កាល​ពី​ថ្ងៃ​ចន្ទ ទី ១៥ មីនា អង្គការ​សុខភាព​ពិភព​លោក​បាន​អំពាវនាវ​ទៅ​បណ្តា​ប្រទេស​នានា​ឱ្យ​បន្ត​យុទ្ធនាការ​ចែកចាយ​វ៉ាក់សាំង ​ក្រោយ​ពី​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ផ្អាក​ការ​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca។

អ្នក​នាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក​លោក Christian Lindmeier បាន​និយាយ​ថា៖ «រហូត​មក​ដល់​ពេល​នេះ​មិនមាន​ភ័ស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា ករណី​កកឈាម ​គឺ​បណ្តាល​មក​ពី​វ៉ាក់សាំង​នោះ​ទេ ហើយ​វា​សំខាន់​ណាស់​ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​តែ​បន្ត ដូច្នេះ​យើង​អាច​ជួយ​សង្គ្រោះ​អាយុ​ជីវិត»។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​សិង្ហបុរី Channel News Asia។

ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃទី ១០ ខែ​មីនា មាន​ករណី​ឈាម​កក​សរុប​ចំនួន ៣០ ករណី ​ក្នុង​ចំណោម​ប្រជាជន​ជិត ៥ លាន​នាក់ ​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca នៅ​តំបន់​សេដ្ឋកិច្ច​អឺរ៉ុប៕