ក្រុងហារ៉ារ៉េៈ ហ្ស៊ីមបាវ៉េ កាលពីថ្ងៃសុក្រ បានបិទប្រព័ន្ធផ្សព្វផ្សាយភាគច្រើន ខណៈការរិះគន់ពីអន្តរជាតិ បានកើនឡើងជុំវិញការបង្រ្កាបរបស់សន្តិសុខឥតឈប់ឈរក្រោយពីមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនោះ។

ប៉ូលិស និងទាហានត្រូវរងការចោទប្រកាន់ចំពោះការចាប់ទាញមនុស្សចេញពីផ្ទះសំបែងរបស់ពួកគេនិងវាយដំពួកគេ។

មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន និងក្រុមគ្រូពេទ្យ បាននិយាយថា ពួកគេបានព្យាបាលជនរងគ្រោះរាប់សិបនាក់ ដោយសារត្រូវគ្រាប់កាំភ្លើង។

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានជំរុញឲ្យក្រុងហារ៉ារ៉េបញ្ឈប់ការបង្ក្រាប ដោយបានសម្តែងការព្រួយបារម្ភចំពោះការប្រើកម្លាំងជ្រុលពេករបស់កងកម្លាំងសន្តិសុខ ដែលនៅក្នុងនោះមានរបាយការណ៍អំពីពួកគេប្រើប្រាស់គ្រាប់ពិតបាញ់ទៅលើក្រុមអ្នកតវ៉ា។

ការិយាល័យនោះ ក៏បានជំរុញឲ្យរដ្ឋាភិបាលហ្ស៊ីមបាវ៉េ ស្វែងរកមធ្យោបាយទំនាក់ទំនងជាមួយប្រជាជន ដើម្បីដឹងពីទុក្ខសោករបស់ពួកគេ។

ការតវ៉ានៅទូទាំងប្រទេសបានផ្ទុះឡើងកាលពីថ្ងៃចន្ទ ក្រោយពីលោកប្រធានាធិបតី អែមមឺសាន់ ម៉ានហ្គាវ៉ា បានថ្លែងថា តម្លៃប្រេងនឹងកើនឡើងទ្វេដងនៅក្នុងប្រទេសមួយដែលខ្វះក្រដាសប្រាក់ ប្រេង អាហារ និងថ្នាំពេទ្យ។

អ៊ីនធឺណិត ត្រូវបានបិទទាំងស្រុងទូទាំងប្រទេសដែលបានធ្វើឲ្យ MDC ជាបក្សប្រឆាំងដ៏ធំ ជាងគេចោទរដ្ឋាភិបាលពីបទព្យាយាមបិទព័ត៌មានទាក់ទងទៅនឹងកិច្ចប្រតិបតិ្តការរបស់សន្តិសុខ៕ AFP/PSA