ក្រុង​បាកក៖ ​ហ្វូង​មនុស្ស​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​ចំនួន​រាប់​ម៉ឺន​នាក់​ដែល​បាន​ដឹកនាំ​ដោយ​ក្រុម​អ្នក​គ្រប់គ្រង​ក្នុង​តំបន់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ពុធ​ ក្នុង​ការ​បង្ហាញ​អំពី​ការ​​ស្មោះ​ត្រង់​​ចំពោះ​របប​រាជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ថៃ ​បច្ចុប្បន្ន​។​

ក្រុម​អ្នក​រាជានិយម​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​ថ្មី​របស់​ក្រុម​អ្នក​តវ៉ា​និស្សិត​មួយ​ចំនួន​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​របប​រាជាធិបតេយ្យ​ បាន​ធ្វើ​ឡើង​នៅ​តាម បណ្តា​ខេត្ត​មួយ​ចំនួន​​នៅ​ក្នុង​នោះ​រួម​មាន​ នៅ​ខេត្ត​ឈៀងម៉ៃ ​ឈុន​បុរី​ ឡាំប៉ាង​ ណានណារ៉ាធីវ៉ាត ​និង​ខេត្ត​​ស៊ុងក្លា​។​

ការ​ប្រមូល​ផ្តុំ​ខ្លះ​ត្រូវ​បាន​រៀបចំ​ជា​ផ្នែក​នៃ​ការ​ប្រារព្ធ​ខួប​ចម្រើន​ព្រះជន្ម​របស់​ម្ចាស់ក្សត្រី​ស្រ៊ីហ្គារីនដ្រា​លើក​ទី១២០​ ជា​សម្តេច​យាយ​របស់​ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន​ និង​ជា​ព្រះមាតា​របស់​អតីត​ព្រះមហាក្សត្រ​ទី៩ គឺ​ព្រះអង្គ ​ភូមិបុល-អាឌុលយ៉ាដេត​ ដ៏​អស្ចារ្យ​​។​

នៅ​ក្នុង​ខេត្ត​ស៊ុងក្លា​ មនុស្ស​រាប់​ពាន់​នាក់​ បាន​ស្លៀក​ពាក់​ពណ៌​លឿង​ដែល​ជា​ពណ៌​ខួប​កំណើត​ប្រពៃណី​ថៃ​របស់​ព្រះមហាក្សត្រ​ថៃ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ស្រុក​រ៉ានុត ​និង​សាធីងប្រា​។ ​នៅ​ក្នុង​ខេត្ត​ណារ៉ាធីវ៉ាត​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​ក្រុម​អាវ​លឿង​ចំនួន ​២ ​ម៉ឺន​នាក់ ​បាន​ដង្ហែ​ក្បួន​នៅ​ក្នុង​ស្រុក​​ស៊ុងកៃកូ​ឡុក​។ ​

ការ​ប្រមូល​ផ្តុំ​ស្រដៀង​គ្នា​នោះ​ ត្រូវ​បាន​គេ​រៀបចំ​ផែនការ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ នៅ​មុន​បញ្ចប់​នៅ​ខែ​នេះ​។​

ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​អ្នក​រាជានិយម​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​នៅ​ក្នុង​ទីក្រុង​បាងកក​ និង​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ប្រទេស​ថៃ ​ផ្សេង​ទៀត​ ហើយ​ពួក​គេ​បាន​អំពាវនាវ​ឱ្យ​នាយក​រដ្ឋមន្ត្រី​លោក ​ប្រាយុធ ​ចាន-អូចា​ ចុះចេញ​ពី​តំណែង​។​

នៅ​សាកល​វិទ្យាល័យ​រ៉ាម-កំហ៊េង​នៅ​ទីក្រុង​បាងកក ​ក្រុម​គាំទ្រ​រាជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ពុធ ​បាន​ប្រកាស​ថា​ ពួក​គេ​នឹង​ការពារ​ស្ថាប័ន​ព្រះមហាក្សត្រ​មួយ​នេះ​។​

លោក ​ផាន់ស៊ូវ៉ាន់​ ណាកែវ​ ជា​តំណាង​ម្នាក់​របស់​ក្រុម​និស្សិត​សាកល​វិទ្យាល័យ​រ៉ាមកំហ៊េង​ និង​ក្រុម​អតីត​និស្សិត​សាកល​វិទ្យាល័យ​ផ្សេង​ទៀត ​បាន​អាន​សេចក្តី​ថ្លែងការណ៍ ​១ ​ដែល​បាន​ថ្កោល​ទោស​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃទី ​១៤​ ខែ​តុលា​ នៅ​ពេល​ក្រុម​អ្នក​តវ៉ា​បាន​លើក​ម្រាម​ដៃ ​៣​ គោរព​ក្បួន​រថយន្ត​អម​ដំណើរ​ព្រះទីនាំង​របស់​ព្រះមហាក្សត្រិយានី​ ដែល​បាន​កំពុង​យាង​​ឆ្លង​កាត់​តាម​បណ្តោយ​ផ្លូវ​ភិស្សុណុលោក​។​

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា ​«ក្រុម​អ្នក​ដែល​បាន​ទាញ​ខ្សែ​នៅ​ពី​ក្រោយ​ឧប្បត្តិហេតុ​នោះ​ ត្រូវ​តែ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ជា​ដាច់​ខាត​»​។​

ក្រុម​នោះ​បាន​ស្នើ​ឱ្យ​យុវជន​ស្មោះត្រង់ ​ចំពោះ​របប​រាជាធិបតេយ្យ​ត្រូវ​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃទី ​៣១ ​ខែ​តុលា​ នៅ​សាកល​វិទ្យាល័យ ​Ramkhamhaeng។​

លោក ​ទូសសាផូល​ ម៉ានុនរ៉ាត​ ជា​តំណាង​ម្នាក់​មក​ពី​ក្រុម​និស្សិត​វិជ្ជាជីវៈ ​គឺ​ក្រុម​អាឈីវ៉ាក់​ ឆួយឆាត ​(ក្រុម​វិជ្ជាជីវៈ​ជួយ​ជាតិ) ​បាន​ថ្លែង​ថា ​ក្រុម​ទាំង​នោះ​នឹង​មិន​បង្ក​​ហិង្សា​ ហើយ​នឹង​មិន​ប្រឈម​មុខ​ជាមួយ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នោះ​ដែរ​។​

ក្រុម​នោះ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ស្នាក់នៅ​សាកលវិទ្យាល័យ ​Ramkhamhaeng៕ BKP/SK​