ក្រុង​ទ្រី​ប៉ូលីៈ ​ការ​ប៉ះ​ទង្គិច​ប្រកប​ដោយ​ហិង្សា​ បាន​រាលដាល​ដល់​ក្រុង​ទ្រីប៉ូលី​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អង្គារ​​ ដោយ​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​​ ខណៈ​ដែល​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​លីប៊ី ​បាន​ព្រមាន​អំពី ​«​សង្គ្រាម​​បង្ហូរ​ឈាម​​មាន​រយៈពេល​យូរ​»​។​

ការ​បាញ់​ផ្លោង​គ្រាប់​កាំភ្លើង​ធំ​យ៉ាង​សន្ធឹក​សន្ធាប់​ អាច​ឮ​ចេញ​ពី​កណ្តាល​ទីក្រុង​ ខណៈ​ដែល​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​បំផុត​បាន​ធ្វើ​ឡើង ​ចាប់​តាំង​ពី​ថ្ងៃ​ទី ​៦ ​ខែ ​ឧសភា​ នៅ​ពេល​បុណ្យ​រ៉ាម៉ាដន​ដ៏​ពិសិដ្ឋ​របស់​សាសនា​មូស្លីម ​បាន​ចាប់​ផ្តើម​ប្រារព្ធ​ធ្វើ​ឡើង​​។​

រយៈពេល​ជាង​ ៦ ​សប្តាហ៍​ចាប់​តាំង​ពី​លោក​មេ​បញ្ជាការ​ Khalifa Haftar ​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុង​ទ្រីប៉ូលី​ ក្រុម​យុទ្ធជន​ដែល​បាន​គាំទ្រ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ (GNA) ​ទទួល​ស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិ​ បាន​វាយ​សម្រុក​រុល​ទៅ​កាន់​សង្កាត់​ Salaheddin ភាគ​ខាង​ត្បូង​។​

ក្រុម​អ្នក​កាសែត​ AFP ​នៅ​ជួរ​មុខ​បាន​វាយ​តម្លៃ​ថា​ កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ GNA​ បាន​បន្ត​សម្រុក​ទៅ​មុខ​ប្រហែល ​២ ​ទៅ ​៣ ​គីឡូម៉ែត្រ ​នៅ​ក្នុង​សង្កាត់់​លំនៅឋាន​។

អ្នក​នាំពាក្យ​ GNA ​លោក Moustafa al-Mejii​ បាន​ថ្លែង​ថា​ យន្តហោះ​ចម្បាំង​ បាន​វាយ​គាំទ្រ​កង​កម្លាំង​ថ្មើរ​ជើង​ឲ្យ​បង្កើន​ល្បឿន​ទៅ​មុខ​ ដោយ​បើក​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​ប្រឆាំង​កង​កម្លាំង​រថពាសដែក ​និង​អាវុធ​ធុន​ធ្ងន់​នៅ​ក្នុង​បន្ទាយ​ទាហាន​។

លោក​ Haftar ​ដែល​គាំទ្រ​ដោយ​អេហ្ស៊ីប​ និង​អារ៉ាប់រួម​ បាន​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុង​ទ្រីប៉ូលី​៕ AFP/SK