ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ៤ កុម្ភៈ បាន​ចាប់​ផ្ដើម​សាកល្បង​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ស៊ាំ ​បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ផលិត​ដោយ​ក្រុមហ៊ុន Pfizer/BioNTech និង​ផលិត​ដោយ​ក្រុមហ៊ុន AstraZeneca/Oxford បញ្ចូល​គ្នា​ក្នុង​ការ​ចាក់​ចំនួន ២ ដង។

ការ​សាកល្បង​នឹង​ពិនិត្យ​ការ​ឆ្លើយតប​ពី​ភាពស៊ាំ​នៃ​មនុស្ស ដែល​ទទួល​វ៉ាក់សាំង Pfizer សម្រាប់​ដូស​ដំបូង​របស់​ពួក​គេ និង​ទទួល​វ៉ាក់សាំង AstraZeneca ក្នុង​ដូស​បន្ទាប់ ដោយ​មាន​រយៈពេល​គម្លាត​គ្នា​ពី ៤ ទៅ ១២ សប្ដាហ៍។

អ្នក​ស្រាវជ្រាវ​ពី​ក្រោយ​ការ​សាកល្បង​នេះ បាន​និយាយ​ថា ​ទិន្នន័យ​បាន​ពី​ការ​ចាក់​វ៉ាក់សាំង ២ ប្រភេទ​ផ្សេង​គ្នា​នេះ​អាច​ជួយ​ឱ្យ​មាន​ការ​យល់​ដឹង​ថា តើ​ការ​ចាក់​វ៉ាក់សាំង​អាច​ធ្វើ​បាន​ដោយ​មាន​ភាព​បត់បែន​កាន់​តែ​ច្រើន​ជាង​មុន​នៅ​ជុំវិញ​ពិភព​លោក​ដែរ​ឬទេ? គេ​រំពឹង​ថា ​នឹង​ទទួល​ទិន្នន័យ​បឋម​នៅ​អំឡុង​ខែ​មិថុនា៕