ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ ពុធ​ ទី ២​ ខែធ្នូ ​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​ទូទៅ​នៃ​វ៉ាក់សាំង COVID-19​ ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer ​និង​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech ដោយ​មាន​ផែនការ​ចាប់​ផ្ដើម​ការ​ចែកចាយ​នៅ​សប្ដាហ៍​ក្រោយ​។

«NHS (សេវា​សុខាភិបាល​ជាតិ) ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ចាប់​ផ្ដើមចាក់​វ៉ាក់សាំង​នៅ​ដើម​សប្ដាហ៍​ក្រោយ» ​នេះ​ជា​សម្តី​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចក្រភព​អង់គ្លេស​លោក ​Matt Hancock ​ដែល​និយាយ​ក្រោយ​ពី​ភ្នាក់ងារ​និយតកម្ម​ឱសថ​ និង​ផលិតផល ​ថែទាំ​សុខភាព (MHRA) ​ចេញ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នេះ​។

លោក​ Hancock ​ក៏​បាន​ប្រកាស​ថា ​គេ​នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ស្តុក​ដំបូង​នៃ​វ៉ាក់សាំង​ចំនួន ៨ សែន​ដូស​ពី​រោងចក្រ​ BioNTech ​នៅ​ឯ​ប្រទេស​បែលហ្ស៊ិក​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ ហើយ​រំពឹង​ថា ​នឹង​មាន​វ៉ាក់សាំង​រាប់​លាន​ដូស​នៅ​ដំណាច់​ឆ្នាំ។

ប្រទេស​អង់គ្លេស​ បាន​បញ្ជា​ទិញ​វ៉ាក់សាំង Pfizer/BioNtech ​ចំនួន​ ៤០ ​លាន​ដូស​ ដែល​គ្រប់គ្រាន់​សម្រាប់​មនុស្ស ​២០ ​លាន​នាក់ ដោយ​បុគ្គល​នីមួយៗ ​ត្រូវ​ទទួល​ដូស​ចំនួន​ ២។

រដ្ឋាភិបាល​អង់គ្លេស​បាន​កំណត់​ថា​ បុគ្គល​ចាស់​ជរា​ ឬ​ពិការ​ដែល​រស់នៅ​ក្នុង​មន្ទីរ​ថែទាំ គឺ​មាន​អាទិភាព​ទទួល​វ៉ាក់សាំង​ COVID-19​ មុន​គេ។ តែ​ដោយសារ​ស្ថាប័ន​ទាំង​នេះ​មិន​មាន​វិធីសាស្ត្រ​ស្តុក​ទុក​វ៉ាក់សាំង​នៅ​សីតុណ្ហភាព​ត្រឹមត្រូវ​ដូច​នៅ​មន្ទីរពេទ្យ​ធ្វើ​ឱ្យ​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​ វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល​ផ្សេង​ទៀត ​នឹង​ទទួល​វ៉ាក់សាំង​នេះ​មុន​វិញ​។

ចក្រភព​អង់គ្លេស​បាន​ធ្វើ​ការ​អនុញ្ញាត​នេះ​មុន​ប្រទេស​ផ្សេង​ដែល​កំពុង​វាយ​តម្លៃ​វ៉ាក់សាំង Pfizer/BioNtech​ និង​ផ្អែក​ទៅ​លើ​ការ​វិភាគ​ទិន្នន័យ​ដោយ​ក្រុមហ៊ុន​ទាំង​ស្រុង​។

សហរដ្ឋ​អាមេរិក​កំពុង​តែ​ធ្វើ​ការវិភាគ​ទិន្នន័យ​សារ​ឡើង​វិញ​ មុន​នឹង​ធ្វើ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​ទូទៅ​ និង​ចំណាយ​ពេល​យូរ​ទៀត​ ខណៈ​ពេល​ដែល​ប្រជាជន​ប្រមាណ​ ១ ៥០០ នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ ដោយសារ​ជំងឺ​កូវីដ ១៩ ​នេះ។ ​រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាមេរិក ​(FDA) នឹង​ធ្វើ​ការ​ជួប​ប្រជុំ​អ្នក​ជំនាញ​នៅ​ថ្ងៃទី ១០ ធ្នូ​ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​វ៉ាក់សាំង​នេះ។

បើ​ទោះបី​វ៉ាក់សាំង​នេះ ​មិន​ទាន់​បាន​ទទួល​ការ​អនុញ្ញាត​ក៏​ដោយ ក៏​ក្រុមហ៊ុន​ Pfizer​ បាន​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​វ៉ាក់សាំង​មក​ស្តុកទុក​នៅ​ក្នុង​ដែនដី​សហរដ្ឋ​អាមេរិក ដើម្បី​ត្រៀម​ចែកចាយ​ភ្លាមៗ​នៅ​ពេល​ដែល​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់។ ​គណៈកម្មាធិការ​ប្រឹក្សាយោបល់​នៃ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ធ្វើ​ការ​ណែនាំ​ឱ្យ​ផ្ដល់​វ៉ាក់សាំង​ទៅ​ក្រុម​អាទិភាព​ដូចជា​វេជ្ជបណ្ឌិត​ និង​បុគ្គលិក​សុខាភិបាល​។

ស្រដៀង​នឹង​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ នឹង​រៀបចំ​ការ​ប្រជុំ​អ្នក​ជំនាញ​នៅ​​ចុង​ខែ​ធ្នូ ដើម្បី​ធ្វើ​ការ​​ពិភាក្សា​អំពី​វ៉ាក់សាំង​នេះ​។ ការ​វាយ​តម្លៃ គឺ​អាច​ចំណាយ​ពេល​យូរ ព្រោះ​សហភាព​អឺរ៉ុប​ត្រូវ​ការ​មតិ​ពី​ប្រទេស​ជា​សមាជិក​ទាំង ២៦។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​​ចក្រភព​អង់គ្លេស ​បាន​ធ្វើ​ការ​ប្រកាស​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​វីដេអូ​មួយ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin​ បាន​បញ្ជា​ឱ្យ​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ផលិត​ក្នុង​ស្រុក Sputnik V​ ជា​ទូទៅ ដោយ​មាន​ការ​អះអាង​ពី​រដ្ឋមន្ត្រី​សុខាភិបាល​រុស្ស៊ី​ថា ​ប្រជាជន​រុស្ស៊ី​ប្រមាណ ១ ​សែន​នាក់​ បាន​ទទួល​វ៉ាក់សាំង​នេះ​រួច​ទៅ​ហើយ​។ ប្រទេសរុ​ស្សី ​តែងតែ​ធ្វើ​ការ​ប្រកាស​ទាក់ទង​នឹង​លទ្ធផលវ៉ាក់​សាំង​របស់​ខ្លួន ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ប្រទេស​លោក​ខាង​លិច​ធ្វើ​ការ​ប្រកាស​លទ្ធផល​វ៉ាក់សាំង​របស់​ពួក​គេ​។

វ៉ាក់សាំង​លោក​ខាង​លិច​ផ្សេងៗ​ទៀត​ដែល​គេ​រំពឹង​ថា​នឹង​មាន​ប្រើ​ក្នុង​ពេល​ឆាប់ៗ​នេះ​រួម​មាន​វ៉ាក់សាំង Moderna​ និង​វ៉ាក់សាំង​ AstraZeneca/​សាកលវិទ្យាល័យ​ Oxford។

រហូត​មក​ដល់​ពេល​នេះ ​មាន​ករណី​ឆ្លង​ COVID-19 សរុប​ជិត​ដល់​ ៦៥ ​លាន​នាក់​ និង​ករណី​ស្លាប់​ជិត ១,៥​ លាន​នាក់​ហើយ។​ ខណៈ​ពេល​ដែល​មាន​ការ​រឹត​បន្តឹង​ជុំវិញ​ពិភព​លោក​ ដើម្បី​បង្ការ​ការ​ឆ្លង​មាន​ការ​រាយការណ៍​ថា​ សហរដ្ឋ​អាមេរិក​នឹង​កាត់​បន្ថយ​រយៈពេល​ចត្តាឡីស័កពី ​១៤ ​ថ្ងៃ ​មក​ត្រឹម​ ១០ ថ្ងៃ​វិញ​ ហើយ​អាច​កាត់​បន្ថយ​រហូត​ដល់ ៧ ថ្ងៃ​ បើ​សិន​ធ្វើ​តេស្ត​លើក​ដំបូង​ឃើញ​អវិជ្ជមាន​៕