អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​ទទូច​ដល់​ប្រទេស​អភិវឌ្ឍន៍​ពិចារណា​ឡើង​វិញ ​នូវ​ផែនការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ដោយ​ងាក​មក​​បរិច្ចាគ​ដូស​ទាំង​នោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​វិញ ខណៈ​ជំងឺរាត​ត្បាត​ឆ្នាំ​នេះ ហាក់​មាន​លក្ខណៈ​កាច​សាហាវ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។

អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក​ លោក ​TedrosAdhanom Ghebreyesus បាន​សម្តែង​ការ​ខឹង​សម្បា​នៅ​ពេល​ដែល​ប្រទេស​អភិវឌ្ឍន៍​មាន​មួយ​ចំនួន​កំពុង​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ និង​ក្មេង​ជំទង់​ ខណៈ​ពេល​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​មិន​ទាន់​បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ និង​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ​នៅ​ឡើយ។

លោក​បាន​ឱ្យ​ដឹង​ថា ជំនួស​ឱ្យ​ការ​ផ្តល់​ថ្នាំ​ដល់​ប្រជាជន​វ័យ​ក្មេង​ និង​មាន​សុខភាព​ល្អ​ ប្រទេស​ទាំង​នោះ​​​គួរ​តែ​​ផ្តល់​វ៉ាក់សាំង​របស់​ខ្លួន​​ដល់​គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល Covax ដើម្បី​​ធានា​ឱ្យ​បាន​ថា​ ប្រទេស​ដែល​កំពុង​ត្រូវ​ការ​វ៉ាក់សាំង​បំផុត​ទទួល​បាន​វ៉ាក់សាំង​ ដើម្បី​ចែកចាយ​ប្រជាជន​ខ្លួន។

អង្គការ WHO សង្ឃឹម​ថា​ ប្រទេស​ជា​ច្រើន​នឹង​យក​គំរូ​តាម​ប្រទេស​បារាំង​ និង​ស៊ុយអែត​ក្នុង​ការ​បរិច្ចាគ​វ៉ាក់សាំង​ដល់​គម្រោង​ Covax ក្រោយ​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រជាជន​អាទិភាព​របស់​ខ្លួន​រួច​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​កាណាដា​ និង​សហរដ្ឋអាមេរិក​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ផ្តល់​សិទ្ធិ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ និង​ក្រុម​​វ័យ​ជំទង់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

បើ​យោង​តាម​ទិន្នន័យ​ពី​​​ទីភ្នាក់ងារ​សារព័ត៌មាន​នៃ​ប្រទេស​បារាំង (AFP) ​​វ៉ាក់សាំង​កូវីដ ១៩ ​ជិត ១,៤ ពាន់​លាន​ដូស​ ​ត្រូវ​បាន​ចែកចាយ​ទៅ​ប្រទេស​ចំនួន ​២១០ ​ជុំវិញ​ពិភព​លោក​ ដោយ​ ៤៤% នៃ​ចំនួន​វ៉ាក់សាំង​សរុប​ត្រូវ​បាន​ចែកចាយ​ដល់​ប្រទេស​មាន​ចំណូល​ខ្ពស់​ (ស្មើ​នឹង ១៦% នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភព​លោក)​។

ដោយ​ឡែក​វ៉ាក់សាំង​ប្រមាណ​​​តែ ​០,៣% ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ចែកចាយ​ទៅ​ប្រទេស​ដែល​​មាន​ប្រាក់​ចំណូល​ទាប​បំផុត​ (២៩ ប្រទេស​) ឬ ស្មើ​នឹង​ចំនួន​ប្រជាជន ​៩%​ នៃ​ប្រជាជន​​សរុប​លើ​ពិភព​លោក៕