អគ្គរដ្ឋអាជ្ញាអាមេរិកលោក William Barr បានប្រកាសកាលពីថ្ងៃអង្គារ ទី ១ ខែធ្នូ ថា ក្រសួងយុត្តិធម៌អាមេរិកមិនបានរកឃើញភ័ស្តុតាងដែលបញ្ជាក់ថា មានការក្លែងបន្លំទ្រង់ទ្រាយធំណាមួយ ដែលអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី ៣ ខែវិច្ឆិកា នោះទេ។
ការលើកឡើងរបស់លោក Barr ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន The Associated Press បែបនេះ គឺផ្ទុយពីការអះអាងដោយមិនមានមូលដ្ឋានរបស់លោកប្រធានាធិបតី Donald Trump និងក្រុមមេធាវីផ្ទាល់ខ្លួនរបស់លោកថា មានការក្លែងបន្លំអត្តសញ្ញាណអ្នកបោះឆ្នោត និងក្លែងសន្លឹកឆ្នោតផ្ញើតាមសំបុត្រក្នុងការបោះឆ្នោត ៣ វិច្ឆិកា។
លោក Barr បាននិយាយថា៖ «រហូតមកដល់បច្ចុប្បន្ននេះ យើងមិនបានឃើញការក្លែងបន្លំក្នុងកម្រិតមួយដែលអាចជះឥទ្ធិពលដល់លទ្ធផលក្នុងការបោះឆ្នោតនោះទេ»។
លោក Barr ក៏បានច្រានចោលការផ្សព្វផ្សាយរបស់ក្រុមមេធាវីផ្ទាល់ខ្លួនលោក Trump ដែលបានអះអាងថា ម៉ាស៊ីនរាប់សន្លឹកឆ្នោតផលិតដោយក្រុមហ៊ុន Dominion Voting Systems បានត្រឡប់សន្លឹកឆ្នោតលោក Trump ទៅជាសន្លឹកលោក Biden និងអះអាងថា កម្មវិធីដំណើរការរបស់ម៉ាស៊ីនទាំងនេះ គឺបង្កើតដោយអតីតប្រធានាធិបតីវេណេហ្ស៊ីយអេឡាលោក Hugo Chavez ដែលស្លាប់តាំងពីឆ្នាំ ២០១៣។
លោក Barr និយាយថា៖ «មានការអះអាងមួយដែលអាចជាការលួចបន្លំលក្ខណៈជាប្រព័ន្ធហើយការអះអាងនោះគឺថា ម៉ាស៊ីនរាប់សន្លឹកឆ្នោតត្រូវបានគេរៀបចំចេញលទ្ធផលលម្អៀង។ ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងយុត្តិធម៌ក៏បានពិនិត្យលើរឿងនេះផងដែរ ប៉ុន្តែមកដល់ពេលនេះយើងមិនអាចរកឃើញអ្វីដែលអាចបញ្ជាក់បានឡើយ។»
ជាការកត់សម្គាល់លោក Barr គឺជាអ្នកគាំទ្រលោក Trump ខ្លាំងបំផុតក្នុងចំណោមគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន។ តាំងពីពេលមុនបោះឆ្នោត លោក Barr បានអះអាងជាច្រើនលើកច្រើនសាថា ការបោះឆ្នោតតាមប្រអប់សំបុត្រ គឺងាយនឹងរងការក្លែងបន្លំ។
ក្រោយការបោះឆ្នោតលោក Barr បានចេញការណែនាំទៅកាន់រដ្ឋអាជ្ញាទូទាំងប្រទេសអាមេរិក ឱ្យស៊ើបអង្កេតទៅលើការចោទប្រកាន់ណាមួយ ដែលទាក់ទងនឹងភាពមិនប្រក្រតីការបោះឆ្នោត។ ដូច្នេះចង់មិនចង់សម្តីរបស់លោក Barr ក្នុងការសម្ភាសនេះ គឺបានច្រានចោលការអះអាងទាំងអស់នាពេលកន្លងមក។
លោក Trump មិនបានអត្ថាធិប្បាយលើសម្តីរបស់លោក Barr តែលោកមេធាវី Rudy Giuliani បានច្រានចោលការវាយតម្លៃរបស់លោក Barr។ លោក Giuliani បានសរសេរក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ដោយគោរពយ៉ាងជ្រាលជ្រៅចំពោះអគ្គរដ្ឋអាជ្ញា មតិរបស់លោកហាក់ដូចជាគ្មានចំណេះដឹង ឬការស៊ើបអង្កេតអំពីភាពមិនប្រក្រតី និងភ័ស្តុតាងនៃការក្លែងបន្លំលក្ខណៈជាប្រព័ន្ធ។»
លោក Giuliani បានបន្តទៀតថា៖ «យើងមានសាក្សីជាច្រើនបានស្បថថា ពួកគេបានឃើញការប្រព្រឹត្តឧក្រិដ្ឋកម្មពាក់ព័ន្ធទៅនឹងការបន្លំអត្តសញ្ញាណអ្នកបោះឆ្នោត។ តាមដែលយើងដឹងមិនមែនមានមនុស្សម្នាក់ណា ដែលត្រូវបានសម្ភាសដោយក្រសួងយុត្តិធម៌។ ក្រសួងយុត្តិធម៌ក៏មិនបានធ្វើសវនកម្មលើម៉ាស៊ីនបោះឆ្នោតណាមួយឡើយ ឬប្រើអំណាចដីការបស់ខ្លួន ដើម្បីស្វែងរកការពិត។»
ក្រុមមេធាវីដឹកនាំដោយលោក Giuliani បានដាក់ពាក្យបណ្ដឹងនៅរដ្ឋសំខាន់ចំនួន ៦ ដើម្បីធ្វើការត្រឡប់លទ្ធផលពីលោក Biden ទៅលោក Trump វិញតាមការចោទប្រកាន់ដោយមិនមានភ័ស្តុតាងទាំងនេះ។ ក្នុងរដ្ឋទាំង ៦ ក្រុមមេធាវី និងសហការីបានដាក់ពាក្យបណ្ដឹងប្រមាណជាង ៤០។ ពាក្យបណ្ដឹងសឹងទាំងអស់ត្រូវបានទទួលបរាជ័យ។
មកដល់ពេលនេះ លោក Biden ត្រូវបានគេសន្មតថា ទទួលបានអង្គបោះឆ្នោត ៣០៦ ធៀបនឹង ២៣២ របស់លោក Trump។ រដ្ឋសំខាន់ដូចជា Arizona, Georgia, Michigan, Nevada, Pennsylvania, និង Wisconsin បានធ្វើការបញ្ជាក់លទ្ធផលបោះឆ្នោតរួចហើយតែលោក Trump នៅបន្តប្ដឹងឱ្យលុបចោលការបញ្ជាក់របស់រដ្ឋទាំងនេះ៕