បុរីញូវយ៉ក៖ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ អង់តូនីញ៉ូ ​ហ្គុយតឺរេស ​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹងប្រែង ​ដើម្បី​ការពារ​សុខភាព​ និង​សិទ្ធិ​របស់​ស្ត្រី​ និង​ក្មេង​ស្រីៗ​។

លោក​ ​ហ្គុយ​តឺរេស ​បាន​ថ្លែង​ក្នុង​សារ​សម្រាប់​ទិវា​ប្រជាជន​ពិភព​លោក ​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី ​១១ ​ខែ​កក្កដា ​ជា​រៀង​រាល់​ឆ្នាំ​ថា៖ ​«​ចូរ​យើង​ធ្វើ​សកម្មភាព​ ដើម្បី​ការពារ​សុខភាព​ផ្លូវ​ភេទ​ និង​ការ​បន្ត​ពូជ​ ការពារ​​សិទ្ធិ​របស់​ស្ត្រី ​និង​ក្មេង​ស្រី​ និង​បញ្ចប់​អំពើ​ហិង្សា​ដែល​ពាក់ព័ន្ធ​នឹង​​ភេទ»​។​

ជំងឺ​រាត​ត្បាត​កូវីដ ​១៩ ​​បាន​ធ្វើ​ឲ្យ​ការងារ​របស់​យើង​កាន់​តែ​លំបាក​ ប៉ុន្តែ​យើង​ត្រូវ​តែ​ទទួល​បាន​ជ័យ​ជម្នះ​។​

លោក​បាន​ថ្លែង​ថា​ ​ជំងឺ​រាតត្បាត​នេះ ​កំពុង​ធ្វើ​ឲ្យ​វិសមភាព​ដែល​មាន​ស្រាប់​ និង​ភាព​ងាយ​រង​ប៉ះ​ពាល់ ​ជា​ពិសេស​សម្រាប់​ស្ត្រី​ និង​ក្មេង​ស្រីៗ ​កាន់​តែ​ជ្រៅ​ទៅៗ។

លោក ​ហ្គុយតឺរេស បាន​ព្រមាន​ថា៖ «​ដោយ​​ប្រទេស​ជា​ច្រើន​ដែល​កំពុង​ត្រូវ​បាន​បិទ ​និង​ប្រព័ន្ធ​សុខភាព ​ដែល​កំពុង​ប្រឹងប្រែង​ដោះ​ស្រាយ​នេះ ​សេវា​សុខភាព​ផ្លូវ​ភេទ​ និង​ការ​បន្ត​ពូជ​ កំពុង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​សូវ​សំខាន់​​ហើយ​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​​​ភេទ​កំពុង​កើន​ឡើង»។

យោង​តាម​ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​មូលនិធិ​ប្រជាជន​អង្គការ​សហប្រជាជាតិ ​(UNFPA) បាន​ប៉ាន់​ប្រមាណ​ថា ​ប្រសិន​បើ​ការ​បិទ​ប្រទេស​បន្ត​រយៈពេល ​៦ ​ខែ​ទៀត ​ដោយ​មាន​ការ​រំខាន​ដល់​សេវា​សុខភាព​ស្ត្រី ​៤៧ ​លាន​នាក់​ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម​ប្រហែល​ជា​មិន​អាច​ទទួល​បាន​សេវា​សុខភាព​បន្ត​ពូជ​ទំនើប​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «បញ្ហា​នេះ ​បាន​បណ្តាល​ឲ្យ​ស្ត្រី ​៧ ​លាន​នាក់ ​មាន​ផ្ទៃ​ពោះ​ដោយ​ឥត​គ្រោង​ទុក​»។

លោក​អគ្គលេខាធិការ​បាន​ថ្លែង​ទៀត​ថា ​លើស​ពី​នេះ​ទៅ​ទៀត​ករណី​ហិង្សា​ទាក់ទង​នឹង​ភេទ​ប្រហែល ​៣១ ​​លាន​ករណី​បន្ថែម​ទៀត​ ក៏​អាច​រំពឹង​ទុក​ថា​នឹង​កើត​ឡើង​ដែរ​។​

លោក ​ហ្គុយតឺរេស បាន​កត់​សម្គាល់​ឃើញ​ថា៖ «​ជា​រៀង​រាល់​ឆ្នាំ​ ក្មេង​ស្រី​រាប់​លាន​នាក់ ​ត្រូវ​អនុវត្ត​ការងារ​ដែល​ធ្វើ​ឲ្យ​​ពួក​គេ​ប៉ះពាល់​ទាំង​រាង​កាយ ​​និង​ស្មារតី​ ដោយ​បាន​ដក​សិទ្ធិ​ពី​ពួក​គេ​មិន​​ឲ្យ​ឈាន​ដល់​សក្តានុពល​របស់​ពួក​គេ​​​យ៉ាង​ពេញ​លេញ​នោះ​ទេ»។

លោក ​ហ្គុយតឺរេស​ បាន​ថ្លែង​ដោយ​លើក​ឡើង​ពី​ស្ថានភាព​ប្រជាជន​ឆ្នាំ ​២០២០ ​ថា ​ក្មេង​ស្រី​ជាង ​៤ ​លាន​នាក់ ​នឹង​ត្រូវ​រង​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ​និង ​១២ ​លាន​នាក់ ​ត្រូវ​បង្ខំ​ឲ្យ​រៀប​ការ​ក្នុង​ឆ្នាំ​នេះ​។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា៖ «ការ​បិទ​ប្រទេស​ដែល​បាន​កើត​ចេញ​ពី​ជំងឺ​រាត​ត្បាត​កូវីដ ១៩ ​​នេះ ​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​​ធ្វើ​បញ្ហា​ជា​ច្រើន​កាន់​តែ​អាក្រក់​ថែម​ទៀត​»។

មន្ត្រី​កំពូល​អង្គការ​សហប្រជាជាតិ​រូប​នេះ ​បាន​ថ្លែង​ថា​បទពិសោធ​ និង​ការ​ស្រាវជ្រាវ​ជា​ច្រើន​ទសវត្សរ៍​បាន​បង្ហាញ​ថា ​វិធីសាស្ត្រ​សំខាន់ៗ​អាច​ផ្លាស់​ប្តូរ​គោលការណ៍ ​និង​ឥរិយាបថ​ដែល​ពាក់ព័ន្ធ​នឹង​​ភេទ​បាន៕ Xinhua/PSA