ក្រុងហុងកុងៈ ប្រទេសអង់គ្លេស បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃពុធ បន្ទាប់ពីប៉ូលីសនៅហុងកុងបានព្យយាមដាក់ បម្រាមលើគណបក្សនយោបាយមួយដែលជំរុញឲ្យមានឯករាជ្យភាពសម្រាប់ហុងកុងខណៈដែលក្រុងប៉េកាំងបានបង្កើនការគាបសង្តត់ទៅលើបញ្ហាអធិបតេយ្យភាពដែនដីរបស់ខ្លួននោះ។
យោងទៅតាមអាជ្ញាធរបានឲ្យដឹងថា ការប្រឹងប្រែងក្នុងហាមប្រាម គណបក្សជាតិហុងកុង (Hong Kong National Party) ជាគណបក្សតូច ល្បីឈ្មោះ ប៉ុន្តែក្រុមតូចនេះមានសមាជិកប្រហែល១២នាក់ត្រូវបានបង្កើតឡើងដោយសារគណបក្សនេះមានសក្តានុពលក្នុងការគំរាមកំហែងដល់សន្តិសុខជាតិនិងសុវត្តិភាពសាធារណៈ។
នេះគឺជាលើកទីមួយហើយ ដែលបម្រាមបែបនេះ ត្រូវធ្វើឡើង ចាប់តាំងពីអង់គ្លេស បានប្រគល់អធិបតេយ្យភាពរបស់ក្រុងហុងកុងទៅចិនវិញក្នុងឆ្នាំ១៩៩៧ ហើយគឺជាជំហរចុងក្រោយបង្អស់នៃបង្ក្រាបការទាមទារឯករាជ្យ ដែលបង្កឱ្យក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយការិយាល័យកិច្ចការបរទេសរបស់អង់គ្លេសបាននិយាយថា៖«យើងកត់សម្គាល់ដោយមានការព្រួយបារម្ភចំពោះផែនការហាមប្រាមទៅលើការបន្តកិច្ចប្រតិបត្តិការរបស់គណបក្ស HongKong National Party»។
សេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា«អង់គ្លេស មិនគាំទ្រឯករាជ្យភាពហុងកុងទេ ប៉ុន្តែកម្រិតស្វ័យភាពខ្ពស់របស់ក្រុងហុងកុង សិទ្ធិ និងសេរីភាព គឺជាកត្តាសំខាន់របស់ហុងកុង គឺថាកត្តាយ៉ាងសំខាន់ទាំងអស់នោះគួរតែត្រូវគោរពឲ្យបានពេញលេញ»៕ SN