កាល​ពី​ថ្ងៃ​ពុធ ទី៩​ ធ្នូ និយតករ​ចក្រភព​អង់គ្លេស​បាន​ណែនាំ​ជន​ដែល​មាន​ប្រវត្តិ​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​មិន​ឱ្យ​ចាក់​វ៉ាក់សាំង ​Covid-19 ​ផលិត​ដោយ​ក្រុមហ៊ុន​ Pfizer និង BioNTech ក្រោយ​ពី​បុគ្គលិក​សុខាភិបាល ​២ រូប ​បាន​រាយការណ៍​ថា ​ពួក​គេ​បាន​ចេញ​រោគ​សញ្ញា​ប្រតិកម្ម​អាល្លែកហ្ស៊ី​ បន្ទាប់​ពី​បាន​ទទួល​វ៉ាក់សាំង​មុន ​១ ​ថ្ងៃ។

លោក Stephan Powis ​នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សេវា​សុខាភិបាល​ជាតិ​អង់គ្លេស​ (NHS) ​បាន​និយាយ​ថា៖ «ជា​ធម្មតា​ក្នុង​វ៉ាក់សាំង​ថ្មី​ ភ្នាក់ងារ​និយតកម្ម​ឱសថ និង​ផលិតផល​ថែទាំ​សុខភាព (MHRA) ​បាន​ណែនាំ​ដោយ​ប្រុងប្រយ័ត្ន​ជា​មុន​ថា ​អ្នក​ដែល​មាន​ប្រវត្តិ​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​មិន​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ​ទេ​ បន្ទាប់​ពី​មនុស្ស​​ ​២ នាក់ ​ដែល​មាន​ប្រវត្តិ​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​បាន​ប្រតិកម្ម​មិន​ល្អ​កាល​ពី​ម្សិលមិញ»។

បុគ្គលិក​ទាំង​ ២ ​រូប​នេះ​បាន​រង​​ប្រតិកម្ម​អាល្លែកហ្ស៊ី​ប្រភេទ​អាណាហ្វី​ឡាក់​តូអ៊ីត​ (anaphylactoid reaction)​ ដែល​មាន​រោគសញ្ញា​ទូទៅ​ដូចជា​កន្ទួល​លើ​ស្បែក​ការ​ពិបាក​ដក​ដង្ហើម និង​តាម​ពេល​មាន​​ការ​ធ្លាក់​សម្ពាធ​ឈាម​ ហើយ​បើ​មិន​មាន​ការ​ព្យាបាល​អាច​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ផង​ដែរ​។ អ្នក​ទាំង ​២ ​បាន​ទទួល​ការ​ព្យាបាល​ហើយ​ឥឡូវ​ពួក​គេ​បាន​ធូរ​ស្បើយ​។

ការ​ណែនាំ​របស់​ MHRA​ គឺ​អនុវត្ត​ទៅ​លើ​បុគ្គល​ណា​ដែល​ធ្លាប់​ប្រតិកម្ម​ទៅ​នឹង​វ៉ាក់សាំង​ឱសថ ​ឬ​ម្ហូប​អាហារ​ណា​មួយ ​ធ្លាប់​មាន​ប្រវត្តិ​ប្រតិកម្ម​អាណាហ្វីឡាក់តូអ៊ីត​ ឬ​ត្រូវ​បាន​វេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​យក​ថ្នាំ ​Adrenaline តាម​ខ្លួន​ជានិច្ច។ ​MHRA ​ក៏​បាន​បញ្ជាក់​ថា​ ការ​ចាក់​វ៉ាក់សាំង​ត្រូវ​តែ​ធ្វើ​នៅ​កន្លែង​ដែល​មាន​ឧបករណ៍​ជួយ​សង្គ្រោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រតិ កម្ម​នេះ ​គឺ​ផ្សេង​ពី​ប្រតិកម្ម​ប្រភេទ​អាណាហ្វីឡាក់ទិក​ (anaphylactic reaction) ​ត្រង់​ចំណុច​ថា​ ប្រតិកម្ម​អាណាហ្វីឡាក់ទិក​ គឺ​​​ជា​ប្រតិកម្ម​ហួស​ហេតុ​នៃ​ប្រព័ន្ធភាព​ស៊ាំ​របស់​រាងកាយ ហើយ​ប្រតិកម្ម​អាណាហ្វីឡាក់តូអ៊ីត​ គឺ​មិន​ទាក់ទង​នឹង​ប្រព័ន្ធ​ភាព​​ស៊ាំ​ទេ ​តែ​ប្រតិកម្ម​ទាំង ២ ​នេះ ​គឺ​មាន​រោគ​សញ្ញា​ដូចគ្នា។

ករណី​អាល្លែកហ្ស៊ី​ទាំង ​២ ​គឺ​ស្ថិត​​ក្រោម​ការ​ស៊ើប​អង្កេត​ដោយ​​អ្នក​នាំពាក្យ ​MHRA​ ១ ​រូប​បាន​និយាយ​ថា៖ «យើង​កំពុង​ស៊ើប​អង្កេត​យ៉ាង​ពេញ​លេញ​​​ចំពោះ​របាយការណ៍​ទាំង ​២ ​ដែល​​ត្រូវ​បាន​រាយការណ៍​មក​​យើង​ដែល​ជា​បញ្ហា​អាទិភាព​»។

អ្នក​នាំពាក្យ​បាន​បន្ត​ទៀត​ថា៖ «នៅពេល​ដែល​ព័ត៌មាន​ទាំង​អស់​​ត្រូវ​បាន​ពិនិត្យ​យើង​នឹង​ចេញ​ផ្សាយ​ការ​ណែនាំ​ថ្មី»។

ក្រុមហ៊ុន ​Pfizer និង BioNTech បាន​ឱ្យ​ដឹង​ថា ​ពួក​គេ​គាំទ្រ​ការ​ស៊ើប​អង្កេត​នេះ​ដោយ​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ក្នុង​វិធានការ​ប្រុងប្រយ័ត្ន​ជាមុន ​MHRA បាន​ចេញ​​សេចក្ដី​ណែនាំ​បណ្ដោះអាសន្ន​ដល់ ​NHS ​ខណៈ​ពេល​ដែល​​ពួក​គេ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែងយល់​ឱ្យ​បាន​ពេញ​លេញ​អំពី​ករណី​នីមួយៗ ​និង​មូលហេតុ​បង្ក។ Pfizer​ និង​ BioNTech ​កំពុង​គាំទ្រ ​MHRA​ក្នុង​ការ​ស៊ើប​អង្កេត»។

Pfizer និង​ BioNTech ​បាន​បន្ត​​ទៀត​ថា៖ «នៅ​ក្នុង​ការ​សាកល្បង​ដំណាក់​កាល​សំខាន់​ទី៣ វ៉ាក់សាំង​នេះ​ជា​ទូទៅ​ត្រូវ​បាន​ទទួល​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​ធ្ងន់ធ្ងរ​អំពី​សុវត្ថិភាព​ដែល​ត្រូវ​​បាន​រាយការណ៍​ដោយ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ទិន្នន័យ​ឯករាជ្យ។ ​ការ​សាកល្បង​នេះ​មាន​អ្នក​ចូលរួម​ជាង ​៤៤ ០០០ នាក់​ ហើយ​មក​ដល់​ពេល​នេះ​មាន​អ្នក​ចូលរួម​ច្រើន​ជាង ​៤២ ០០០ ​នាក់ ​បាន​ចាក់​​វ៉ាក់សាំង​ដូស​ទី ២»។

ក្នុង​ឯកសារ​របស់​រដ្ឋបាល​ម្ហូប​អាហារ​ និង​ឱសថ​អាមេរិក ​(FDA)​ ​បញ្ចេញ​កាល​ពី​ថ្ងៃ​អង្គារ​ ទី ៨​ បាន​​បង្ហាញ​ថា​ ទិន្នន័យ​ការ​សាកល្បង​របស់ ​Pfizer និង​ BioNTech បាន​ឱ្យ​ឃើញ​ថា ​កម្រិត​ប្រតិកម្ម​អាល្លែកហ្ស៊ី​ក្នុង​ចំណោម​ក្រុម​ទទួល​វ៉ាក់សាំង ​គឺ​ខ្ពស់​ជាង​​ក្រុម​ប្រើ ​Placebo​ បន្តិច​ដោយ ០,៦៣% ​ក្នុង​ក្រុម​វ៉ាក់សាំង​ធៀប​​នឹង ០,៥១% ​ក្នុង​ក្រុម​ Placebo។

តែ​នៅ​ក្នុង​ឯកសារ​ស្ដីពី​វិធីសាស្ត្រ​ការ​សាកល្បង​របស់​ Pfizer ​បាន​បង្ហាញ​ថា ​បុគ្គល​ដែល​​មាន​ប្រវត្តិ​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ ​(ធ្លាប់​ប្រតិកម្ម​អាណាហ្វីឡាក់តូអ៊ីត ​ឬ​អាណាហ្វីឡាក់ទិក) គឺ​មិន​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ការ​សាកល្បង​នេះ​ទេ​។

គណៈកម្មាធិការ​ពិគ្រោះ​យោបល់​របស់ ​FDA ​បាន​ធ្វើ​ការ​ជួប​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​១០ ​ដើម្បី​​ពិភាក្សា​ថា តើ​គួរ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ជា​បន្ទាន់​ដែរ​ឬ​ទេ​? ហើយ​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​ គណៈ​កម្មាធិការ និង​ពិភាក្សា​លើ​បញ្ហា​អាល្លែកហ្ស៊ី​នេះ​​។

យ៉ាងណា​មិញ​ចក្រភព​អង់គ្លេស​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ ​កាល​ពី​ថ្ងៃ​ទី​ ២ ធ្នូ​ ដោយ​ចាប់ចាក់​នៅ​ថ្ងៃ​អង្គារ ទី ៨។ ​លើកលែង​តែ​ជន​ដែល​មាន​ប្រវត្តិ​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​ការ​ចាក់​វ៉ាក់​សាំង គឺ​នៅ​បន្ត​ក្នុង​មន្ទីរ​ពេទ្យ​ទូទាំង​ប្រទេស​ដែល​មក​ដល់​ពេល​​នេះ​បាន​ផ្ដល់​ជូន​ដល់​ក្រុម​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ។​គេ​រំពឹង​ថា ​ការ​ផ្ដល់​វ៉ាក់សាំង​ដូសទី​២ ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ២៩ ​ខែធ្នូ​៕