The Phnom Penh Post Search

Search form

អង្គការសហប្រជាជាតិ ​គាំទ្រ​គម្រោង​មិន​រាំង​ខ្ទប់​ជំនួយ​មនុស្ស​ធម៌​ ចំពោះ​កូរ៉េខាងជើង

Content image - Phnom Penh Post
មេដឹកនាំកូរ៉េខាង​ជើងលោក​គីម ជុងអ៊ុន (កណ្តាល​) ពិនិត្យមើលកសិដ្ឋាន​ចិញ្ចឹម​ត្រីនៅក្នុង​ខេត្ត​ Hwanghae។ AFP

អង្គការសហប្រជាជាតិ ​គាំទ្រ​គម្រោង​មិន​រាំង​ខ្ទប់​ជំនួយ​មនុស្ស​ធម៌​ ចំពោះ​កូរ៉េខាងជើង

បុរី​ញ៉ូ​វ​យ៉​កៈ ក្រុមប្រឹក្សា សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ បាន​យល់​ព្រម​លើ​វិធាន​ការ​ដែល​តាក់​តែង​ឡើង ដោយ​អាមេរិក​ដែល​មាន​បំណង​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ទណ្ឌកម្ម​ដ៏​តឹង​រ៊ឹង​លើ​កូរ៉េខាងជើង​ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្គត់​ផ្គង់​នូវ​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​ប្រទេស​ដ៏​ឯកា​មួយ​នេះ។

បើតាម​មន្ត្រី​អង្គការ​សហប្រជាជាតិ ដែល​បានធ្វើការ​រាយការណ៍​កាលពី​ឆ្នាំមុន​អំពី​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ម្ហូប​អាហារ ប្រជាជន​កូរ៉េខាងជើង ១០ លាន​នាក់ មាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ។

សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ បានបញ្ជាក់​យ៉ាងច្បាស់​ថា ទណ្ឌកម្ម​ទាំងអស់​មិនគួរ​ឲ្យ​ប៉ះពាល់​ដល់​ជំនួយ​ខាង​ផ្នែក​មនុស្ស​ធម៌ ប៉ុន្តែ​ខាង​អង្គការ​ផ្ដល់​ជំនួយ​បាន​ថ្លែង​ថា ការ​រឹត​បន្តឹង​ខាង​ផ្នែក​ពាណិជ្ជកម្ម និង​វិស័យ​ធនាគារ បាន​បង្ក​ឲ្យ​មាន​ឧបសគ្គ​រដ្ឋាភិបាល និង​កំពុង​តែ​ពន្យឺត​ចរន្ត​នៃ​ជំនួយ។

អាមេរិក​កាលពី​ខែ​មុន បានដាក់​សំណើ​ថ្មី​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​ផ្ដល់ជំនួយ​មនុស្សធម៌ និង​ភ្នាក់ងារ​អង្គការ​សហ​ប្រជា​ជាតិ អាច​ទទួល​បាន​ការ​លើក​លែង​បាន​ឆាប់​រហ័ស​ពី​គណៈ​កម្មាធិការ​នៃ​ក្រុម​ប្រឹក្សា​ដែល​មើល​ការ​ខុស​ត្រូវ​អំពី​ការ​អនុវត្ត​ទណ្ឌកម្ម។

សំណើ​នោះ ត្រូវបាន​ឯកភាព​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​បានធ្វើ​ការចរចា​អស់​ប៉ុន្មាន​សប្ដាហ៍​នោះ។ អគ្គ​រដ្ឋទូត​រង​អង្គការ​សហ​ប្រជាជាតិ​លោកស្រី Lise Gregoire-van Haaren ដែល​ជា​ជន​ជាតិ​ហូឡង់ និង​ដែល​ប្រទេស​របស់​លោក​ស្រី មាន​តួនាទី​ជា​ប្រធាន​គណៈ​កម្មាធិការ​ទណ្ឌ​កម្ម​បាន​ថ្លែង​ថា​សំណើ​នេះ​នឹង​ផ្ដល់​នូវ​ភាព​ច្បាស់​លាស់​នៅ​លើ​ការ​ចែក​ចាយ​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​ប្រជាជន​កូរ៉េខាងជើង​ដោយ​មិន​ល្មើស​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

Content image - Phnom Penh Post
អគ្គរ​ដ្ឋទូតរ​ង​អ​.ស​.ប.លោកស្រី Lise Gregoirevan Haaren។ AFP

លោកស្រី បាន​ថ្លែងថា៖ «គោលបំណង​ចុងក្រោយ​របស់​យើង គឺ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ ហើយ​ទណ្ឌកម្ម​ពិត​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​គោល​បំណង​នេះ»។

ឯកសារ​របស់​គណៈ​កម្មាធិការ​បាន​ឲ្យ​ដឹងថា កំណត់​ទូត​មួយ ហើយនឹង​ត្រូវ​ផ្ញើ​ទៅកាន់ ប្រទេស​ចំនួន ១៩៣ ដែល​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ដោយ​គណៈ​កម្មាធិការ​នេះ ដើម្បី​ផ្ដល់នូវ​ការ​ពន្យល់​យ៉ាង​ច្បាស់​លាស់​នៃ​នីតិវិធី​សម្រាប់​ការ​លើក​លែង ដែល​នឹង​ជួយ​ជ្រោម​ជ្រែង​ដល់​ការ​ផ្តល់​ជំនួយ​ទៅ​កូរ៉េខាងជើង។ អាមេរិក បាន​ច្រាន​ចោល​ការ​អំពាវនាវ​ឲ្យ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​ពី​សំណាក់​ចិន និង​រុស្ស៊ី៕

អត្ថបទគួរចាប់អារម្មណ៍