កាល​ពី​ថ្ងៃ ​២៨​ វិច្ឆិកា ​អង់គ្លេស​ និង​បារាំង​បាន​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀង​ថ្មី​មួយ ​ស្ដី​អំពី​ការ​បញ្ឈប់​អន្តោប្រវេសន៍​ខុស​ច្បាប់​តាម​ផ្លូវ​ទឹក​ដោយ​បាន​បន្ថែម​ចំនួន​ប៉ូលិស​ល្បាត​តាម​ព្រំដែន​ទឹក​ និង​ជំនួយ​បច្ចេកវិទ្យា​ ​ដើម្បី​បិទ​ច្រក​កុំ​ឱ្យ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ប្រើប្រាស់​ទូក​តូចៗ​ ឆ្លង​ដែន​ទៅ​កាន់​អង់គ្លេស​។​

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អង់គ្លេស​លោកស្រី ​Priti ​Patel ​បាន​និយាយ​ថា​ តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ​ ចំនួន​មន្ត្រី​ល្បាត​ឆ្នេរ​សមុទ្រ​នៅ​បារាំង​នឹង​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ទ្វេ​ដង ​ហើយ​នឹង​បំពាក់​ឧបករណ៍​បច្ចេកវិទ្យា​ថ្មី ​រួម​មាន​ដ្រូន​ (Drone)​ ​និង​រ៉ាដា (Radar) ​សម្រាប់​ចាប់​រូបភាព ​និង​ឱ្យ​សញ្ញា​ផង​ដែរ​។​

គួរ​រំឭក​ផង​ដែរ​ថា​ មនុស្ស​រាប់​រយ​នាក់​រួម​ទាំង​កុមារ​ជា​ច្រើន​នាក់​ បាន​ឆ្លង​ដែន​ទៅ​កាន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់-គ្លេស ​ចេញ​ពី​ជំរំ​បណ្តោះអាសន្ន​នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង ​ដោយ​ជិះ​ទូក​តូចៗ​តាម​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​ផ្លូវ​ទឹក​មួយ​ ដែល​មមាញឹក​ជាង​គេ​បំផុត​ ហើយ​ក្នុង​ចំណោម​នោះ​ជន​អន្តោប្រវេសន៍​មួយ​ចំនួន​ក៏​ត្រូវ​បាន​លង់​ទឹក​ស្លាប់​ផង​ដែរ​។​

លោកស្រី​ Patel ​និង​ភាគី​បារាំង​លោក Gerald ​Darmanin ​មាន​​បំណង​បិទ​ផ្លូវ​ទឹក ​ដែល​បាន​ប្រើប្រាស់​ដោយ​ជន​អន្តោប្រវេសន៍​ប្រមាណ​ជាង ​៨ ០០០ ​នាក់​នៅ​ឆ្នាំ​នេះ​ឱ្យ​ប្រើប្រាស់​លែង​​បាន​។ ​ភាគី​ទាំង ​២​ បាន​យល់ព្រម​បង្កើន​ចំនួន​ប៉ូលិស​ល្បាត​ទ្វេ​ដង​តាម​បណ្តោយ​ឆ្នេរ​ប្រវែង ​១៥០ ​គីឡូ​ម៉ែត្រ​ ដោយ​បាន​កំណត់​គោលដៅ​ចំពោះ​បណ្តាញ​ពួក​រត់​ពន្ធ​មនុស្ស​ឆ្លង​ដែន​។​ យ៉ាង​ណា​មិញ​មិន​មាន​ទិន្នន័យ​ណា​មួយ​បញ្ជាក់​ថា​ប្រទេស​ទាំង ​២ ​នេះ​នឹង​បន្ថែម​ចំនួន​​ប៉ូលិស​ប៉ុន្មាន​នាក់​ទៀត​ទេ​។

បន្ថែម​ពី​នេះ​ភាគី​ទាំង ​២ ​ក៏​បាន​​ឯកភាព​លើ​ការ​ពង្រឹង​បច្ចេកវិទ្យា​​ឃ្លាំមើល​ឱ្យ​ប្រសើរ​ជាង​មុន​ រួម​មាន​ការ​ប្រើប្រាស់​ដ្រូន​ឧបករណ៍​រ៉ាដា ​កាមេរ៉ា ​និង​កែវ​យឹត​អុបទិក​ផង​ដែរ​។​

លោកស្រី Clare ​Moseley ​ស្ថាបនិក​អង្គការ​ Care4​Calais បាន​និយាយ​ថា​ គោលការណ៍​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​មក​ធ្វើ​ដូច​កំពុង​ត្រៀម​យោធា​ប្រយុទ្ធ​​ជាមួយ​សត្រូវ​អ៊ីចឹង។​ អ្នក​ទាំង​នេះ​គ្រាន់​តែ ​ជា​មនុស្ស​សាមញ្ញ​ប្រកប​របរ​ធម្មតា ​មិន​មែន​ជា​ឧក្រិដ្ឋជន​ទេ​ ហើយ​ពួក​គេ​ក៏​មិនមែន​ចង់​ឆ្លង​ដែន​ឱ្យ​គ្រោះ​ថ្នាក់​ និង​ភ័យ​ខ្លាច​ដូច​នេះ​ដែរ​។​

លោកស្រី Patel បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​កិច្ច​​ព្រមព្រៀង​នេះ​ជា​ការ​បោះ​ជំហាន​​​ទៅ​មុខ​មួយ​ជំហាន​ទៀត​នៃ​បេសកកម្ម​របស់​ប្រទេស​ទាំង ​២ ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ការ​​ឆ្លង​ដែន​តាម​ផ្លូវ​ទឹក​ជោគជ័យ​បាន​។​ លោក​ស្រី​បាន​ថ្លែង​ថា៖ ​«សូម​អរគុណ​ដល់​ចំនួន​ប៉ូលិស​ល្បាត​ដែល​ទើប​តែ​បាន​បន្ថែម​នៅ​លើ​ឆ្នេរ​នៅ​បារាំង​ និង​ការ​បង្កើន​ការ​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​រវាង​ភ្នាក់ងារ​សន្តិសុខ​ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ទាំង​អស់​។

យើង​សង្កេត​​ឃើញ​មាន​ជន​ចំណា​ក​ស្រុក​តិច​​ជាង​មុន ​ដែល​ឆ្លង​ដែន​ពី​ឆ្នេរ​នៅ​បារាំង​មក​កាន់​អង់គ្លេស​»​។​

លោកស្រី​បន្ថែម​ថា ​ចក្រភព​អង់គ្លេស ​និង​បារាំង ​គ្រោង​នឹង​បន្ត​កិច្ច​ពិភាក្សា​គ្នា​យ៉ាង​ជិតស្និទ្ធ​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ចំណាក​ស្រុក​នៅ​ព្រំដែន​នៅ​ឆ្នាំ​ក្រោយ​។​

សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី ​អង្គការ​សប្បុរស​ធម៌​រិះគន់​ថា​ ​ជា​ «​ការ​បរាជ័យ​ចំតួ​»​ ព្រោះ​ការ​​ធ្វើ​ដូច​នេះ​ប្រៀប​បាន​នឹង​ «រើ​កៅអី​ឡើង​វិញ​លើ​កប៉ាល់​ទីតានិក​» ​អីចឹង​ ព្រោះ​វា​មិន​មាន​បាន​ប្រយោជន៍​អ្វី​ឡើយ​។ ​លោកស្រី​ Bella ​Sankey ប្រធាន​អង្គការ​ឃ្លាំ​មើល​សកម្មភាព​មនុស្សធម៌​បាន​និយាយ​ថា​ ការ​ធ្វើ​នេះ ​ដូច​បោះ​លុយ​ប្រជាជន ​ដែល​បាន​បង់​ពន្ធ​ទៅ​លើ​វិធានការ​ដដែល ​ដែល​មិន​មាន​ជា​លទ្ធផល​ដុំ​កំ-ភួន​ទៅ​លើ​សភាពការណ៍​ឆ្លង​ដែន​ដ៏​គ្រោះ​ថ្នាក់​នេះ​ឡើយ​។

ទន្ទឹម​នឹង​នេះ​ដែរ ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ចក្រភព​អង់គ្លេស ​បាន​និយាយ​ថា​ គោលការណ៍​នេះ​ជា ​«​ជា​ការ​ខក​ចិត្ត​ពេញ​ទី​»​។​ លោក Steve ​Valdez-​Symonds ​នាយក​កម្មវិធី​ជន​ភៀស​ខ្លួន​ និង​ជនអន្តោប្រវេសន៍​បាន​មាន​ប្រសាសន៍​ថា៖ ​«​វា​ជា​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ ​នេះ ​បាន​ព្រងើយ​កន្តើយ ​នឹង​តម្រូវ​ការ​ និង​សិទ្ធិ​របស់​ប្រជាជន​ដ៏​ចាំបាច់​ ដែល​ជា​ការ​ឆ្លើយ​តប​មួយ​គួរ​តែ​ធ្វើ​ដាច់​ខាត​»​។​

យ៉ាងណា​មិញ​ កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​នេះ​ក៏​បាន​​រួម​បញ្ចូល​ទាំង​វិធីសាស្ត្រ​ជា​ជំហានៗ​ក្នុង​ការ​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​ស្នាក់នៅ​ប្រទេស​បារាំង​ និង​វិធានការ​បង្កើន​សន្តិសុខ​តាម​ព្រំដែន​នៅ​កំពង់ផែ​ភាគ​ខាង​ជើង​ និង​ខាង​លិច​នៃ​ប្រទេស​ផង​ដែរ​។ ​តាមរយៈ​វិធានការ​ដែល​ទើប​នឹង​បាន​ដាក់​ចេញ​ពេល​ថ្មីៗ​នេះ ​ឃើញ​ថា​ ភាគរយ​នៃ​ការ​ឃាត់​ជនអន្តោប្រវេសន៍​បាន​កើន​ឡើង​ពី ៤១ ​ភាគរយ​ទៅ ៦០ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ទៅ​។

លោកស្រី​បាន​ប្រាប់​សារព័ត៌មាន​អង់គ្លេស​ថា ​រហូត​មក​ដល់​ពេល​នេះ ​អាជ្ញាធរ​បារាំង​បាន​ឃាត់​ជន​អន្តោប្រវេសន៍​ប្រ-មាណ ៥ ០០០ ​នាក់​ ដែល​បាន​ឆ្លង​ដែន​មក​កាន់​ប្រទេស​អង់គ្លេស​ ​ហើយ​ក្នុង​រយៈពេល ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​អង់គ្លេស​បាន​ផ្តល់​ទឹក​ប្រាក់​ចំនួន ​១៥០ លាន​ផោន ​ដល់​ប្រទេស​បារាំង ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​រឿង​អន្តោប្រវេសន៍​នេះ​។​

របាយការណ៍​នា​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា ​មាន​មនុស្ស​ជិត ​៣០០ នាក់ ​បាន​ស្លាប់​ដោយ​សារ​​ឆ្លង​ដែន​ទៅ​កាន់​អង់គ្លេស​តាម​ផ្លូវ​​ទឹក​ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៩ ​មក។

លោក ​Mael ​Galisson ​ធ្វើ​ការ​​នៅ​អង្គការ​ Gisti ​ដែល​ជា​អង្គការ​សេវាកម្ម​ផ្នែក​ច្បាប់​សម្រាប់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​បារាំង​ បាន​ពិពណ៌នា​អំពី​ការ​វិវឌ្ឍនៃ​សន្តិសុខ​តាម​ព្រំដែន​នៅ​ក្នុង និង​នៅ​ជុំវិញ​ច្រក​សមុទ្រ​ Dover-Strait ​នេះ​ថា ​ជា ​«ការ​ស្លាប់​ជា​ប្រវត្តិសាស្ត្រ​»​៕