ប៊ែរ​ឡាំងៈ នាវារ​របស់​អង្គការ​សប្បុរស​ធម៌​អាល្លឺម៉ង់ Mission Lifeline ដែល​ផ្ទុក​ជន​ភៀស​ខ្លួន​អាហ្រ្វិក​​ជិត ​២៤០ នាក់​ ​ត្រូវ​បាន​អ៊ីតាលី​បដិ​សេធ​មិន​ឱ្យ​ចូល​ចត​នៅ​កំពង់​ផែ​របស់​ខ្លួន​ទេ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ក៏មាន​ការ​ឆ្លើយ​តប​ទៅរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ខាង​អ៊ីតាលី Matteo Salvini វិញ​ផង​ដែរ។

ក្រោយ​ពី​លោក Salvini បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អំពី​នាវា​របស់​អង្គ​ការ​មិនមែន​រដ្ឋា​ភិបាល​នោះ​ថា ​នាវា​ដឹក«សាច់​មនុស្ស» អង្គ​ការ​នោះ បាន​ឆ្លើយ​តប​វិញ​ថា៖ «សូម​គោ​រព លោក Matteo Salvini យើង​មិន​មាន​សាច់​មនុស្ស​នៅ​លើ​នាវា​ទេ គឺ​មាន​តែម​នុស្ស»។

អង្គការ​សប្បុរ​សធម៌​នោះ​ ឆ្លើយ​តប​ថា៖«យើង​សូម​អញ្ជើញ​លោក​ឱ្យមក​មើលខ្លួន​ឯង​ថា​ វា​គឺជា​មនុស្ស ​ដែល​យើង​បាន​ជួយ​សង្គ្រោះ​ពី​​លង់ទឹក សូម​មក​ទី​នេះ យើង​ស្វា​គមន៍​លោក! »។

អង្គ​ការ​នោះ បាន​ឲ្យ​ដឹងថា​ កាល​ពី​ថ្ងៃ​អាទិត្យ​នាវា​សង្គ្រោះ​មួយ​គ្រឿង​ឈ្មោះ Lifeline គឺ​ស្ថិត​នៅ​ភាគ​ខាងលិច​ប្រទេស​ម៉ា​ល់តា​មាន​ផ្ទុក​ជន​ភៀស​ខ្លួន​ចំនួន​២៣៩ នាក់​ ក្នុង​នោះ​មាន​ស្ត្រី ១៤ នាក់​ និង​ក្មេង​ចំនួន ​៤ នាក់ ដែល​ពួកគេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​លី​ប៊ី។

អ្នក​នាំ​ពាក្យ​អង្គការ​សប្បុរ​ធម៌ Mission Lifeline លោក Axel Steier ថ្លែង​ថា ពួកគេ​បាន​ទទួល​អាហារ​ និង​ទឹក​ពី​ប្រទេស​ម៉ា​ល់តា​ ហើយ​បាន​ទទួល​ថ្នាំ​ពេ​ទ្រ​នឹង​ភួយ​ពី​នាវា​ជួយ​សង្គ្រោះ​របស់​អាល្លឺម៉ង់​ចំនួន​ពីរ​គ្រឿង​ផ្សេងទៀត​ ដែល​ឃ្លាំ​មើល​នៅ​ដែន​សមុទ្រ៕ NS