របាយការណ៍មួយរបស់អង្គការសហប្រជាជាតិបានបង្ហាញពីការចោទប្រកាន់ថា រដ្ឋាភិបាលយេម៉ែនបានពីការលាងលុយកខ្វក់ និងអំពើពុករលួយដែលជះឥទ្ធិពលទៅប្រជាជនក្នុងការទទួលបានស្បៀងគ្រប់គ្រាន់។
អង្គការសហប្រជាជាតិ បានចោទប្រកាន់ប្រទេសនេះចំពោះការលាងលុយកខ្វក់ ដោយយកប្រាក់គម្រោងអភិវឌ្ឍន៍ និងការកសាងឡើងវិញរបស់អារ៉ាប៊ី-សាអូ៊ឌីត ដែលបានតម្កល់នៅធនាគារកណ្តាលយេម៉ែនកាលពីឆ្នាំ ២០១៨ ដែលមានទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក។ ការដកលុយ នោះត្រូវបានចោទប្រកាន់ថា យេម៉ែនបានយកលុយគម្រោងទៅទ្រទ្រង់ក្រុមហ៊ូធី (Hou-this) ក្នុងការធ្វើសង្គ្រាម។
គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាមហ៊ូធីជាក្រុមជម្លោះជាមួយអារ៉ាប៊ី សាអូ៊ឌីត។ សង្គ្រាមស៊ីវិលបានចាប់ផ្តើមនៅឆ្នាំ ២០១៤ នៅ ពេលដែលកម្លាំងហ៊ូធីបានកាន់កាប់ទីក្រុងសាណា ប្រទេសយេម៉ែន។ ទន្ទឹមគ្នានេះដែរសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ី សាអូ៊ឌីត បានបើកប្រតិបត្តិការយោធាដោយប្រើការវាយប្រហារតាមផ្លូវអាកាស ដើម្បីស្តារអតីតរដ្ឋាភិបាលយេម៉ែនឡើងវិញ។
ប្រាក់ដែលប្រទេសអារ៉ាប៊ី សាអូ៊ឌីត បានតម្កល់នៅឆ្នាំ ២០១៨ នោះគឺសម្រាប់គម្រោង ផ្តល់មូលនិធិឥណទាន សម្រាប់ទិញទំនិញស្បៀងដើម្បីពង្រឹងសន្តិសុខស្បៀង និងស្ថិរភាពនៅក្នុងស្រុក។
អង្គការសហប្រជាជាតិបានលើកឡើងថា ប្រទេសយេម៉ែន អាចនឹងជួបប្រទះភាពអត់អាហារជាទ្រង់ទ្រាយធំ។ ក្រោយពីមានការស៊ើបអង្កេតមកអង្គការសហប្រជាជាតិបានរកឃើញថា ប្រទេសយេម៉ែន បានរំលោភលើច្បាប់ប្តូរប្រាក់បរទេស។ យេម៉ែនបានរៀបចំទីផ្សារប្តូរប្រាក់បរទេស និងបានដកប្រាក់បញ្ញើរបស់អារ៉ាប៊ី សាអ៊ូឌីត ក្នុងគម្រោងការលាងលុយកខ្វក់ដែលមានពាណិជ្ជករមួយចំនួនទទួលបានប្រាក់ចំនួន ៤២៣ លានដុល្លារអាមេរិក។
របាយការណ៍របស់សហរដ្ឋអាមេរិកបានបង្ហាញថា នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូធី ក្រុមនេះកំពុងប្រមូលពន្ធនិងប្រាក់ចំណូលរដ្ឋផ្សេងទៀតដែលត្រូវការ ដើម្បីបង់ប្រាក់ខែរបស់រដ្ឋាភិបាល និងផ្តល់សេវាកម្មមូលដ្ឋានដល់ប្រជាពលរដ្ឋ។
តាមការប៉ាន់ស្មានក្រុមហ៊ូធី បានបង្វែរលុយយ៉ាងហោចណាស់ ១,៨ ពាន់ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ គឺជាចំណែកដែលត្រូវបាន ប្រើដើម្បីផ្តល់ថវិកាដល់ការធ្វើសង្គ្រាមរបស់ពួកគេ។ មកដល់ពេលនេះរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ូធីមិនទាន់មានការឆ្លើយតបទៅលើការចោទប្រកាន់នេះនៅឡើយទេ។
របាយការណ៍នេះពណ៌នាថា ក្រុមហ៊ូធី និងរដ្ឋាភិបាលយេម៉ែន ហាក់ដូចជាព្រងើយកន្ដើយចំពោះផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការធ្លាក់ចុះសេដ្ឋកិច្ចទៅលើប្រជាជនរបស់ខ្លួនខណៈកំពុងបន្តបង្វែរធនធានសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស។ របាយការណ៍ក៏បានបង្ហាញបន្ថែមថាមានការកើនឡើងនូវភ័ស្តុតាងដែលថាមានបុគ្គល និងអង្គភាពនានានៅក្នុងប្រទេសអុីរ៉ង់ផ្គត់ផ្គង់អាវុធ និងគ្រឿងបន្លាស់ទៅក្រុមហ៊ូធី។
សង្គ្រាមរយៈពេល ៦ ឆ្នាំរវាងសម្ព័ន្ធមិត្តអារ៉ាប់ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់បានក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រទេសនេះ។ សង្គ្រាមនេះបានសម្លាប់មនុស្សជាង ១១២ ០០០ នាក់ ដែលនាំប្រទេសនេះស្ថិតក្នុងសភាពគ្រោះថ្នាក់។
ភាពអត់ឃ្លានបានចាប់ផ្តើមជាមួយនឹងការដណ្តើមកាន់កាប់ភាគខាងជើងប្រទេសយេម៉ែន នៅឆ្នាំ ២០១៤ ជាកន្លែងដែលប្រជាជនយេម៉ែនភាគច្រើនរស់នៅដែលបានជំរុញយុទ្ធនាការអាកាស ដែលបំផ្លិចបំផ្លាញដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ី សាអូ៊ឌីត ក្នុងគោលបំណងស្តាររដ្ឋាភិបាលឡើងវិញ៕