រទ្រឹស្ដីភូតកុហកដ៏ធំមួយប្រឆាំងនឹងប្រទេសចិន» ទាក់ទិននឹងទ្រឹស្តីដែលថា ជំងឺកូវីដ ១៩ ចេញពីមន្ទីរពិសោធន៍ Wuhan។ អត្ថបទដាច់ដោយឡែកមួយទៀតនៃសារព័ត៌មានដដែលនេះ ក៏បានហៅលោកថា ជាជន «ក្បត់នឹងអ្នកវិទ្យាសាស្ត្រចិន»។
ទីប្រឹក្សារបស់អង្គការ WHO Jamie Metzl បាននិយាយថា ទ្រឹស្ដីបែកធ្លាយជំងឺកូវីដ ១៩ ចេញពីមន្ទីរពិសោធន៍នេះ គឺធ្វើឡើងដើម្បីឱ្យអ្នកវិទ្យាសាស្ត្របានសិក្សាឱ្យកាន់តែជ្រៅជាងនេះក្នុងគោលបំណងបង្កើតវ៉ាក់សាំងការពារឱ្យកាន់តែខ្លាំងប៉ុណ្ណោះ។
នៅក្នុងការសិក្សាស៊ីជម្រៅ មួយដែលធ្វើឡើងដោយអង្គការ WHO ជាមួយរដ្ឋាភិបាលចិនដែលបានចេញផ្សាយក្នុងខែមីនា បានរកឃើញប្រភពផ្សេងៗគ្នានៃជំងឺនេះ ហើយបានសន្និដ្ឋានថា ខណៈពេលដែលវាមិនទាន់អាចបញ្ជាក់បានថា តើជំងឺវិវឌ្ឍយ៉ាងដូចម្តេច វាទំនងអាចកើតចេញពីសត្វប្រចៀវរួចចម្លងទៅមនុស្សដោយផ្ទាល់។
របាយការណ៍ដដែលនេះ ក៏បានអះអាងថា ទ្រឹស្តីនៃការបែកធ្លាយជំងឺចេញពីមន្ទីរពិសោធន៍នៅ Wuhan នេះ គឺមិនទំនងទាល់តែសោះ នឹងបានលើកឡើងពីទឡ្ហីករណ៍ ដើម្បីប្រឆាំងនឹងទ្រឹស្តីនេះផងដែរ។ របាយការណ៍ស៊ើបការណ៍សម្ងាត់អាមេរិកឥឡូវនេះ បង្ហាញថា កម្មករមន្ទីរពិសោធន៍មានជំងឺតាំងពីមុនខែធ្នូ ឯណោះ។
យ៉ាងណាមិញ មន្ត្រីអង្គការ WHO ក៏នៅតែអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម និងការបើកចិត្តឱ្យទូលាយពីសំណាក់ប្រទេសចិន ផងដែរ។
ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រកំពូលៗ ដែលមានបទពិសោធពាក់ព័ន្ធស្រាវជ្រាវជំងឺនេះ បានរិះគន់របាយការណ៍របស់អង្គការ WHO ថា មិនបានយកចិត្តទុកដាក់ទាក់ទិននឹងទ្រឹស្ដីនេះ ឱ្យគ្រប់គ្រាន់ដោយអំពាវនាវឱ្យអង្គការនេះ គិតគូរអំពីទាំងករណីធម្មជាតិ និងមន្ទីរពិសោធន៍ឱ្យជាក់ច្បាស់ជាងនេះ រហូតដល់មានទិន្នន័យគ្រប់គ្រាន់៕