អង្គការ​សហប្រជាជាតិ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា ក្រុមហ៊ុន​យីហោ​ល្បី​ចិន និង​បរទេស​ជា​ច្រើន​អាច​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​ស៊ីនជាំង​ប្រទេស​ចិន។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) បាន​ឱ្យ​ដឹង​ថា៖ «អ្នក​ជំនាញ​មួយ​ចំនួន ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ពួក​គេ​បាន​ទទួល​បណ្ដឹង​ចោទ​ប្រកាន់​ដ៏​ធ្ងន់ធ្ងរ​ស្ដី​អំពី ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​កម្មករ​ជនជាតិ Uygur ដែល​ក្នុង​នោះ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ចិន​ជាង ១៥០ ក្រុមហ៊ុន​មាន​ជាប់​ទាក់ទង​នឹង​ករណី​ទាំង​នេះ​»។

យ៉ាង​ណា​មិញ​ប្រភព​ដដែល​នេះ​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ឱ្យ​បាន​ជាក់លាក់​ឡើយ ប៉ុន្តែ​ក្រុម​ការងារ​បាន​បង្ហើប​ថា ក្រុមហ៊ុន​ទាំង​នេះ​ជា​ប្រភេទ​ក្រុមហ៊ុន​កសិកម្ម កសិ-ពាណិជ្ជកម្ម បច្ចេកវិទ្យា​រថយន្ត និង​វាយនភណ្ឌ​ព្រម​ទាំង​ក្រុមហ៊ុន​សម្លៀក​បំពាក់​ផង​ដែរ។

យោង​តាម​សេចក្តី​ថ្លែងការណ៍ កម្មករ​ជនជាតិ Uygur បាន​អះអាង​ថា បាន​ធ្វើ​ការ​ស្ថិត​ក្រោម​ការ​កេងប្រវ័ញ្ច​ការងារ និង​ការ​រស់នៅ រហូត​ដល់​មាន​ករណី​ឃុំ​ខ្លួន ដោយ​ខុស​ច្បាប់ ការ​ជួញដូរ​មនុស្ស ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ជា​ទាសករ​ជាដើម។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា សមាជិក​ជនជាតិ​ភាគ​តិច Uygur រាប់រយ​រាប់​ពាន់​នាក់ ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ក្នុង «មណ្ឌល​អប់រំ» ខណៈ​មនុស្ស​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​នៅ​ស៊ីនជាំង​អ៊ុយហ្គ័រ ​ឬ​តំបន់​ស្វយ័ត និង​នៅ​ខេត្ត​ចិន​ដទៃ​ទៀត។

សមាជិក​នៃ​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​បាន​សរសេរ​សេចក្ដី​ថ្លែងការណ៍​ទៅ​រដ្ឋាភិបាល​ចិន​ថា អាជីវកម្ម​ធំៗ​ដែល​ជា​ចង្វាក់​ផ្គត់ផ្គង់ រួម​មាន​ទាំង​អង្គភាព​នៅ​ស៊ីនជាំង និង​ប្រទេស​ចំនួន ១៣ ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​នេះ​គួរ​ធានា​ថា ​នៅ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ត្រូវ​តែ​គោរព​សិទ្ធិមនុស្ស​ទាំង​អស់។

លោក CorriZoli នាយក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​គោល​នយោបាយ និង​ច្បាប់​សន្តិសុខ​នៃ​សាកលវិទ្យាល័យ ​Syracuse ក្នុង​រដ្ឋ​ញូវយ៉ក​នៃ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា៖ «របាយការណ៍​នេះ (របាយការណ៍​អង្គការ​សហប្រជាជាតិ) មាន​ភាព​ជាក់​លាក់ ទាំង​ការ​ប្រមូល​ទិន្នន័យ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ចេញ​ពី​ច្រើន​ប្រភព។ អ្វី​ដែល​យើង​កំពុង​មើលឃើញ​នៅ​ក្នុង​បញ្ហា​នេះ ​គឺ​សង្គ្រាម​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ជំនាន់​ទី១ ដែល​មាន​យុទ្ធនាការ​ព័ត៌មាន​ស្មុគស្មាញ​គ្រប​ដណ្ដប់​លើ​បញ្ហា​ទាំងនេះ»។

ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ ធ្វើ​ឡើង​រវាង​ទីក្រុង​ប៉េកាំង និង​បណ្តា​ប្រទេស​លោក​ខាង​លិច​រាប់​បញ្ចូល​ទាំង​សហរដ្ឋអាមេរិក ប្រទេស​កាណាដា អង់គ្លេស ​និង​សហភាព​អឺរ៉ុប ស្តីពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​ដែល​ត្រូវបាន​គេ​ចាត់​ទុក​ថា ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ស៊ីនជាំង។

ដោយ​ឡែក បើ​យោង​តាម​ការ​ស៊ើបអង្កេត​របស់​កាសែត South China Morning Post ស្ដី​អំពី​របៀប​ដែល​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល​បាន​រក​ឃើញ​ថា ចង្វាក់​ផ្គត់ផ្គង់​ដែល​ទទួល​បាន​ពី​តំបន់​ស៊ីនជាំង​នេះ មិនមែន​មាន​ត្រឹមតែ​ផលិតផល​កប្បាស​នោះ​ទេ​តំបន់​នេះ​ក៏​បាន​ផ្គត់ផ្គង់​ប្រភេទ​ក្រណាត់ ​viscose ក៏​ដូចជា​កង្ហារ​យក្ស​ផលិត​ថាមពល​អគ្គិសនី​ដោយ​ខ្យល់​ផង​ដែរ។

ទន្ទឹម​នឹង​នេះ​ដែរ យីហោ​សម្លៀក​បំពាក់​ធំៗ​ដទៃ​ទៀត​រួម​មាន​យីហោ​ប្រទេស​ស៊ុយអែត H&M ក្រុមហ៊ុន Nike ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន Burberry ក៏​បាន​ប្រឈម​មុខ​នឹង​ការ​រិះគន់​ពី​សំណាក់​អតិថិជន​នៅ​ប្រទេស​ចិន ​ផងដែរ ក្រោយ​ក្រុមហ៊ុន​ទាំង​នេះ បាន​លើក​ឡើង​ពី​ក្ដី​ព្រួយ​បារម្ភ​ទាក់ទិន​នឹង​បញ្ហា​នៅ​ស៊ីនជាំង។

តែ​ទោះ​ជា​យ៉ាង​ណាក្ដី ក្រសួង​ការបរទេស​ចិន​បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម Twitter ថា អ្នក​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​អស់​ត្រូវ​បង្ហាញ​ភ័ស្តុតាង​ជា​មុន​សិន ​ហើយ​បន្ត​ថា៖ «តាំង​ពី​ឆ្នាំ ២០១២ គម្រោង​នៅ​តំបន់​ស៊ីនជាំង (Xinjiang) បាន​អនុវត្ត​ការ​ចុះ​សវនកម្ម​ដោយ​ភាគី​ទី ២ ប្រកប​ដោយ​ភាព​ជឿ​ទុក​ចិត្ត និង​មាន​ការ​បញ្ជាក់​ពី​ភាគី​ទី៣ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ និង​មិន​ដែល​រក​ឃើញ​ករណី​ណាមួយ​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​នៃ​ពលកម្ម​ដោយ​បង្ខំ​នោះ​ទេ»៕