កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ មីនា អង្គការ​យូនីសេហ្វ (UNICEF) បាន​និយាយ​ថា កម្មវិធី​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ ១៩ COVAX រំពឹង​ថា វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា (SII) នឹង​បន្ត​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង AstraZeneca ពេញលេញ​វិញ​នៅ​ខែ​ឧសភា បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ផ្អាក​ការ​នាំចេញ ​ដើម្បី​ផ្ដល់​អាទិភាព​ការ​ចាក់​ក្នុង​ស្រុក។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​លោក TedrosAdhanom Ghebreyesus បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​សម្រេច​ចិត្ត​ផ្អាក​របស់​ឥណ្ឌា​គឺ «អាច​យល់​បាន» ប៉ុន្តែ​ថា​អង្គការ​សុខភាព​ពិភព​លោក​កំពុង​ពិភាក្សា ​ដើម្បី​បន្ត​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រទេស​ដទៃ​ទៀត។

ដើម​ឡើយ COVAX រំពឹង​ថា ​នឹង​ទទួល​បាន​វ៉ាក់សាំង​ចំនួន​សរុប ៩០ លាន​ដូស​ពី​ SII រវាង​ខែមីនា​ និង​មេសា ដែល​ក្នុង​នោះ​ពួក​គេ​ទើប​តែ​ទទួល​បាន​ប្រហែល ២៨ លាន​ដូស​ប៉ុណ្ណោះ។ មក​ដល់​ពេល​នេះ​ COVAX បាន​ចែកចាយ​វ៉ាក់សាំង​ចំនួន ៣២ លាន​ដូស​ ទៅ​កាន់ ៦១ ប្រទេស​ ប៉ុន្តែ​ប្រទេស​ចំនួន ៣៦ នៅ​តែ​រង់ចាំ​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ដំបូង ដើម្បី​ចាប់​ផ្ដើម​ការ​ចាក់៕