ក្រុង​ឡុងដ៍ៈ ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ លោក​ Jeremy Hunt ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ នឹង​មាន​ «​គ្រោះ​ថ្នាក់​ធំ​» កើត​ឡើង​នៅ​ឈូង​សមុទ្រ​ប្រទេស ​អារ៉ាប់​ ដោយ​បាន​បន្ថែម​ថា​ ក្រុង​វ៉ាស៊ីនតោន​មាន​បំណង​ចង់​ឲ្យ​ស្ថានការណ៍​បញ្ចប់​ដោយ​ការ​ចរចា។​

នាវា​ដឹក​ប្រេង​របស់​ជប៉ុន ​១ ​គ្រឿង ​ឈ្មោះ​ Kokuka​ Courageous ​និង​នាវា​របស់​ប្រទេស ​ន័រវែស ​១ ​គ្រឿង​ទៀត ​ឈ្មោះ​ Front Altair ​បាន​រង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​បាន​បណ្តាល​ឲ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​នាវា​ទាំង​នោះ​ កំពុង​ឆ្លង​កាត់​តំបន់​ឈូង​សមុទ្រ​អូម៉ង់​។​

ប្រទេស ​អង់គ្លេស ​បាន​សន្និដ្ឋាន​ថា​ ភាព​ទទួល​ខុស​ត្រូវ ​«ពិត​ណាស់​ស្ទើរ​តែ​​ជាប់​ពាក់ព័ន្ធ​​ទាំង​ស្រុង​» ​ជាមួយ​ប្រទេស ​អ៊ីរ៉ង់ ​នោះ។​

លោក​ Jeremy ​Hunt ​ត្រូវ​បាន​គេ​ចោទ​សួរ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ BBC ​អំពី​លទ្ធភាព​នៃ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ដោយ​លោក​បាន​ថ្លែង​ថា៖ «​នេះ​ គឺ​ជា​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​នៃ​ស្ថានការណ៍​ដែល​យើង​ស្ថិត​នៅ​ក្នុង​នេះ​»​។​

ផ្សែង​​ខ្មួល​ខ្មាញ់​ហុយ​​ចេញ​ពី​​នាវា​ដឹក​ប្រេង​ដែល​​រង​ការ​វាយ​ប្រហារ​នៅ​ឆ្នេរ​សមុទ្រ​អូម៉ង់។ AFP

«ភាគី​ទាំង ​២​ នៅ​ក្នុង​ជម្លោះ​​បាន​គិត​ថា​ ពួក​គេ​នឹង​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ​។ ​យើង​កំពុង​ជំរុញ​ឲ្យ​ភាគី​ទាំង​អស់​កាត់​បន្ថយ​ភាព​តានតឹង​ទាំង​នោះ​» ។​

«​ដោយ​ថ្លែង​ទៅ​កាន់​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​ថា​ ចំពោះ​អាមេរិក​វិញ​ ពួក​គេ​ចង់​ឲ្យ​បញ្ហា​នេះ​ ត្រូវ​បញ្ចប់​តាមរយៈ​ការ​ចរចា​​។​

«យើង​ត្រូវ​ជំរុញ​ឲ្យ​ប្រទេស ​អ៊ីរ៉ង់ បញ្ឈប់​រាល់​​សកម្មភាព​​​បង្ក​អស្ថិរភាព​របស់​ខ្លួន​នៅ​ប្រទេស ​លីបង់​ តាមរយៈ​ក្រុម​ឧទ្ទាម​​ហេបូឡាហ៍​ នៅ​ក្នុង​ប្រទេស ​យេម៉ែន ​ជា​ទី​ដែល​ពួក​គេ​ទាំង​នោះ​ កំពុង​វាយ​ប្រហារ​មីស៊ីល​ជា​ច្រើន​លើក​ទៅ​លើ​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត​ នៅ​ឈូង​សមុទ្រ​ ដូច​ដែល​យើង​បាន​​ឃើញ​នោះ។ ​នោះ​ គឺ​ជា​ដំណោះស្រាយ​មួយ​ដែល​មាន​​រយៈពេល​វែង​»។​

នាវា ​Kokuka Courageous​ ផ្ទុក​ប្រេង​របស់​ជប៉ុន​ដែល​​រង​ការ​ខូចខាត​ បាន​មក​ដល់​កំពង់ផែ​ប្រទេស ​អារ៉ាប់រួម ​(UAE) ​ខណៈ​ពេល​ដែល​​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត​ បាន​ចោទ​ប្រកាន់​គូ​សត្រូវ​អ៊ីរ៉ង់​របស់​ខ្លួន​ពី​បទ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នោះ​។​

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ ​បាន​ថ្លែង​ថា ​ការ​វាយ​ប្រហារ​លើ​នាវា​ផ្ទុក​ប្រេង ទាំង ​២ លើក​នោះ​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​៖ «​ប្រទេស អ៊ីរ៉ង់ ពិត​ជា​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នាវា​ទាំង​នោះ​យ៉ាង​ច្បាស់​ក្រឡែត​» ក៏​ប៉ុន្តែ ​ក្រុង​តេអេរ៉ង់​បាន​ទាត់​ចោល​រាល់​ការ​ចោទ​ប្រកាន់​របស់ ​US៕ AFP​/SK