អង្គការ ​Amnesty International បាន​រក​ឃើញ​ថា ក្រុម​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Ocean Lotus បាន​លួច​ចូល​ប្រព័ន្ធ​ទិន្នន័យ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​វៀតណាម។ សកម្មជន​សិទ្ធិ​មនុស្ស​វៀតណាម​បាន​លើក​ឡើង​ពី​បញ្ហា​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​វៀតណាម ​ដែល​គ្រប់គ្រង​ដោយ​របប​កុម្មុយនីស្ត។

ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​កាល​ពី​ថ្ងៃទី ២៤ កុម្ភៈ​ថា សន្តិសុខ​របស់​អង្គការ Amnesty International បាន​រក​ឃើញ​ភ័ស្តុតាង​នៃ​ការ​ប៉ុនប៉ង​លួច​ចូល​មើល​អ៊ីមែល​ដែល​ផ្ញើ​ទៅ​អ្នក​ប្រឆាំង ២ នាក់។ អ្នក​ទាំង ២ ដែល​ត្រូវ​បាន​គេ​លួច​តាមដាន​មាន​ម្នាក់​នៅ​ហ្វីលីពីន ​និង​ម្នាក់​ទៀត​នៅ​ប្រទេស​អាល្លឺម៉ង់។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​មករា សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ពី​ការ​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​អ្នក​ប្រឆាំង និង​ការ​កើន​ឡើង​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​វៀតណាម៕