ក្រុង​ឡុងដ៍ៈ ​ក្រសួង​ការពារ​ជាតិ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស​ អង់គ្លេស​ នឹង​បញ្ជូន​នាវា​ចម្បាំង​ធុនធ្ងន់​ទី​៣ ​មួយ​គ្រឿង​ទៅ​កាន់​ឈូង​សមុទ្រ​ដែល​មាន​ជម្លោះ​ ដោយ​​អះអាង​ថា ​អង់គ្លេស​មិន​បាន ​«​បង្ក​ឲ្យ​មាន​ភាព​តានតឹង​» ជាមួយ​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​នោះ​ទេ​។​

អង់គ្លេស​ បាន​បញ្ជូន​នាវា​ចម្បាំង​ HMS Duncan ​ជា​នាវា​ប្រឆាំង​យន្តហោះ​មួយ​ ដើម្បី​គាំទ្រ​នាវា​ចម្បាំង​ HMS Montrose ​នៅ​អំឡុង​ពេល​ដែល​ខ្លួន​បាន​យល់​ព្រម​ការពារ​តំបន់​នៅ​ជិតៗ ​ប្រទេស ​បារ៉ែន​ ហើយ​នឹង​បញ្ជូន​នាវា​ចម្បាំង HMS Kent​ ១ គ្រឿង បន្ថែម​​ទៀត​នៅ ​«​ចុង​ឆ្នាំ​​នេះ»​។​

របាយការណ៍ ​បាន​និយាយ​ថា​ ប្រទេស ​អង់គ្លេស ​នឹង​បញ្ជូន​នាវា​ចម្បាំង​ទៅ​កាន់​ឈូង​សមុទ្រ​នោះ ​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​ខាង​មុខ​នេះ​។​

នាវា​ HMS Montrose ​កាល​ពី​សប្តាហ៍​មុន​ បាន​ព្រមាន​នាវា​ប្រដាប់​អាវុធ​តូចៗ ​៣ ​គ្រឿង ​របស់​អ៊ីរ៉ង់​ ដែល​ក្រុម​មន្ត្រី​អង់គ្លេស​ បាន​ថ្លែង​ថា​ អ៊ីរ៉ង់​កំពុង​ព្យាយាម ​«​បង្អាក់​» ​ដំណើរ​នាវា​ដឹក​ប្រេង​យ៉ាង​ធំ​របស់​អង់គ្លេស​ ១ គ្រឿង ​ដែល​បាន​ឆ្លង​កាត់​តាម​ច្រក​សមុទ្រ​ Hormuz​ នៅ​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍។​

ក្រសួង​ការពារ​ជាតិ ​បាន​ថ្លែង​ថា ​នាវា​ចម្បាំង​ HMS Kent​ នឹង​ត្រូវ «បាន​គ្រប់គ្រង​» ​ដោយ​នាវា​ HMS-Kent ​ប៉ុន្តែ​ក្រសួង​នោះ​ បាន​បន្ថែម​ថា​ «​នាវា​ទាំង​នោះ​ មាន​ការ​ផ្លាស់​វេន​គ្នា នៅ​ពេល​នាវា​មួយ​ចាប់​ផ្តើម​ប្រតិបត្តិការ​ ហើយ​នាវា​មួយ​ទៀត​ បាន​បញ្ចប់​ ​កិច្ច​ប្រតិបត្តិការ​​ ដោយ​បាន​បញ្ជាក់​ថា​រាល់​នាវា​ទាំង ​៣ ​គ្រឿង​នោះ​ អាច​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ចំណុច​មួយ​ចំនួន​ក្នុង​តំបន់​នោះ​។

ក្រសួង​ការពារ​ជាតិ ​បាន​ថ្លែង​ថា​ ការ​ដាក់​ពង្រាយ​នាវា​ទាំង​នោះ​ «​គឺ​ស្ថិត​នៅ​ក្នុង​ផែន​ការ​រយៈពេល​យូរ​» ​ដើម្បី​ធានា ​«​វត្តមាន​យូរ​អង្វែង» នៅ​ក្នុង​ផ្លូវ​ទឹក​សំខាន់ៗ​ និង ​«​មិន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​គោល​ជំហរ​របស់​អង់គ្លេស​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​នោះ​ទេ​»​។​

ក្រុម​មន្ត្រី​អ៊ីរ៉ង់​ បាន​បដិសេធ​ថា ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ឧបត្តិហេតុ​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ច្រក​សមុទ្រ​ Hormuz ​នោះ​ទេ​។​

រដ្ឋាភិបាល​អង់គ្លេស ​បាន​លើក​ឡើង​ករណី​មួយ​ចំនួន​ដោយ​ប្រុង​ប្រយ័ត្ន​ អំពី​ការ​ធ្វើ​ដំណើរ​របស់​នាវា​ខ្លះ​ ដែល​បាន​ឆ្លង​កាត់​ដែន​ទឹក​អ៊ីរ៉ង់​ ដល់​ទៅ ​៣ ​លើក​នៅ​ក្នុង​ខ្សែ​បន្ទាត់​ ​៣ ​ចំណុច​​នៅ​តំបន់​នោះ»​៕ AFP/SK