កាលពី​ថ្ងៃ​ពុធ​ទី​ ៥ ឧសភា​អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​ការបង្កើត​មជ្ឈមណ្ឌល​នៅ​ប្រទេស​អាល្លឺម៉ង់​ ដើម្បី​ឃ្លាំមើល​ការគំរាមកំហែង​រោគរាតត្បាត​ដែល​អាច​កើតមានឡើង​។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក​ TedrosAdhanomGhebreyesus ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ជំងឺ​រាតត្បាត​កូវីដ​១៩​បាន បង្ហាញ​ពី​ចន្លោះប្រហោង​របស់​ពិភពលោក​ក្នុង​ទប់ស្កាត់​រោគរាតត្បាត​ និង​ការឆ្លង​រាលដាល​»​។

លោក​បាន​បន្ត​និយាយថា អាចមាន​វីរុស​ជាច្រើន​ទៀត​ដែល​នឹង​ផ្ទុះ​ឡើងជា​ជំងឺ​រាតត្បាត​។ ​វីរុស​ឆ្លង​លឿន​ប៉ុន្តែ​ទិន្នន័យ​អាចមាន​ល្បឿន​លឿន​ជាង​នេះ​។ ​ប្រទេស​ និង​សហគមន៍​អាចឈាន​មួយ​ជំហាន​ទៅមុខ​នៃ​ហានិភ័យ​ដែល​អាច​កើតមានឡើង​ និង​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ជាមួយ នឹង​ព័ត៌មាន​ត្រឹមត្រូវ​។

មជ្ឈមណ្ឌល​សុខភាព​ពិភពលោក​សម្រាប់​រោគរាតត្បាត​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ទីក្រុង​ប៊ែរឡាំង​ក្នុង​ខែកញ្ញា​។ ​មជ្ឈមណ្ឌល​នេះ​នឹង​ធ្វើការ​វិភាគ​ទិន្នន័យ​យ៉ាង​ឆាប់រហ័ស​ ដើម្បី​ធ្វើការ​ព្យាករ​បង្ការ​ការពារ​រៀបចំ​ និង​ឆ្លើយតប​ចំពោះ​ហានិភ័យ​នានា​នៅ​ទូទាំង​ពិភពលោក​៕