អង់គ្លេស​ត្រូវ​តែ​បញ្ចប់​រាល់​ការ​បូម​យក​ប្រេង ​និង​ឧស្ម័ន​នៅ​សមុទ្រ​ខាង​ជើង​ជា​បន្ទាន់ ​ដែល​នោះ​គឺ​ជា​ការ​ព្រមាន​ពី​សំណាក់​ក្រុម​អ្នក​ធ្វើ​​យុទ្ធនាការ​បៃតង​កាល​ពី​ថ្ងៃ​ទី​ ០៥ ​ខែធ្នូ។ ការ​ព្រមាន​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​កាលពី​សប្តាហ៍​មុន​របស់​ប្រទេស​ដាណឺម៉ាក ​ដើម្បី​បញ្ឈប់​ការ​រុករក​ប្រេង ​និង​ឧស្ម័ន​ធម្មជាតិ ដែល​ជា​ផ្នែក​មួយ​​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ដាណឺម៉ាក​ក្នុង​ការ​កាត់​បន្ថយ​ការ​បំភាយ​​ឧស្ម័ន​កាបូនិច​ និង​ដោះ​ស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ។

ចក្រភព​អង់គ្លេស​មិន​បាន​ប្រកាស​​ផែនការ​បញ្ចប់​ការ​រុក​រក​ឧស្ម័ន ​និង​ប្រេង ឬ​បញ្ឈប់​ការ​ទាញ​យក​រ៉ែ​នៅ​សមុទ្រ​ខាង​ជើង​ទេ​ មិន​ថា​មាន​ការ​ឡើង​កម្ដៅ​ផែន​ដី ​និង​មាន​​ការ​ទាញ​យក ​និង​ដុត​​ឥន្ធនៈ​ហ្វូស៊ីល​​​ក៏​ដោយ។ យ៉ាង​ណា​មិញ​​ ទោះបី​​មិន​មាន​ផែនការ​ច្បាស់​​លាស់​ទាក់ទង​នឹង​ការ​បញ្ចប់​ការ​រុក​រក​ឧស្ម័ន​ និង​ប្រេង នាយក​រដ្ឋមន្រ្តី​ចក្រភព​អង់គ្លេស​លោក ​Boris Johnson​ បាន​ប្រកាស​កាល​​ពី​ថ្ងៃ​​សុក្រ ​ទី ៤ ធ្នូ ​ថា អង់គ្លេស​​មាន​គោល​​បំណង​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័ន​កាបូនិច​យ៉ាង​ហោច​​ណាស់ ​៦៨% ​​ក្នុង​ចន្លោះ ​ឆ្នាំ ១៩៩០ ​ដល់​ចុង​ឆ្នាំ ២០៣០។

លោក Ken Penton ​អ្នក​ធ្វើ​យុទ្ធនាការ​អាកាសធាតុ​ចក្រភព​អង់គ្លេស​របស់​អង្គការ​អន្តរជាតិ ​Global Witness​ បាន​និយាយ​ថា៖ «ប្រសិន​បើ​ចក្រភព​អង់គ្លេស​ក្លាយ​ជា​អ្នក​ដឹកនាំ​ទាក់ទង​នឹង​បម្រែបម្រួល​អាកាសធាតុ​ពិភព​លោក​ចក្រភព​អង់គ្លេស​ត្រូវ​តែ​អនុវត្ត​តាម​ការ​ដឹកនាំ​របស់​ដាណឺម៉ាក ដោយ​បញ្ឈប់​ការ​ចេញ​អាជ្ញា​ប័ណ្ណ​រុក​រក​ប្រេង ​និង​ឧស្ម័ន​ថ្មី​»។

តែ​ផ្ទុយ​ពី​ការ​សម្រេច​ចិត្ត​របស់​ដាណឺម៉ាក លោក Johnson ​កាល​ពី​សប្តាហ៍​មុន​បាន​ផ្តោត​ការ​​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ទៅ​លើ​ការ​ចេញ​គោល​ដៅ​ថ្មី។ ​គោលដៅ​ថ្មី​នោះ​ទាក់ទង​នឹង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ចេញ​ដោយ​គណៈកម្មាធិការ​បម្រែបម្រួល​អាកាសធាតុ​ចក្រភព​អង់គ្លេស។ គោល​ដៅ​ថ្មី​នឹង​ងាយ​ស្រួល​ដល់​គោល​​បំណង​របស់​ចក្រភព​អង់គ្លេស​ ក្នុង​ការ​កាត់​បន្ថយ​ការ​បំភាយ​​ឧស្ម័ន​ជាង ៦៨​% ​នៅ​ឆ្នាំ ​២០៣០។

លោក ​Johnson​ បាន​និយាយ​ថា គោលដៅ​ថ្មី​គួរ​តែ​ជំរុញ​ឱកាស​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការ​ឈាន​ដល់​គោលដៅ​របស់​ខ្លួន ​គឺ​ការ​មិន​បំភាយ​ឧស្ម័ន​ផ្ទះ​​កញ្ចក់​នៅ​ឆ្នាំ ​២០៥០។ ទន្ទឹម​នឹង​នេះ​ដែរ លោក​បាន​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ឈប់​មិន​ឱ្យ​ប្រើ​រថយន្ត​ម៉ាស៊ូត​ និង​ប្រេង​ឥន្ធនៈ ​ជំរុញ​ឱ្យ​មាន​កសិដ្ឋាន​ខ្យល់​នៅ​ឯ​នាយ​សមុទ្រ​វិនិយោគ​លើ​អ៊ីដ្រូហ្ស៊ែន​ និង​បច្ចេកវិទ្យា​ឥន្ធនៈ។ ​តែ​សម្រាប់​ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា ផែនការ​នេះ​​ខ្វះ​ចំណុច​លម្អិត ​ខណៈ​មេ​ដឹកនាំ​អាជីវកម្ម​បាន​ព្រមាន​ថា​ ចាំបាច់​ត្រូវ​មាន​ការ​វិនិយោគ​ជា​ច្រើន​ ​ដើម្បី​សម្រេច​គោលដៅ​ថ្មី​ទាំង​អម្បាលម៉ាន។

របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​សាធារណៈ​ (Institute for Public Policy Research) ​បាន​​រក​ឃើញ​ថា កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ដែល​រក្សា​ប្រេង​ និង​ឧស្ម័ន​នៅ​សមុទ្រ​ខាង​ជើង​ក្នុង​ពេល​ដែល​ការ​ធ្វើ​វិនិយោគ​ទុន​ឆ្ពោះ​ទៅ​រក​ឧស្សាហកម្ម​កាបូន​ទាប​អាច​ធានា​បាន​នូវ​វិស័យ​ការងារ និង​ជួយ​ចក្រភព​អង់គ្លេស​នាំមុខ​ក្នុង​កិច្ច​ពិភាក្សា​វិបត្តិ​នៅ Glasgow ​នៅ​ឆ្នាំ​ក្រោយ។ សមុទ្រ​ខាង​ជើង​ត្រូវ​បាន​រង​គ្រោះ​យ៉ាងខ្លាំង​ដោយសារ​ការ​ដួល​រលំ​ទីផ្សារ​ប្រេង​នៅ​ក្នុង​ឆ្នាំ ២០១៥​ ហើយ​ម្តង​ទៀត​នៅ​ឆ្នាំ ​២០២០ ​នេះ នៅ​ពេល​ដែល​​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ដោយសារ​មិន​សូវ​មាន​តម្រូវ​ការ​ប្រេង​ឥន្ធនៈ សម្រាប់​ការ​ដឹក​ជញ្ជូន​​អំឡុង​ពេល​មាន​រោគរាត​ត្បាត​កូវីដ ១៩​។

រដ្ឋាភិបាល​ដាណឺម៉ាក ​បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី៤​ ខែធ្នូ ដើម្បី​លុប​ចោល​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ប្រេង​ និង​ឧស្ម័ន​នៅ​សមុទ្រ​ខាង​ជើង​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល ​៨០ ឆ្នាំ ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​អ៊ីដ្រូកាបូន។​ លោកស្រី Helene Hagel មក​ពី ​Greenpeace ​ប្រទេសដា​ណឺម៉ាក​ បាន​និយាយ​ថា ការ​បោះឆ្នោត​សភា​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​មាន​សំអាង​ថា ខ្លួន​ជា​អ្នក​នាំមុខ​ក្នុង​ពិភព​លោក​ និង​ជំរុញ​ប្រទេស​ដទៃ​ទៀត​ ឱ្យ​បញ្ចប់​ការ​ពឹង​ផ្អែក​លើ​ហ្វូស៊ីល​ឥន្ធនៈ​ដែល​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​បរិយាកាស។

ប្រទេស​ដាណឺម៉ាក ​នឹង​បញ្ចប់​រាល់​ការ​រុករក​ប្រេង ​និង​ឧស្ម័ន​ថ្មី​នៅ​​សមុទ្រ​ខាង​ជើង ដែល​ជា​ផ្នែក ​១ នៃ​ផែនការ ​ដើម្បី​បញ្ឈប់​ការ​ទាញ​យក​ហ្វូស៊ីល​ឥន្ធនៈ​នៅ​ឆ្នាំ ​២០៥០។

រដ្ឋាភិបាល​របស់​ដាណឺម៉ាក​ក៏​បាន​យល់ព្រម​លុប​ចោល​អាជ្ញាប័ណ្ណ​ចុង​ក្រោយ​បំផុត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៤ ​ធ្នូ។ បច្ចុប្បន្ន​ប្រទេស​ដាណឺម៉ាក ​គឺ​ជា​អ្នក​ផលិត​ប្រេង​ធំ​ជាង​គេ​នៅ​សហភាព​អឺរ៉ុប ទោះបី​ជា​ប្រទេសនេះ​ផលិត​តិច​ជាង​សមាជិក​មិន​មែន​សហភាព​អឺរ៉ុប​ដូចជា​ប្រទេស​ន័រវែស ​ឬ​អង់គ្លេស​ក៏​ដោយ។​ ប្រទេស​នេះ​បាន​បូម​ប្រេង​ចំនួន ១០៣ ០០០ ​បារ៉ែល ​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ឆ្នាំ ​២០១៩ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​ក្រុមហ៊ុន​ប្រេង​ដ៏​ធំរ​បស់​ចក្រភព​អង់គ្លេស​។ ដាណឺម៉ាក​មាន​ការដ្ឋាន​ខួង​ប្រេង​ចំនួន ​៥៥ ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នៅ​ទូទាំង​​តំបន់​ប្រេង ​និង​ឧស្ម័ន​ចំនួន ២០។

ការ​សម្រេច​ចិត្ត​បញ្ចប់​ការ​រុករក​ប្រេង ​និង​ឧស្ម័ន​នេះ ​នឹង​ធ្វើ​ឱ្យ​ដាណឺម៉ាក​ចំណាយ​ប្រហែល ​១,១ ​​ពាន់​លាន​ផោន នេះ​បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​ក្រសួង​ថាមពល​​ដាណឺម៉ាក។ ដាណឺម៉ាក​នៅ​តែ​​ប្រកាន់​គោល​ជំហរ​សម្រេច​ចិត្ដ​​ធ្វើ​ដូច្នេះ ​មិន​ថា​មាន​ភាព​មិន​ប្រាកដប្រជា​យ៉ាង​ច្រើន​ក៏​ដោយ។​ ប្រទេស​នេះ​បាន​កំណត់​ទីតាំង​របស់​ខ្លួន​ថា ត្រូវ​ជា​អ្នក​ឈាន​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ ប៉ុន្តែ​ផលិតកម្ម​ប្រេង​របស់​ខ្លួន​វិញ​ហាក់​បាន​បង្ហាញ​នូវ​ភាព​លំបាក​។

ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ​១៩៧០ ​ដាណឺម៉ាក​រក​ចំណូល​បាន​រាប់​ពាន់​​លាន​ដុល្លារ​ពី​ប្រេង​នៅ​សមុទ្រ​ខាង​ជើង​របស់​ខ្លួន។ តែ​តម្លៃ​ប្រេង​មាន​ការ​ធ្លាក់​ចុះ ​និង​ថ្លៃ​ដើម​មាន​តម្លៃ​ខ្ពស់​មិន​សូវ​មាន​ការ​ដេញ​ថ្លៃ​នៅប្លុក​ប្រេង​ទេ​ក្នុង​ពេល​ចុង​ក្រោយ​នេះ។ ​ទោះ​យ៉ាង​ណា​ការងារ​ប្រហែល ៤ ​ពាន់​កន្លែង​ពឹង​ផ្អែក​លើ​វិស័យ​នេះ ដែល​ភាគ​ច្រើន​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​​លិច​របស់​ដាណឺម៉ាក។ ​ដាណឺម៉ាក​មាន​គោល​បំណង​កាត់​បន្ថយ​​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដល់ ​៧០% គិត​ពី​កម្រិត​ក្នុង​ឆ្នាំ ​១៩៩០ ​​ដល់​ឆ្នាំ ២០៣០​ និង​ឈាន​ដល់​មិន​មាន​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ឆ្នាំ ២០៥០ ដែល​គោល​ដៅទាំង ២ ត្រូវ​បាន​អនុម័ត​ជា​ច្បាប់​សម្រាប់​អនុវត្ដ​តែ​ម្ដង។

រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភព​លោក​​ក៏​បាន​ប្តេជ្ញា​ធ្វើ​សកម្មភាព​បន្ថែម​ទៀត​លើ​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​ជា​ផ្នែកមួយ​នៃ​ផែនការ​កាន់​តែ​ទូលំ​ទូលាយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ ទោះ​យ៉ាងណា​ក៏​ដោយ​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ទោះបី​ជា​ចក្រភព​អង់គ្លេស ​និង​ប្រទេស​ដទៃ​ទៀត​រក្សា​ការ​សន្យា​របស់​ពួក​គេ​លើ​ការ​កាត់​បន្ថយ​ការ​សាយ​ភាយ​ក៏​ដោយ ក៏​គ្មាន​ការ​ធានា​ថា​ពិភព​លោក​នឹង​ចៀសវាង​ការ​ឡើង​កម្តៅផែន​ដី​ធ្ងន់ធ្ងរ​បាន​នោះ​ដែរ៕