
លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Boris Johnson។ រូបថតAFP
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបង្ហើបពីគម្រោងវិនិយោគលើវិស័យយោធាធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ចាប់តាំងពីប្រទេសមួយនេះ មានសង្គ្រាមត្រជាក់មក។
លោក Johnson នឹងដាក់ចេញកិច្ចព្រមព្រៀងហិរញ្ញវត្ថុរយៈពេល ៤ ឆ្នាំ សម្រាប់ក្រសួងការពារជាតិ ដើម្បី «ប្រែក្លាយ» វិស័យយោធាជាថ្មីដោយពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធសំដៅត្រៀមសមរភូមិអ៊ីនធឺណិត និងអាកាសនា-ពេលអនាគត។
គម្រោងនេះ មានរួមបញ្ចូលទាំងការបង្កើតទីភ្នាក់ងារមួយសំដៅបង្កើតបញ្ញាសិប្បនិម្មិត (artificial-intelligence ទ្រឹស្តីនិងការបង្កើតប្រព័ន្ធកុំព្យូទ័រដែលអាចបំពេញការងារបានច្រើនយ៉ាង) និង «បញ្ជាបាញ់ទៅលើអាកាស» ដែលអាចបាញ់រ៉ុក្កែតលើកដំបូងបង្អស់របស់អង់គ្លេសនៅឆ្នាំ ២០២២ ខាងមុខ។ ផែនការត្រូវបានប្រកាសក្នុងសភា (House of Commons) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោក Johnson បានប្រកាសក្នុងសុន្ទរកថាទៅកាន់សមាជិកសភាថា នឹងបន្ថែមថវិកាចំនួន ២៩,៥ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់គម្រោងយោធាសម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ។
លោក Jonhson បាននិយាយថា៖ «ខ្ញុំបានធ្វើការសម្រេចចិត្តក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ ដោយសារកិច្ចការពារប្រទេសជាតិត្រូវតែជាអាទិភាពជានិច្ច។ ស្ថានភាពអន្តរជាតិបច្ចុប្បន្នកាន់តែមានគ្រោះថ្នាក់ និងមានការប្រកួតប្រជែងខ្លាំងជាងពេលណាៗទាំងអស់ ចាប់តាំងពីពេលសង្គ្រាមត្រជាក់មក ចក្រភពអង់គ្លេសត្រូវតែរក្សាប្រវត្តិសាស្ត្រ ហើយឈររឹងមាំជាមួយសម្ព័ន្ធមិត្តរបស់យើង»។
លោកបានបន្ថែមទៀតថា ការផ្តល់ថវិកាថ្មីនេះគឺជា «ឱកាសរបស់យើង ឱឈប់ដកថយទៀត» និងដើម្បី «បង្កើនសមត្ថភាពរបស់យើងនៅទូទាំងប្រទេសផងដែរ»។
លោក John Healey រដ្ឋលេខាធិការក្រសួងការពារជាតិ បាននិយាយថា៖ «នេះជាសញ្ញាបង្ហាញពីការស្វាគមន៍ និងធ្វើឱ្យប្រសើរឡើងវិញនូវវិស័យយោធាអង់គ្លេសបន្ទាប់ពីការធ្លាក់ចុះអស់ជាង ១ ទសវត្សរ៍។ ចាប់តាំងពីឆ្នាំ ២០១០ មក ទំហំនៃកងកម្លាំងប្រដាប់អាវុធអង់គ្លេសត្រូវបានកាត់បន្ថយ ១ ភាគ ៤ ដោយកាត់បន្ថយចំណាយលើវិស័យការពារជាតិបានប្រមាណ ១០,៥ ពាន់លានដុល្លារ ដែលថវិកាសម្រាប់ការពារជាតិត្រូវការ ១៧ ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់វិស័យនេះ។ ចក្រភពអង់គ្លេសបានរៀបចំផែនការសម្រាប់អនុវត្ត ដើម្បីក្លាយទៅជាប្រទេសមេដឹកនាំពិភពលោក សម្រាប់សមរភូមិអ៊ីនធឺណិត និងអាកាស ហើយរដ្ឋាភិបាលនឹងចាត់ចែងរឿងនេះ»។
ការបង្កើនចំណាយយោធារបស់ចក្រភពអង់គ្លេសនឹងកើនឡើងប្រមាណ ៣០ ពាន់លានដុល្លារ សម្រាប់រយៈពេល ៤ ឆ្នាំ ខាងមុខគឺជាពេលវេលា ដ៏សំខាន់សម្រាប់ប្រទេសនេះ។ គម្រោងនេះនឹងចំណាយថវិកាប្រមាណជិត ២ ពាន់លានដុល្លារ ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍផ្នែកយោធា ហើយគ្រោងនឹងចំណាយបន្ថែមលើសពីនេះទៀតនៅថ្ងៃអនាគត ដើម្បីរៀបចំយុទ្ធសាស្ត្រសម្រាប់កងទ័ពអាកាស និងសម្រាប់យោធាជំនាន់ក្រោយផងដែរ។
របាយការណ៍បានឱ្យដឹងថា ការត្រួតពិនិត្យចំណាយបង្ហាញថា សេដ្ឋកិច្ចចក្រភពអង់គ្លេសនឹងធ្លាក់ចុះជិត ១១ ភាគរយ នៅឆ្នាំ ២០២០ ដែលជាលទ្ធផលប្រចាំឆ្នាំអាក្រក់បំផុតរបស់ប្រទេសអង់គ្លេស ក្នុងរយៈពេលជាង ៣ សតវត្សរ៍នេះ។
ក្រុមមន្រ្តីបាននិយាយថា ផែនការនេះនឹងពង្រឹងជំហររបស់ចក្រភពអង់គ្លេស និងធ្វើឱ្យប្រទេសនេះក្លាយជាប្រទេស ដែលចំណាយលើវិស័យការពារជាតិធំជាងគេនៅអឺរ៉ុប និងធំជាងគេទី២ នៅណាតូ។
រដ្ឋលេខាធិការក្រសួងការពារជាតិលោក Ben Wallace បានពណ៌នាការប្រកាសផែនការនេះថា ជា «ដំណឹងដ៏ល្អសម្រាប់វិស័យការពារជាតិ» ដោយបន្ថែមថា៖ «ផែនការនេះនឹងផ្តល់ឱ្យយើងនូវភាពប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ ដែលយើងត្រូវការដើម្បីធ្វើទំនើបកម្មសម្រាប់អនាគតនិងបត់បែនទៅតាមស្ថានភាពនៅពេលមានការគំរាមកំហែងដល់ប្រទេសយើង»។
លោកបានកោតសរសើរដល់នាយករដ្ឋមន្រ្តីថា៖ «នេះបង្ហាញពីការយកចិត្តទុកដាក់របស់នាយករដ្ឋមន្រ្តីអំពីសារៈសំខាន់នៃកិច្ចការពារជាតិ ដើម្បី រក្សាជាតិឱ្យបានរឹងមាំ និងរក្សាកិត្តិនាមរបស់ចក្រភពអង់គ្លេសផងដែរ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលធានានូវការងារ និងជីវភាពរបស់ចក្រភពអង់គ្លេស ដោយវិនិយោគទៅលើឧស្សាហកម្មផលិតនាវា និងអាកាសយានិកផងដែរ។ ឆ្នាំក្រោយ ផែនការនេះនឹងក្លាយជាឱកាសដ៏ធំមួយសម្រាប់ប្រទេសនេះ ជាពិសេសបង្កើតការងារ និងឱកាសអាជីវកម្មដែលនឹងជួយយើងឱ្យងើបឡើងវិញពីជំងឺរាតត្បាត (ជំងឺកូវីដ ១៩) នេះ»៕