បុរី​ញូវយ៉ក៖ ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​បញ្ជាក់​អំពី​ទឹក​ជំនន់​យ៉ាង​អាក្រក់​បំផុត​ នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី​ ដូច​ជា​ប្រទេស​បង់ក្លាដែស​ សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​កូរ៉េ (DPRK) និង​​ឥណ្ឌា​ ហើយ​ពួក​គេ​បាន​បង្ហាញ​អំពី​សុច្ឆន្ទៈ​​របស់​ខ្លួន ​ដើម្បី​ជួយ​ដល់​ប្រទេស​ទាំង​អស់​នេះ​។​

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ ប្រជាជន​កំពុង​ជួប​ប្រទះ​ទឹក​ជំនន់​រដូវ​វស្សា​យ៉ាង​យូរ​ និង​អាក្រក់​បំផុត​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​។ ​ការិយាល័យ​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ការ​សម្របសម្រួល​កិច្ចការ​មនុស្ស​ធម៌ ​(OCHA) ​បាន​ថ្លែង​ថា ​តំបន់​នៅ​ក្នុង​ប្រទេស ​១ ​ភាគ ​៤ ​ត្រូវ​បាន​ទឹក​ជន់​លិច​គ្មាន​សល់​។​

ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ ​(OCHA) ​បាន​ថ្លែង​ថា ​មនុស្ស​យ៉ាង​តិច ​៥,៤ ​លាន​នាក់​ បាន​រង​ផល​ប៉ះពាល់​ដោយ​មាន​មនុស្ស​ ១១ ០០០ ​គ្រួសារ ​បាន​រត់​ភៀសខ្លួន​ និង​មនុស្ស ​១៣៥ ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​បាត់​បង់​ជីវិត ​ដោយសារ​​ទឹក​ជំនន់​នោះ​។​

ក្រុម​ដៃ​គូ​មនុស្ស​ធម៌​ កំពុង​ធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ​បង់ក្លាដែស​ ដើម្បី​ជួយ​មនុស្ស​ដែល​ភាគ​ច្រើន​បំផុត​ ​ត្រូវ​ការ​ស្បៀង​ជា​ចាំបាច់​ដូច​ជា​ទី​ជម្រក ​ទឹក​ស្អាត ​សម្ភារ​អនាម័យ​ និង​សម្ភារ​ផ្សេងៗ​ទៀត​។​

ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​ OCHA ​បាន​ថ្លែង​ថា ​ផែនការ​ឆ្លើយ​តប​មួយ​ គិត​ជា​ទឹក​ប្រាក់​ចំនួន ​៤០ ​លាន​ដុល្លារ ​ត្រូវ​បាន​បញ្ចេញ​ដើម្បី​ជួយ​ដល់​មនុស្ស​ជាង ​១​ លាន​នាក់​ ដែល​ត្រូវ​ការ​ជា​ចាំបាច់​បំផុត​។​ ទឹក​ប្រាក់​ទាំង​នេះ ​រួមមាន​ជំនួយ​សម្រាប់​ក្មេង​ៗ ​និង​ស្ត្រី​ ដែល​ងាយ​រងគ្រោះ​ថ្នាក់​បំផុត​​នៅ​ក្នុង​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ​ ដែល​បាន​រាប់​បញ្ចូល​ទៅ​​ជាង ​៧០ ​ភាគរយ​ ដែល​ត្រូវ​ជួយ​ដល់​ជន​រងគ្រោះ​ដោយ​​ទឹក​ជំនន់។

OCHA​ បាន​ថ្លែង​ថា នៅ​ក្នុង​ប្រទេស​ឥណ្ឌា ទឹក​ជំនន់​​បន្ត​ធ្វើ​ឲ្យ​ប៉ះពាល់​រដ្ឋ​ជា​ច្រើន​ ដោយ​មនុស្ស ​៧៧០ ​នាក់​បាន​ស្លាប់​នៅ​ទូទាំង​ប្រទេស​៕ Xinhua/SK​