The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង់គ្លេស ​ជំរុញ​ឲ្យ​អ៊ីរ៉ង់​ដោះ​លែង​នាវា​ដឹក​ប្រេង​របស់​ខ្លួន​

អង់គ្លេស ​ជំរុញ​ឲ្យ​អ៊ីរ៉ង់​ដោះ​លែង​នាវា​ដឹក​ប្រេង​របស់​ខ្លួន​

Content image - Phnom Penh Post
នាវា​ដឹក​ប្រេង​ Stena Impero ដែល​អ៊ីរ៉ង់​ចាប់​ពី​បទ​រំលោភ​ដែន​ទឹក​អន្តរជាតិ​។ AFP

អង់គ្លេស ​ជំរុញ​ឲ្យ​អ៊ីរ៉ង់​ដោះ​លែង​នាវា​ដឹក​ប្រេង​របស់​ខ្លួន​

ក្រុង​ឡុងដ៍ៈ ​ប្រទេស ​អង់គ្លេស​ កាល​ពី​ថ្ងៃ​សៅរ៍ បាន​ជំរុញ​ឲ្យ​​អ៊ីរ៉ង់​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ ដោយ​បាន​ទាមទារ​ឲ្យ​​ដោះ​លែង​នាវា​មាន​​ទង់ជាតិ​អង់គ្លេស​មួយ​គ្រឿង​ដែល​កង​ការពារ​​បដិវត្តន៍​​​អ៊ីរ៉ង់​​​បាន​ឃាត់​ទុក​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ទឹក​អូម៉ង់​ជា​យុទ្ធសាស្ត្រ​ «​មិន​អាច​ទទួល​យក​បាន​ទេ​»​។​

ក្រុង​តេអេរ៉ង់​​ មិន​អើពើ​ទៅ​នឹង​​​​ការ​អំពាវនាវ​​​របស់​អឺរ៉ុប​ ឲ្យ​ដោះ​​លែង​​​​​នាវា​​ដឹក​ប្រេង​ដែល​បាន​​ឃាត់​ទុក​នោះ​​ និង​​​​ក្រុម​យានិក​ឥណ្ឌា​​របស់​ខ្លួន​ ខណៈ​​​អាមេរិក​​​​បាន​​រៀបចំ​​​​ដាក់​ពង្រាយ​កង​កម្លាំង​​នៅ​​​អារ៉ាប៊ី​ សាអ៊ូឌីត​ ​​ជាគូ​សត្រូវ​​​ស្លាប់​រស់​ប្រចាំ​តំបន់​របស់​អ៊ីរ៉ង់​។​​​​

កង​កម្លាំង​ការពារ​បដិវត្តន៍​​អ៊ីរ៉ង់​ (IR-GC) ​បាន​ថ្លែង​ថា​ ខ្លួន​បាន​ឃាត់​នាវា ​Stena Impero ​កាល​ពី​ថ្ងៃ​សៅរ៍​ ជុំវិញ​ការ​រំលោភ​ច្បាប់ ​«​ដែន​សមុទ្រ​អន្តរជាតិ​» ​នៅ​ច្រក​ផ្លូវ​សមុទ្រ​ Hormuz ​ជា​ឈូង​សមុទ្រ​នៅ​ចំណុច​តានតឹង​ទី​៣ ​នៃ​តំបន់​សម្បូរ​ទៅ​ដោយ​ប្រេង​របស់​ពិភព​លោក​។​

ក្រុម​អាជ្ញាធរ​អ៊ីរ៉ង់ ​បាន​ថ្លែង​ថា​ នាវា​ដឹក​ប្រេង​នោះ​ត្រូវ​បាន​ឃាត់​ទុក​នៅ​ម្តុំ​កំពង់ផែ​ប៊ែងដា​ អាបាស់​ ដោយ​ខកខាន​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​អាសន្ន​ និង​ការ​បិទ​ម៉ាស៊ីន​ទទួល​តួលេខ​របស់​ខ្លួន​ ក្រោយ​ពី​បាន​បុក​គ្នា​ជាមួយ​នាវា​នេសាទ​មួយ​គ្រឿង​នោះ​។​

Content image - Phnom Penh Post
នាវា​​ដឹក​ទំនិញ Bavand របស់​អ៊ីរ៉ង់​ចូល​ចត​នៅ​កំពង់ផែ​ Paranagua​ របស់​ប្រេស៊ីល​។ AFP

ឧប្បត្តិ​ហេតុ​នោះ​បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​តុលាការ​នៅ​ក្រុង ​Gibraltar ​នៃ​​ប្រទេស ​អង់គ្លេស​ បាន​ថ្លែង​ថា ​ខ្លួន​នឹង​បន្ត​រក្សា​ទុក​​នាវា​ដឹក​ប្រេង Grace 1 ​របស់​អ៊ីរ៉ង់​ដែល​ក្រុម​អាជ្ញាធរ​​អង់គ្លេស​​បាន​រឹប​អូស​នៅ​​​ក្នុង​មហា​សមុទ្រ​មេឌីទែរ៉ាណេ​អស់​រយៈពេល ​២ ​សប្តាហ៍​ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ទណ្ឌកម្ម​របស់​អឺរ៉ុប​ប្រឆាំង​ប្រទេស ​ស៊ីរី​។​

រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស ​លោក ​Jeremy Hunt ​បាន​ថ្លែង​ បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាមួយ​សមភាគី​អ៊ីរ៉ង់​របស់​លោក​គឺ​លោក ​ម៉ូហាម៉ាដចាវ៉ាដ ហ្សារីហ្វ ​និង​ជំនួប​នៃ​គណៈកម្មការ​ឆ្លើយ​តប​បន្ទាន់​របស់​អង់គ្លេស​ថា​៖ «​ពួក​គេ​មើល​ឃើញ​បញ្ហា​នេះ​ថា​ជា​ស្ថានការណ៍​ដ៏​គ្រោះ​ថ្នាក់​ជា​ទី​បំផុត​»​។​

«​បញ្ហា​នេះ ​​គឺ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ​»​។​

លោក​ Jeremy Hunt ​បាន​ថ្លែង​ខណៈ​ដែល​នាវា​ដឹក​ប្រេង ​Grace ​1 ​របស់​អ៊ីរ៉ង់ បាន​ឃាត់​នាវា​ខុស​ច្បាប់​នោះ​ «នាវា​ដឹក​ប្រេង​ ​Stena Impero ​របស់​អង់គ្លេស​ ​ត្រូវ​បាន​គេ​ឃាត់​ទុក​​នៅ​ក្នុង​ដែន​ទឹក​សមុទ្រ​អូម៉ង់ ​​ដោយសារ​បំពាន​ច្បាប់​អន្តរជាតិ​ យ៉ាង​ច្បាស់​ក្រឡែត​។​ បន្ទាប់​មក​នាវា​ដឹក​ប្រេង ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បើក​​ទៅ​ប្រទេស ​អ៊ីរ៉ង់​។​ ទង្វើ​នេះ ​គឺ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត»​។

ប្រទេស ​អាល្លឺម៉ង់​ និង​បារាំង​ បាន​ជំរុញ​ឲ្យ​អ៊ីរ៉ង់​ដោះ​លែង​នាវា​ដឹក​ប្រេង​ដែល​បាន​ឃាត់​ទុក​នោះ​។ ក្រុង​ប៊ែរឡាំង​បាន​ហៅ​ថា ​«​ជា​ទង្វើ​បង្ក​ឲ្យ​មាន​​ស្ថានការណ៍​កាន់​តែ​គ្រោះ​ថ្នាក់​ខ្លាំង​ឡើង​បន្ថែម​ទៀត​»​។​

សហភាព​​អឺរ៉ុប​បាន​​សម្តែង «​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​»។

ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់​ ត្រាំ​ បាន​ថ្លែង​ថា ​ឧប្បត្តិ​ហេតុ​ដែល​បាន​​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​«​គ្រាន់​តែ​ជា​ការ​បង្ហាញ​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​អំពី​ប្រទេស ​អ៊ីរ៉ង់​ ថា​ ជា​បញ្ហា​ ប៉ុន្តែ​​វា​គ្រាន់​តែ​ជា​បញ្ហា​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ប្រទេស ​អាមេរិក​​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍